en     km
en     km

សម្តេច​ ស ខេង គោរពតាមស្មារតីមហាសន្និបាតបក្សក្នុងការរើសបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគត

Share

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជាគឺសម្តេច ស ខេង បានប្រកាសគោរពនិងគាំទ្រតាមស្មារតីនៃសេចក្តីសម្រេចរបស់មហាសន្និបាតបក្ស ក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគត​។ នេះបើតាមសារផ្ញើជូនជនរួមជាតិរបស់គណបក្សប្រជាជនកម្ពុជាចេញផ្សាយកាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២១។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផង បានចេញសាររបស់ខ្លួនដោយប្រកាសគោរពគាំទ្រតាមការសម្រេចរបស់បក្សក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។​ សាររបស់សម្តេច ស ខេង មន្រ្តីជាន់ខ្ពស់ក្នុងជួរបក្សនេះ កើតឡើងបន្ទាប់ពីមន្រ្តីក្នុងជួររដ្ឋាភិបាលដែលមានតួនាទីក្នុងជួរបក្សបានប្រកាសគាំទ្រកូនច្បងរបស់នាយករដ្ឋមន្រ្តីគឺលោក​ ហ៊ុន ម៉ាណែត យ៉ាងធ្លូកទឹកធ្លូកដីឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តពីឪពុក។

ក្នុងសារលិខិតជូនជនរួមជាតិរបស់បក្សកាន់អំណាចនោះ សម្តេច ស ខេង រៀបរាប់ថា សម្តេចតែងគោរពគាំទ្រតាមសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេច ហ៊ុន សែន ហើយសម្រាប់បេក្ខភាពបន្ទាប់ សម្តេច ស ខេង ក៏គោរពតាមស្មារតីបក្សដូចគ្នា។

ការចេញសាររបស់ សម្តេច ស ខេង នេះ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានស្រង់សម្តីអ្នកវិភាគដែលពួកគេលើកឡើងថា ការប្រកាសរបស់នាយករដ្ឋមន្រ្តីគាំទ្រកូនជាបេក្ខភាពនាយករដ្ឋមន្រ្តីបានបង្កការប្រេះឆាផ្ទៃក្នុងបក្សកាន់អំណាច ខណៈសម្តេច ស ខេង ក៏ជាបេក្ខភាពឈានមុខមួយរូបក្នុងជួរបក្សកាន់អំណាច។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់សារព័ត៌មានថា សម្តេច ហ៊ុន សែន និងសម្តេច ស ខេង មិនបានប្រេះឆាគ្នារឿងបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនោះទេ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបកស្រាយថា បើទោះបីជាសម្តេច​ ស ខេង មិនចេញសារគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីក៏មិនមែនជារឿងចម្លែងដែរ។ មិនមែនជារឿងចម្លែងបើតាមលោក សុខ ឥសាន ព្រោះសម្តេច ហ៊ុន សែន និងសម្តេច ស ខេង និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សបានជជែកនិងឯកភាពគ្នារួចអស់ហើយ។

ក្នុងពិធីសម្ពោធផ្លូវ និងសមិទ្ធិផលនានាក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានប្រកាសជាសាធារណៈគាំទ្រកូនច្បងរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត ដែលជាសមាជិកក្នុងរចនាសម្ព័ន្ធគណបក្សប្រជាជន ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តពីឪពុក។ សម្តេច ហ៊ុន សែន ពន្យល់ថានៅប្រទេសជឿនលឿននិងប្រកាន់យករបបប្រជាធិបតេយ្យខ្លះក៏គេបានធ្វើដូច្នេះដែរ ពោលគឺតាមរយៈសន្លឹកឆ្នោតគាំទ្រ។

សូមស្តាប់ប្រសាសន៍នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី០២ ធ្នូ ឆ្នាំ២០២១

 

ជាការកត់សម្គាល់ គេសង្កេតឃើញក្រសួងនិងស្ថាប័នរដ្ឋមួយចំនួនបានចេញញត្តិគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីសម្តេច ហ៊ុន សែន បានប្រកាសជាសាធារណៈ។ ក្នុងនោះគេឃើញមានក្រសួងមួយចំនួនធំ ស្ថាប័នយោធា និងស្ថាប័នតុលាការផងដែរ៕

 

 

 

 

 

Share

Image
Image
Image