ភ្នំពេញ៖ សហរដ្ឋអាមេរិកមានបំណងធ្វើការងារជាមួយកម្ពុជាឱ្យបានស្និទស្នាលនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០២១។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
តាមរយៈជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខន និងទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិកគឺលោក ឌែរ៉ិច ឆឡិត(Derek Chollet)នៅទីស្តីការក្រសួងការបរទេសនៅកម្ពុជាកាលពីថ្ងៃទី១១ខែធ្នូ លោក Derek Chollet ដាក់ការរំពឹងថា សហរដ្ឋអាមេរិកនឹងបានធ្វើការយ៉ាងសិ្នទស្នាលជាមួយកម្ពុជា ដើម្បីឈានទៅដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេសក្នុងតំបន់អាស៊ាន ពិសេសគឺវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា នៅពេលកម្ពុជាបានទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ខាងមុខនេះ។
ឆ្លើយតាមចេតនានេះ លោក ប្រាក់ សុខន តាមរយៈសេចក្តីប្រកាសព័ត៌មានបានស្វាគមន៍ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ។ ជាងនេះកម្ពុជា ក៏គាំទ្រចំពោះឯកសារសមិទ្ធផលនានា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការលើកកម្ពស់ទំនាក់ទំនងដៃគូខាងក្រៅអាស៊ានផងដែរ។ បន្ថែមលើសពីនេះ លោក ប្រាក់ សុខន ស្វាគមន៍ចំពោះការបេ្តជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការថែរក្សាឱ្យបានមជ្ឈភាពអាស៊ាន សុខសន្តិភាព និងវិបុលភាពក្នុងតំបន់។
រដ្ឋមន្រ្តីការបរទេសកម្ពុជាបន្ថែមទៀតថា ក្នុងនាមកម្ពុជាក្លាយជាប្រធានអាស៊ានខាងមុខនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតួនាទីនានាជាអាទិភាព ក្នុងនោះមានសរសរស្តម្ភសហគមន៍ទាំងបីរបស់អាស៊ាន។ លោក ប្រាក់ សុខន សង្កត់ធ្ងន់ទៀតថា ការដោះស្រាយបញ្ហាប្រឈមអាស៊ានរួមគ្នាគឺជាអ្វីដែលអាស៊ានត្រូវដោះស្រាយបញ្ហាប្រឈមទាំងអស់នោះរួមគ្នា។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ លោក ឌែរ៉ិច ឆឡិត(Derek Chollet)អះអាងជាថ្មីថា ដោយសារអាស៊ានជាចំណុចស្នូលសម្រាប់គោលនយោបាយការបរទេសរបស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូច្នេះអារិករំពឹងដល់ការធ្វើការបានយ៉ាងល្អជាមួយកម្ពុជា។ ជាងនេះ លោក ឌែរ៉ិច ឆឡិត រំពឹងថានៅពេលអាមេរិកធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលខាងមុខ ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហា និងរបៀបវារៈជាច្រើន រួមមានទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក និងការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតជាដើម។
ជាការកត់សម្គាល់ ចេតនារបស់សហរដ្ឋអាមេរិកដែលកើតមានក្នុងដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាក្រសួងការបរទេសអាមេរិកមករាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១នេះ គាប់ជួនចំពេលមានភាពតានតឹងនៃទំនាក់ទំនងរវាងទីក្រុងភ្នំពេញ-វ៉ាស៊ីនតោនក៏បានកើតឡើង។
ភាពតានតឹងគឺកើតឡើងនៅពេលសហរដ្ឋអាមេរិកបានសម្រេចដាក់បម្រាមលក់សព្វាវុធដល់ប្រទេសកម្ពុជា ក្រោមហេតុផលដែលកម្ពុជាបណ្តោយឱ្យកើតមាន«ការរំលោភសិទ្ធិមនុស្ស អំពើពុករលួយដោយតួអង្គនានាក្នុងរដ្ឋាភិបាល និងឥទ្ធិពលយោធាចិននៅកម្ពុជា»។
ជាការឆ្លើយតបត្រឡប់ទៅវិញ នាយករដ្ឋមន្រ្តីកាលពីថ្ងៃសុក្រទី១០ ខែធ្នូ ឆ្នាំ២០២១បានបញ្ជាទៅអង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យត្រួតពិនិត្យឡើងវិញជាបន្ទាន់នូវអាវុធនិងសម្ភារយោធាដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធនិងសម្ភារយោធាអាមេរិកទាំងអស់ទៅរក្សាទុកក្នុងឃ្លាំងឬយកទៅកម្ទេចចោល ប្រសិនបើមាន។
ក្នុងសំណេររបស់សម្តេច ហ៊ុន សែន លើទំព័រហ្វេសប៊ុកសម្តេចកត់ចំណាំថា បម្រាមរបស់អាមេរិកមិនលក់អាវុធនេះ បានឆ្លុះបញ្ចាំងពីការសម្រេចចិត្តត្រឹមត្រូវរបស់កម្ពុជាដែលមិនប្រើប្រព័ន្ធអាវុធអាមេរិកកាលពីឆ្នាំ១៩៩៤ ព្រោះអ្នកប្រើប្រព័ន្ធអាវុធអាមេរិកច្រើនចាញ់សង្គ្រាម តួយ៉ាងដូចជាក្នុងរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ និងអ្នកប្រើអាវុធនៅអាហ្វហ្វានីស្ថានជាដើម៕