en     km
en     km

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសាងសង់បាន២៧ភាគរយ

Share

ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រេចបាន ២៧ ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅឆ្នាំ ២០២៣។ គម្រោងវិនិយោគនេះប្រព្រឹត្តទៅទាំងនៅមានវិវាទដីធ្លីជាមួយអ្នកភូមិ។

ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រេចបាន២៧ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅឆ្នាំ២០២៣។

នេះបើយោងតាមរបាយការណ៍របស់ឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន អូស៊ីអាយស៊ី អំឡុងដំណើរចុះត្រួតពិនិត្យការដ្ឋានដោយនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន ជាលើកទី២ នាព្រឹកថ្ងៃព្រហស្បតិ៍។

សម្ដេច ហ៊ុន សែន បានថ្លែងពន្យល់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីគឺដោយសារមានការព្យាករថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ តាមបណ្ដាយផ្លូវជាតិលេខ៤មិនអាចទ្រទ្រង់កំណើនចរាចរណ៍ផ្លូវអាកាសនាពេលអនាគតបាន។

សម្ដេចបន្តថា ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ មានសមត្ថភាពទទួលជើងហោះហើរនៃប្រភេទយន្តហោះដឹកអ្នកដំណើរធុនធំៗបាន។

ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន បានប្រសិទ្ធនាមឱ្យវាលយន្តហោះថ្មីនេះថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ដែលសម្ដេចថ្លែងសំដៅដល់«តេជោ»ផ្សេងៗទៀតដែរ មិនមែនសំដៅតែគោរមងាររបស់សម្ដេចប៉ុណ្ណោះទេ។

គួរកត់សម្គាល់ថា ការអភិវឌ្ឍព្រលានយន្តហោះថ្មី លើទឹកដីខេត្តកណ្ដាល និងលើផ្នែកខ្លះនៃទឹកដីខេត្តតាកែវ មិនមែនប្រព្រឹត្តទៅដោយគ្មានការតវ៉ាពីសំណាក់ប្រជាជនរាប់រយគ្រួសារ ដែលបានប្រកបរបរស្រែចម្ការនៅទីនោះ មុនពេលមានគម្រោងថ្មីនេះទេ។

ទំនាស់ដីធ្លីគឺជាមូលហេតុនៃការតវ៉ាដ៏រ៉ាំរ៉ៃរបស់អ្នកភូមិជាង៣រយគ្រួសារ ដែលមានដីស្រែប៉ះពាល់ដោយគម្រោងតម្លៃប្រហែល១ពាន់៥រយលានដុល្លារ លើផ្ទៃដីទំហំ២ពាន់៦រយហិកតានេះ។

ប្រជាពលរដ្ឋបានទាមទារឱ្យអ្នកអភិវឌ្ឍដោះស្រាយសំណងតាមតម្លៃទីផ្សារ។ កាលពីខែកញ្ញា អ្នកភូមិបានអះអាងថា ដីធ្លីនៅទីតាំងនោះមានតម្លៃប្រមាណជា៧០ដុល្លារក្នុង១ម៉ែត្រការ៉េ ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះបានកំណត់ឱ្យតម្លៃតែ៨ដុល្លារក្នុង១ម៉ែត្រការ៉េប៉ុណ្ណោះ។

ការតវ៉ារបស់អ្នកភូមិបានអូសបន្លាយអស់រយៈពេល៣ឆ្នាំ រហូតដល់មានការប៉ះទង្គិចគ្នាដោយហិង្សា រវាងអ្នកតវ៉ា និងកងកម្លាំងប្រដាប់អាវុធច្រើនរយនាក់ ដែលឈរជើងការពារទីតាំងអភិវឌ្ឍអាកាសយានដ្ឋានថ្មីនេះ។ អ្នកភូមិ៣០នាក់ត្រូវបានឃាត់ខ្លួននៅក្នុងការប៉ះទង្គិចថ្ងៃទី១២ ខែកញ្ញានោះ។ បច្ចុប្បន្ន ទំនាស់មិនទាន់ត្រូវបានដោះស្រាយចប់ដោយសន្តិវិធី និងការព្រមព្រាងដោយសុទ្ធចិត្តនៅឡើយទេ៕

Share

ព័ត៌មានទាក់ទង

Image