en     km
en     km

លោក ស្កុលស៍ ជំនួសលោកស្រី មែរគែល ជាអធិការបតីអាល្លឺម៉ង់

Share

មេដឹកនាំគណបក្សឆ្វេងនិយម លោក អូឡាហ្វ ស្កុលស៍ កាលពីថ្ងៃពុធ បានក្លាយជាអធិការបតីទី៩ របស់អាល្លឺម៉ង់ គិតចាប់ពីសម័យក្រោយសង្គ្រាមលោកលើកទី២។

លោក ស្កុលស៍ ផ្ដើមបើកសករាជថ្មីសម្រាប់ប្រទេសអាល្លឺម៉ង់ដែលមានប្រជាជនច្រើនបំផុត និងសេដ្ឋកិច្ចធំបំផុតក្នុងសហភាពអឺរ៉ុប បន្ទាប់ពីការកាន់តំណែងរយៈពេល១៦ឆ្នាំរបស់លោកស្រី អែនជើឡា មែរគែល។

រដ្ឋាភិបាលរបស់លោក ស្កុលស៍ ចូលកាន់តំណែង ដោយមានក្តីសង្ឃឹមខ្ពស់ ក្នុងការធ្វើទំនើបកម្មប្រទេសអាល្លឺម៉ង់ និងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលថ្មីក៏អាចត្រូវប្រឈមមុខនឹងបញ្ហាបន្ទាន់ៗ ក្នុងការចាត់ចែងដំណាក់កាលដ៏លំបាកបំផុតរបស់ប្រទេសអាល្លឺម៉ង់ ទាក់ទងនឹងមេរោគឆ្លងរាតត្បាតកូរ៉ូណា។

លោក ស្កុលស៍ អាយុ៦៣ឆ្នាំ ដែលធ្លាប់ធ្វើជាអធិការបតីរង និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់តាំងពីឆ្នាំ២០១៨ នាំមកនូវបទពិសោធន៍និងចំណេះដឹងដ៏សម្បូរបែប សម្រាប់សម្ព័ន្ធភាពឆ្វេងនិយម ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំ។

សម្ព័ន្ធភាពឆ្វេងនិយមនេះរួមមានបីគណបក្ស គឺគណបក្សប្រជាធិបតេយ្យសង្គមនិយម គណបក្សហ្គ្រីនរបស់អ្នកនិយមបរិស្ថាន និងគណបក្សប្រជាធិបតេយ្យសេរី ដែលនិយមពាណិជ្ជកម្ម។

គណបក្សទាំង ៣ នេះ កំពុងបង្ហាញឱ្យឃើញថា ការរួមបញ្ចូលគ្នានៃអតីតគូប្រជែងគឺជាសម្ព័ន្ធភាពជឿនលឿនមួយ ដែលនឹងនាំមកនូវថាមពលថ្មីដល់ប្រទេសអាល្លឺម៉ង់ នៅក្រោយសម័យកាលរបស់លោកស្រី មែរគែល។

លោកស្រី មែរគែល ដែលលែងជាសមាជិកាសភាហើយនោះ បានមើលសមាជិកសភាអាល្លឺម៉ង់បោះឆ្នោតជ្រើសតាំងលោក ស្កុលស៍ ឱ្យធ្វើជាអធិការបតី ដោយសំឡេង៣៩៥ទល់នឹង៣០៣ ខណៈដែលមាន៦សំឡេងអនុប្បវាទ។

នេះជាការគាំទ្រភាគច្រើនគ្រប់គ្រាន់ ទោះបីជាវាតិចជាងចំនួន៤១៦អាសនៈរបស់សម្ព័ន្ធភាពត្រីភាគីនេះនៅសភាជាន់ទាបដែលមានទាំងអស់៧៣៦អាសនៈក៏ដោយ៕

Share

Image
Image
Image