en     km
en     km

ក្រុមការងារអន្តរក្រសួងរកឃើញផ្ទៃដីរងការទន្ទ្រានជាង ៧ ពាន់ហិកតាបន្ថែមទៀតក្នុងខេត្តចំនួនពីរ

Share

ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួងដឹកនាំដោយរដ្ឋមន្រ្តីក្រសួងដែនដីបានបន្តចុះពិនិត្យនិងចាត់វិធានបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកដោយរកឃើញផ្ទៃដីជាង ៧ ពាន់ហិកតាត្រូវបានកាន់កាប់ដោយខុសច្បាប់ក្នុងខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

យោងតាមការស្រាវជ្រាវបឋមរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃើញការទន្ទ្រាននិងកាន់កាប់ដីរដ្ឋក្នុងតំបន់៣ នៃបឹងទន្លេសាបមានចំនួន១១ទីតាំង ស្មើផ្ទៃដីប្រមាណជាង ៥ ហិកតាស្ថិតក្នុងឃុំចំនួន ២ នៃស្រុក ព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ។​ក្នុងនោះឃុំប្រាសាទ មានការទន្ទ្រានកាន់កាប់ដីក្នុងចំនួន ៣​ ទីតាំង ស្មើ ៦៥០ហិកតា ចំណុចបឹងអាល្បងប្រហែល ១០០ហិកតា ចំណុចបឹងសំបុកសត្វប្រហែល ៥០០ហិកតា និងចំណុចបឹងជ្រោងប្រហែល ៥០ហិកតា។ ដោយឡែកឃុំភ្នំលៀប មានការទន្ទ្រានកាន់កាប់ដីចំនួន ៨ទីតាំង ស្មើ ៤ ៧០០ហិកតា ក្នុងនោះចំណុចបឹងក្ងានប្រហែល៥០០ហិកតា ចំណុចបឹងក្ងានកើតប្រហែល៥០០ហិកតា ចំណុចក្នុង-ក្រៅអាងតាម៉ាកប្រហែល ១ ០៧០ហិកតា ចំណុចក្នុង-ក្រៅអាង លី សំអាន ប្រហែល ១ ២៥០ហិកតា ចំណុចក្នុង-ក្រៅអាងតាស៊ុន ប្រហែល ៧០០ហិកតា ចំណុចកៀនស្បូវដល់ក្រពើស្គមប្រហែល ៤៧០ ហិកតា និងចំណុចក្របៅប្រហែល ៣០០ហិកតា។

ផែនទីក្នុងតំបន់បីនៃបឹងទន្លេសាបដែលរងការទន្ទ្រាន។រូបភាពពីហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងកសិកម្ម។

 

ដោយឡែកតាមការស្រាវជ្រាវបឋមរបស់រដ្ឋបាលខេត្តសៀមរាបវិញ រកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ ក្នុងខេត្តសៀមរាប មានចំនួន ១៨៧ ទីតាំង ស្មើផ្ទៃដី ប្រមាណជាង២ពាន់ហិកតា( ១,៩៧០.៨២២ ហិកតា) ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ៣០ ក្នុងក្រុង-ស្រុកទាំង ០៦ ។ ក្នុងនោះរួមមាន៖

ស្រុកក្រឡាញ់ មានប្រជាពលរដ្ឋសរុបចំនួន ១៩ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ស្មើនឹង ២៨.៣០ ហិកតា នៅក្នុងឃុំចំនួន ០២ ។ស្រុកពួក មានប្រជាពលរដ្ឋសរុបចំនួន ១៤ គ្រួសារ បានទន្ទ្រានកាន់កាប់ដីផ្ទៃដីស្មើនឹង ៦៨,៧៦ ហិកតា នៅក្នុងឃុំចំនួន ០៤។ ក្រុងសៀមរាប មានប្រជាពលរដ្ឋសរុបចំនួន ៤០ គ្រួសារ បានទន្ទ្រានកាន់កាប់ដីស្មើនឹង ៨៩ ហិកតា ក្នុងសង្កាត់ចំនួន ០៧។ស្រុកប្រាសាទបាគង មាន ១,១៩៣ គ្រួសារ បានទន្ទ្រានកាន់កាប់ស្មើនឹង ១៨១.៣៨ ហិកតា នៅក្នុងឃុំចំនួន ០៣។ ស្រុកសូទ្រនិគម មាន ៥៣ គ្រួសារ បានទន្ទ្រានកាន់កាប់ដីស្មើនឹង ១១០.៧៦ ហិកតា នៅក្នុងឃុំចំនួន០៣។​ស្រុកជីក្រែង មាន ៣៣០ គ្រួសារ បានទន្ទ្រានកាន់កាប់ដីស្មើនឹង ១,៤៣៦.៩៤ ហិកតា នៅក្នុងឃុំចំនួន០៧។

