en     km
en     km

ស្ថាប័នរដ្ឋនិងអង្គការសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្សខួបលើកទី ៧៣ ក្រោមរូបភាពផ្សេងៗគ្នា

Share

ភ្នំពេញ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ជាខួបលើកទី ៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយនៅកម្ពុជាគេសង្កេតឃើញថា ស្ថាប័នរដ្ឋាភិបាល និងបណ្តាអង្គការសង្គមស៊ីវិលបានចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នេះ ក្រោមរូបភាពផ្សេងៗគ្នា ក្នុងនោះមានទាំងការជួបជុំគ្នាផ្ទាល់ផង និងដោយប្រយោលផង។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ថ្ងៃទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០២១នេះ ត្រូវបានស្ថាប័ននានាចូលរួមអបអរសាទរក្នុងរូបភាពផ្សេងៗគ្នា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចដកថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិនេះចេញពី«ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ»ហើយក្តី។

បើទោះបីជារដ្ឋាភិបាលសម្រេចដកថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិចេញពីប្រតិទិននៃ«ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ»ក្តី ប៉ុន្តែរដ្ឋាភិបាលនៅតែចូលរួមរំលឹកនឹងអបអរសាទរទិវានេះដោយប្រយោលដែរ។ ប្រារព្ធដោយប្រយោលព្រោះដើម្បីការពារទប់ស្តាត់ការចម្លងជំងឺកូវីដ-១៩។ ជំនួយដោយការប្រារព្ធផ្ទាល់ ស្ថាប័នរដ្ឋាភិបាលបានចូលរួមផ្សព្វផ្សាយរំលឹកទិវាសិទ្ធិមនុស្សនេះលើប្រព័ន្ធផ្សព្វផ្សាយនិងបណ្តេញសង្គមផងដែរ។

ផ្តើមចេញពីប្រមុខរដ្ឋាភិបាល គឺសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅថ្ងៃនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុកដោយអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»នេះ។

នាយករដ្ឋមន្រ្តីបានរំលឹកនិងប្រៀបធៀបសិទ្ធិសេរីភាពក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងពេលបច្ចុប្បន្ន ដោយសម្តេចលើកឡើងថា ប្រជាជនរស់នៅក្នុងរបបអាវខ្មៅ គ្មានស្គាល់ឡើយអ្វីជាសិទ្ធិពោលសិទ្ធិទាំងអស់ត្រូវបានបំបិទទាំងស្រុងតែម្តង។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ បើតាមនាយករដ្ឋមន្ត្រី សិទ្ធិរបស់ប្រជាពលរដ្ឋគឺទទួលបានពេញលេញតែម្តង ហើយសិទ្ធិសេរីភាពនេះហើយធ្វើឱ្យកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃ។

ដោយឡែកស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល​ គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលមានលោក កែវ រ៉េមី ជាប្រធានស្ថាប័ននេះ លោកបានចេញសារជាវីដេអូមួយអបអរសាទរទិវាសិទ្ធិមនុស្ស១០ធ្នូនេះផងដែរ។ សារជាវីដេអូរយៈពេលជាង ៨នាទី លោក កែវ រ៉េមី មិនបានសង្កត់ធ្ងន់ពីបញ្ហាគោរពសិទ្ធិមនុស្សនៅកម្ពុជាមានការធ្លាក់ចុះ ឬល្អប្រសើរឡើងនោះទេ តែលោកបានឡើងពីបរិយាកាសអំណោយទានរបស់កម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស។ ហើយលោក កែវ រ៉េមី ចាត់ទុកកម្ពុជាប្រៀបដូចឋានសួរសម្រាប់អង្គការសង្គមស៊ីវិលផងដែរ។

លោក កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

 

ប្រសាសន៍លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

 

ដោយឡែកក្នុងថ្ងៃនេះដែរ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានប្រារព្ធអបអរសាទរទិវាសិទ្ធិមនុស្ស១០ធ្នូនេះ នៅទីលានប្រធិបតេយ្យក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន។

ក្រុមអង្គការសង្គមស៊ីវិលដែលប្រារព្ធទិវានេះនៅទីលានប្រជាធិបតេយ្យ បានរៀបចំឱ្យសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសង្គម និងសកម្មជននយោបាយឡើងថ្លែងចំណាប់អារម្មណ៍និងទិដ្ឋិភាពជារួមនៃការគោរពសិទ្ធិមនុស្សរបស់រដ្ឋាភិបាលដែលបានអនុវត្តមកលើសកម្មជនទាំងអស់។

សកម្មជនដែលបានឡើងថ្លែងលើវេទិកាបានលើកឡើងថា ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ពិសេសគឺការចាប់ខ្លួនសកម្មជននានាដែលគ្រាន់តែលើកឡើងពីបញ្ហាជាតិ ការកាប់បំផ្លាញព្រៃឈើ ការលុបបឹងធម្មជាតិ និងការតស៊ូមតិរឿងសិទ្ធិសេរីភាពបញ្ចេញមតិជាដើម។ សកម្មជនបានអំពាវនាវដល់រដ្ឋាភិបាលត្រូវបើកឱ្យមានលំហសិទ្ធិសេរីភាពឡើងវិញ បញ្ឈប់ការធ្វើទុក្ខបុកម្នេញសកម្មជននានា ទម្លាក់ចោលបទចោទប្រកាន់មកលើសកម្មជនទាំងអស់ និងដោះលែងសកម្មជននយោបាយបក្សប្រឆាំងដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។

ពលរដ្ឋបានចូលរួមវាទិកានៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។

 

ក្នុងថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ នេះដែរ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនក៏បានចូលរួមប្រារព្ធទិវានេះផងដែរ ជាក់ស្តែងប្រជាពលរដ្ឋខេត្តស្វាយរៀងប្រមាណចំនួន២៥០នាក់ និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំប្រមាណជាង១០០នាក់ បានជួបជុំគ្នាអបអរសាទរទិវានេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជានៅថ្ងៃនេះ។ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងទិវានេះ បើតាមសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាគឺក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ សង្គមស៊ីវិល និងប្រជាសហគមន៍ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងយុត្តិធម៍សង្គម។មួយវិញទៀត ក៏ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្ស ដែលផលប៉ះពាល់ជីវភាពរស់នៅ ហើយរួមគ្នាជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងដោះស្រាយ៕

 

 

Share

ព័ត៌មានទាក់ទង

Image