en     km
en     km

World Vision៖ការងារស្ម័គ្រចិត្តជួយយុវជនមានទំនុកចិត្តនិងជំរុញការអភិវឌ្ឍក្នុងសង្គម

Share

ភ្នំពេញ៖ ការងារស្ម័គ្រចិត្តមិនត្រឹមតែជួយបង្កើនសាមគ្គីភាព ភាពសិ្នតស្នាលប៉ុណ្ណោះទេ ថែមទាំងជួយយុវជនមានបំនិនជីវិត មានភាពជឿជាក់លើខ្លួនឯង ហើយតាមរយៈការងារស្ម័គ្រនេះក៏ជួយរួមចំណែកអភិវឌ្ឍសង្គមផងដែរ។ នេះជាខ្លឹមសារខ្លះៗក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោក(World Vision)ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ស្របពេលអង្គការជាតិ អង្គការអន្តរជាតិ​ និងក្រសួងអប់រំកម្ពុជាកំពុងប្រារព្ធទិវា«អន្តរជាតិអ្នកស្ម័គ្រចិត្ត» ក្រោមប្រធានបទ«ស្ម័គ្រចិត្តឥលូវនេះ ដើម្បីអនាគតរួមរបស់ពួកយើង»។

លោក​ កែវ សុខា រាយការណ៍ពីព័ត៌មាននេះ​

 

សេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោក(World Vision)​នៅកម្ពុជា បានស្រង់ប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយថ្លែងថា កម្ពុជាមានអ្នកស្ម័គ្រចិត្តជាយុវជនរាប់ពាន់នាក់កំពុងធ្វើការងារស្ម័គ្រចិត្តដើម្បីរួមចំណែកដល់ការអភិវឌ្ឍក្នុងសង្គម។ ជាងនេះ លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ថាការងារស្ម័គ្រចិត្តបានបង្កើនភាពស្និតស្នាល សាមគ្គីភាព ធ្វើឱ្យមនុស្សក្នុងសង្គមមានការប្រមូលផ្តុំជាធ្លុងមួយ ដើម្បីរួមគ្នាអភិវឌ្ឍសហគមន៍។ បន្ថែមលើសពីនេះទៀត តាមរយៈការងារស្ម័គ្រចិត្តនេះ ក៏ជាមធ្យោបាយមួយសម្រាប់ឱ្យប្រជាជនបង្ហាញពីតម្លៃរបស់ខ្លួនថាបានរួមចំណែកសំខាន់ក្នុងសង្គមជាតិរបស់ខ្លួន។

ដោយឡែកលោក Robert Gillen នាយកផ្នែកយុទ្ធសាស្រ្ត គុណភាពកម្មវិធី និងអភិវឌ្ឍធនធាន នៃអង្គការទស្សនៈពិភពលោកកម្ពុជា លើកឡើងថា ការងារស្ម័គ្រចិត្តបានកសាងឱ្យយុវជនមានទំនាក់ទំនងល្អជាមួយមិត្តភក្តិ គ្រូបង្រៀន អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋក្នុងសហគមន៍។ លោកបន្ថែមថា ការងារស្ម័គ្រចិត្ត ក៏ធ្វើឱ្យយុវជនជឿជាក់លើខ្លួនឯងក្នុងការដោះស្រាយបញ្ហាកាន់តែល្អប្រសើរ និងរួមចំណែកឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសហគមន៍ផងដែរ។

ក្រុមការងារស្ម័គ្រចិត្តតាមសហគមន៍។រូបភាពពីក្រុមការងារអង្គការទស្សនៈពិភលោក។

 

ដោយឡែកលោកស្រី ហ៊ុន បូរមី នាយិកាប្រចាំប្រទេសកម្ពុជា និងថៃ នៃអង្គការវីអេសអូ(VSO)ជឿជាក់ថាការស្ម័គ្រចិត្តប្រកបដោយទំនួលខុសត្រូវគឺមានសារៈសំខាន់ណាស់ចំពោះដំណើរការអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ ឆ្ពោះទៅបង្កើតនូវសង្គមមួយប្រកបដោយបរិយាប័ន្ន ភាពធន់ និងសុខសុវតិ្ថភាព។ លោកស្រីបានបន្ថែមថា​ ក្នុងរយៈពេលបីទសវត្សរ៍មកនេះ អ្នកស្ម័គ្រចិត្តប្រមាណជាង ១ ពាន់នាក់ បានរួមចំណែកធ្វើឱ្យការងាររបស់អង្គការទទួលបានជោគជ័យ។

អ្នកស្ម័គ្រចិត្តមួយរូបនៃអង្គការវីអេសអូកម្ពុជាគឺកញ្ញា ទុស ភក្តី ឱ្យដឹងថា តាមរយៈការងារជាអ្នកស្ម័គ្រចិត្តនេះ កញ្ញា និងមិត្តរួមការងារកាន់តែមានភាពជឿជាក់លើខ្លួនឯង​ ទទួលបានចំណេះដឹង និងជំនាញកាន់តែច្បាស់លាស់ដែលជាចំណែកមួយនៃបំនិនក្នុងជីវិត។ ក្នុងនាមជាស្ម័គ្រចិត្តមួយរូបកញ្ញា ទុស ភក្តី អំពាវនាវដល់រដ្ឋាភិបាល ម្ចាស់ជំនួយ វិស័យឯកជន និងសង្គមស៊ីវិល បន្តគាំទ្រអ្នកស្ម័គ្រចិត្ត ដើម្បីឱ្យពួកគេអាចបញ្ចេញសក្តានុពល ក្នុងការធ្វើសកម្មភាពនានាឆ្លើយតបនឹងតម្រូវការក្នុងសហគមន៍ប្រកបដោយចីរភាព។

ដោយមើលឃើញពីគុណតម្លៃនេះ បច្ចុប្បន្នអង្គការទស្សនៈពិភពលោក អង្គការវីអេសអូ កម្ពុជា  គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ភ្នាក់ងារភីសខ័រសហរដ្ឋអាមេរិក និងអង្គការឌីវីវីអន្តរជាតិ ជាមួយនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រសួងអប់រំ  បានអនុវត្តកម្មវិធីមួយឈ្មោះថា«ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នៅ ២៥ រាជធានី ខេត្ត ដោយមានយុវជនស្ម័គ្រចិត្តចំនួន៣៥៥នាក់ចូលរួម៕

 

Share

ព័ត៌មានទាក់ទង

Image