បន្ទាប់ពីបានចុះពិនិត្យនិងកំណត់អត្តសញ្ញាណដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រានរួចមក រដ្ឋបាលខេត្តបាលចេញគោលការណ៍មួយចំនួនដើម្បីសំដៅដល់ការទប់ស្កាត់ការទន្ទា្រនដីព្រៃលិចទឹកនាពេលខាងមុខទៀត។ គោលការណ៍ទាំងនោះរួមមាន ដកហូតរាល់ការកាន់កាប់ដីក្នុងតំបន់បីមកវិញជាបន្ទាន់ពីអ្នកមានអំណាច​និងប្រជាពលរដ្ឋដែលបានទន្ទ្រាន និងបញ្ឈប់ការចេញលិខិតបញ្ជាក់ ព្រមទាំងបដិសេធរាល់ការចេញលិខិតកាលពីពេលមុន។ ផ្តល់ឱកាសជូនប្រជាពលរដ្ឋឲ្យធ្វើការប្រមូលផលស្រូវសិន ក្នុងករណីដែលស្រូវជិតប្រមូលផល ។ ជូនព្រះរាជអាជ្ញាដោះស្រាយពាក្យបណ្តឹង ដែលមន្រ្តីនគបាលបានកសាងនិងដាក់សំណុំរឿងរួចរាល់។ចុះស្រាវជ្រាវមុខសញ្ញាប្រជាជនដែលចូលទន្ទ្រានខុសច្បាប់ និងចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេសដើមប្ញស្សី។

សូមបញ្ជាក់ថា ខេត្តជុំវិញបឹងទន្លេសាបដែលរងការទន្ទ្រានមានខេត្តពោធិ៍សាត់ មានចំនួនជាង២ពាន់គ្រួសារ(១៩២១ គ្រួសារ) កំពុងអាស្រ័យផលលើផ្ទៃដីជាង៤ពាន់ហិកតា( ៤ ០០០,២៨ ហត)។ចំណែកខេត្តបាត់ដំបងមានប្រជាពលរដ្ឋចំនួន២៥១៤គ្រួសារចូលទន្ទ្រានកាន់កាប់លើផ្ទៃដីប្រមាណជាងមួយម៉ឺនហិកតា។

ក្នុងបេសសកម្មចុះពិនិត្យនិងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេ សាបនេះដែរ សម្រាប់ខេត្តកំពង់ឆ្នាំងក្រុមការងារបានរកឃើញផ្ទៃដីដែលត្រូវបានទន្ទ្រានខុសច្បាប់ចំនួនជាង២ពាន់ហិកតា។ និងខេត្តកំពង់ធំ មានករណីកាប់ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ចំនួន៤០ករណីលើផ្ទៃដីចំនួនជាង ៣ពាន់ ៥រយហិកតា។

ការចុះពិនិត្យនិងចាត់វិធានការបង្ក្រាបលើការទន្រ្ទានខុសច្បាប់លើដីព្រៃលិចទឹកនេះ កើតមានឡើងបន្ទាប់ពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បែងចែកភារកិច្ច ចុះពិនិត្យ និងស្រាវជ្រាវ លើការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។ នាយករដ្ឋមន្រ្តីប្រកាសថា  ជនណាដែលប្រគល់ដីដែលខ្លួនបានរំលោភកាន់កាប់លើព្រៃលិចទឹកនៅក្នុងតំបន់បឹងទន្លេសាបមកឱ្យរដ្ឋ គឺត្រូវបានរួចខ្លួន។ចំណែក ជនណានៅរឹងទទឹងត្រូវវាយខ្នោះឱ្យខានតែបាន៕

Share

Image
Image
Image