en     km
en     km

សាលក្រមទី១នៃតុលាការភូមា ឱ្យលោកស្រី ស៊ូ ជី ឱ្យជាប់ឃុំ៤ឆ្នាំ

Share

អ្នកនាំពាក្យម្នាក់នៃរបបយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា តុលាការក្នុងប្រទេសនេះបានប្រកាសទោសលោកស្រី អ៊ុង សាន ស៊ូ ជី នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំពីបទញុះញង់ និងបទបំពានវិធានការបង្ការការឆ្លងកូវីដ-១៩។ នេះជាខ្លឹមសារនៃសាលក្រមដំបូងប្រឆាំងនឹងស្ត្រីជាមេដឹកនាំ ដែលត្រូវបានយោធាទម្លាក់ពីអំណាច ចាប់តាំងពីរដ្ឋប្រហារក្នុងខែកុម្ភៈមក។

លោកស្រី ស៊ូ ជី ស្ថិតក្នុងការឃុំខ្លួននៅផ្ទះ បន្ទាប់ពីរដ្ឋាភិបាលស៊ីវិលនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ត្រូវបានបណ្ដេញចេញពីអំណាច។ លោកស្រីរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាង១០ករណី ប៉ុន្តែលោកស្រីបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ។

អ្នកនាំពាក្យយោធាដដែលបានប្រាប់ទៀតថា បន្ទាប់ពីការកាត់ទោសដោយតុលាការក្នុងរដ្ឋធានី ណៃពីដោ, លោកស្រី ស៊ូ ជី ដែលមានអាយុ៧៦ឆ្នាំ និងដែលជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យភូមា នឹងត្រូវគេរក្សាទុកឱ្យនៅកន្លែងដដែល ក្រោមលក្ខខណ្ឌដដែល ជាជាងការបញ្ជូនខ្លួនលោកស្រីទៅពន្ធនាគារភ្លាមៗ។

លោក វីន មីយីន ប្រធានាធិបតីនៃរដ្ឋាភិបាលជាប់ឆ្នោត ដែលមានលោកស្រី ស៊ូ ជី ធ្វើជាទីប្រឹក្សារដ្ឋ រហូតដល់ពេលមានរដ្ឋប្រហារ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំដែរ។

ក្នុងសេចក្តីសម្រេចដែលប្រកាសនៅថ្ងៃចន្ទដដែល លោកស្រី ស៊ូ ជី និងលោក វីន មីយីន ម្នាក់ៗមានទោសជាប់ពន្ធនាគារ២ឆ្នាំ ចំពោះបទល្មើសញុះញង់ និង២ឆ្នាំទៀត ចំពោះបទល្មើសបំពានវិធានការបង្ការការឆ្លងជំងឺកូវីដ-១៩ ដោយផ្អែកតាមច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសមីយ៉ាន់ម៉ា៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង