ភាគីពីរដែលប្រឆាំងគ្នារបស់ប្រទេសមីយ៉ាន់ម៉ា សុទ្ធតែបានស្នើឱ្យជប៉ុនជួយ ដោយម្ខាងសុំឱ្យជប៉ុនទទួលស្គាល់ខ្លួន ឯម្ខាងទៀតសុំឱ្យជប៉ុនវិលទៅរកស៊ីនិងបន្តផ្តល់ជំនួយអភិវឌ្ឍន៍វិញ នៅពេលដែលមីយ៉ាន់ម៉ាពុំទាន់មានស្ថិរភាពនៅឡើយ បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ។
រដ្ឋាភិបាលឯកភាពជាតិនៃប្រទេសមីយ៉ាន់ម៉ា ដែលជាភាគីមួយបង្កើតឡើងក្រោយរដ្ឋប្រហារខែកុម្ភៈដើម្បីតំណាងឱ្យចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបយោធា បានផ្ញើលិខិតកាលពីខែមុនសុំឱ្យប្រទេសជប៉ុនទទួលស្គាល់ខ្លួនជារដ្ឋាភិបាលស្របច្បាប់។ ប្រភពដែលស្និទ្ធនឹងរឿងនេះបានប្រាប់ដូច្នេះកាលពីថ្ងៃអង្គារ។
ក្នុងលិខិតដែលផ្ញើទៅកាន់នាយករដ្ឋមន្ត្រី ហ្វ៊ូមីអូ គីស្ស៊ីដា និងរដ្ឋមន្ត្រីការបរទេស រដ្ឋាភិបាលស្រមោលនោះក៏បាននិយាយដែរថា ខ្លួនគ្រោងបង្កើតឱ្យមានការិយាល័យតំណាងនៅក្នុងប្រទេសជប៉ុន ដើម្បីតតាំងនឹងស្ថានទូតមីយ៉ាន់ម៉ានៅទីក្រុងតូក្យូ ដែលស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាលយោធា។
រដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ាបានបើកការិយាល័យតំណាងនៅក្នុងប្រទេសផ្សេងៗទៀត រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងកូរ៉េខាងត្បូងផង។
នៅពេលដែលមិនទទួលស្គាល់របបយោធាថាជាអ្នកដឹកនាំរដ្ឋាភិបាលស្របច្បាប់របស់មីយ៉ាន់ម៉ា ប្រទេសជប៉ុនបានរក្សាជំហរមិនចូលរួមដាក់ទណ្ឌកម្មលើរដ្ឋាភិបាលយោធាដូចបណ្តាបស្ចឹមប្រទេសនោះទេ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃ«ទំនាក់ទំនងឯករាជ្យ»រវាងរបបយោធា និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ា ក្នុងចំណោមបញ្ហាដទៃៗទៀត។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសជប៉ុនបាននិយាយថា រដ្ឋាភិបាលឯកភាពជាតិក៏ទំនងជាមិនត្រូវបានទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់ដែរ។ ក្រសួងមិនព្រមធ្វើអត្ថាធិប្បាយទេថា តើខ្លួនបានទទួលលិខិតនោះឬអត់។
យោងតាមប្រភពអនាមិក លិខិតនោះបានអបអរសាទលោក គីស្ស៊ីដា និងលោក ហាយ៉ាស្ស៊ី ចំពោះការចូលកាន់តំណែងរៀងៗខ្លួននៃមេដឹកនាំទាំងពីររូប បានស្នើសុំឱ្យជប៉ុនបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលឯកភាពជាតិ និងបានអំពាវនាវឱ្យមានជំនួបរវាងលោក ហាយ៉ាស្ស៊ី និងសមភាគីរបស់លោកឈ្មោះ ហ្ស៊ីន ម៉ា អោង ដែលតែងតាំងដោយរដ្ឋាភិបាលស្រមោល។
ព័ត៌មានពីប្រភពអនាមិក ដែលស្ដីពីសំណើរបស់រដ្ឋាភិបាលឯកភាពជាតិនៃប្រទេសមីយ៉ាន់ម៉ា ទៅកាន់រដ្ឋាភិបាលជប៉ុនដូចខាងលើ បានលេចឡើងនៅចំពេលដែលរបបយោធាមីយ៉ាន់ម៉ា ស្វែងរកការវិលត្រឡប់មកវិញនៃការវិនិយោគ និងជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន។
ជាក់ស្ដែង មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអំពាវនាវកាលពីថ្ងៃអង្គារ ឱ្យមានការវិនិយោគពីប្រទេសជប៉ុន និងបានស្នើសុំឱ្យរដ្ឋាភិបាលជប៉ុនបញ្ចប់ការព្យួរគម្រោងថ្មីនានាដែលត្រូវទទួលថវិកាពីជំនួយអភិវឌ្ឍន៍ផ្លូវការ។
លោក អោង ណាំង អ៊ូ ដែលបម្រើការជា«រដ្ឋមន្ត្រីទទួលបន្ទុកវិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេស» បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនានារបស់ជប៉ុនថា «សាររបស់ខ្ញុំគឺថា សូមលើកទឹកចិត្តសហគមន៍ធុរកិច្ចជប៉ុនឱ្យវិលមកមីយ៉ាន់ម៉ាវិញ ដើម្បីប្រកបអាជីវកម្មរបស់ពួកគេឡើងវិញ និងដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ បើអាចធ្វើទៅបាន»។
លោក អោង ណាំង អ៊ូ បានបន្ថែមថា៖ «សង្ឃឹមថា នៅពេលណាស្ថានការណ៍នយោបាយមានស្ថិរភាព យើងអាចរំពឹងថានឹងមានជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនឡើងវិញក្នុងប្រទេសរបស់យើង»។
នៅប្រទេសមីយ៉ាន់ម៉ា អត្រាគ្មានការងារធ្វើបានកើនឡើងខ្លាំង ហើយលទ្ធភាពទទួលបានស្បៀងអាហារគឺកាន់តែលំបាក ដោយសារតែការបង្ក្រាបលើការតវ៉ារបស់ជនស៊ីវិលពីសំណាក់កងកម្លាំងសន្តិសុខ។
កត្តាមួយទៀតគឺ«ចលនាប្រជាជនមិនស្តាប់បង្គាប់» ដែលនៅក្នុងនេះ កម្មករជាច្រើនបានបោះបង់ចោលការងាររបស់ពួកគេ ដើម្បីតវ៉ាចំពោះការបណ្ដេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ចេញពីអំណាច ក្នុងរដ្ឋប្រហារខែកុម្ភៈ។
យ៉ាងណាក៏ដោយ លោក អោង ណាំង អ៊ូ បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបាននិយាយបំផ្លើសស្ថានភាព ហើយបានទទូចថា ចលនាប្រជាជនមិនស្តាប់បង្គាប់ជិតចប់ហើយ៕
—
យោង៖
១) https://english.kyodonews.net/news/2021/12/c0070b6285cb-myanmars-shadow-govt-asks-japan-to-recognize-its-legitimacy.html
២) https://english.kyodonews.net/news/2021/12/0643ca3e2bc7-myanmar-junta-seeks-resumption-of-japanese-investment-oda.html