ក្រុមអ្នកតវ៉ាក្នុងប្រទេសមីយ៉ាន់ម៉ា បានបិទអាជីវកម្មរបស់ខ្លួន និងស្ថិតនៅឆ្ងាយពីផ្លូវនានាកាលពីថ្ងៃសុក្រ ដើម្បីធ្វើ«កូដកម្មស្ងៀមស្ងាត់»ប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។
ក្រុមអ្នកតវ៉ាក្នុងប្រទេសមីយ៉ាន់ម៉ា បានបិទអាជីវកម្មរបស់ខ្លួន និងស្ថិតនៅឆ្ងាយពីផ្លូវនានាកាលពីថ្ងៃសុក្រ ដើម្បីធ្វើ«កូដកម្មស្ងៀមស្ងាត់»ប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។
ទង្វើរបស់ពួកគេក៏ជាការតវ៉ាចំពោះការទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៃប្រទេសនេះក្នុងរដ្ឋប្រហារខែកុម្ភៈ ដោយពួកយោធាដែរ។
រូបថតនានា បង្ហាញដោយប្រព័ន្ធផ្សព្វផ្សាយមីយ៉ានម៉ា បានចង្អុលឱ្យឃើញផ្លូវ និងផ្សារ តាមទីប្រជុំជននានានៅទូទាំងប្រទេស ដែលគ្មានមនុស្សដើរ។
ទន្ទឹមនឹងនេះ ក្រុមអ្នកតវ៉ានៅទីក្រុង ស្វេបូ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បានស្លៀកពាក់ពណ៌ខ្មៅ និងដើរដង្ហែក្នុងភាពស្ងៀមស្ងាត់។
មេដឹកនាំអ្នកតវ៉ា លោកស្រី ឃីន សាន់ដា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតាមសម្រង់ផ្ទាល់ថា៖ «យើងត្រូវការផ្ញើសារអំពីការរំលោភសិទ្ធិមនុស្សដ៏អាក្រក់របស់ប្រទេសមីយ៉ាន់ម៉ា ទៅកាន់ពិភពលោក»។
លោកស្រីបាននិយាយតាមសម្ដីផ្ទាល់ទៀតថា៖ «ភាពស្ងៀមស្ងាត់គឺជាការស្រែកដ៏ឮបំផុត។ យើងចង់បានសិទ្ធិរបស់យើងមកវិញ។ យើងចង់បានបដិវត្តន៍។ យើងសម្តែងភាពសោកសៅ ចំពោះវីរៈបុរសរបស់យើង ដែលបានដួលរលំទៅ»។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្តិ នៅពេលដែលយោធាបានផ្ដួលរំលំលោកស្រីមេដឹកនាំ អោង សាន ស៊ូ ជី និងរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ។
រដ្ឋប្រហារនោះបានបង្កការតវ៉ាជារៀងរាល់ថ្ងៃនៅក្នុងទីក្រុង និងទីប្រជុំជននានា ព្រមទាំងបានបណ្ដាលឱ្យមានការប្រយុទ្ធគ្នារវាងយោធានិងក្រុមបះបោរជនជាតិភាគតិច នៅតាមតំបន់ព្រំដែន។
លោកស្រី ស៊ូ ជី អាយុ៧៦ឆ្នាំ និងជាម្ចាស់ពានរង្វាន់ណូបែល កំពុងប្រឈមមុខនឹងការចោទប្រកាន់ផ្សេងៗ។
កាលពីថ្ងៃច័ន្ទ លោកស្រីត្រូវបានកាត់ទោសជាលើកដំបូង ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទញុះញង់និងបទបំពានវិធានការបង្ការមេរោគកូរ៉ូណា។
ការកាត់ទោសនោះបានទាក់ទាញការថ្កោលទោសជាអន្តរជាតិ ទៅលើអ្វីដែលអ្នករិះគន់បានពិពណ៌នាថាជា«ការកាត់ក្តីក្លែងបន្លំ»។
ក្រោយមក មេដឹកនាំរបបយោធាបានបន្ធូរបន្ថយទោសរបស់លោកស្រី ឱ្យមកនៅត្រឹម២ឆ្នាំវិញ ដោយឈរលើ«ហេតុផលមនុស្សជាតិ»។ ប៉ុន្តែការចោទប្រកាន់ផ្សេងៗទៀត ដែលលោកស្រីនៅតែប្រឈមមុខ អាចនឹងធ្វើឲ្យលោកស្រីជាប់ពន្ធនាគារជាច្រើនឆ្នាំ។
លោក មីន ខាន់ ខ្យ លីន សកម្មជននិស្សិតនៅក្នុងអង្គការកិច្ចសហការកូដកម្មទូទៅ បាននិយាយថា ការចូលរួមនៅក្នុង«កូដកម្មស្ងៀមស្ងាត់»បានរីករាលដាលខ្លាំង។
លោកបានថ្លែងតាមសម្ដីផ្ទាល់ថា៖ «អ្នកអាចមើលឃើញថាតើប្រជាជនស្អប់របបយោធាប៉ុណ្ណា»៕
—
យោង៖ https://www.reuters.com/world/asia-pacific/myanmar-anti-coup-activists-protest-against-junta-with-silent-strike-2021-12-10/