en     km
en     km

រថយន្តយោធាមីយ៉ាន់ម៉ាបើកបុកបាតុករស្លាប់៥នាក់

Share

រថយន្តយោធាមីយ៉ាន់ម៉ាមួយគ្រឿងបានបើកបុកក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងយ៉ាំងហ្គូន ដែលជាទីក្រុងធំបំផុតរបស់ភូមា នៅព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស៥នាក់។

រថយន្តយោធាមីយ៉ាន់ម៉ាមួយគ្រឿងបានបើកបុកក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងយ៉ាំងហ្គូន (Yangon) ដែលជាទីក្រុងធំបំផុតរបស់ប្រទេសភូមា នៅព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស៥នាក់។ ទីភ្នាក់ងារសារព័ត៌មានក្យូដូរាយការណ៍ដូច្នេះ ដោយផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ មីយ៉ាន់ម៉ា ណៅ (Myanmar Now)។

អង្គភាពសារព័ត៌មានដែលរបបយោធាហាមឃាត់ មីយ៉ាន់ម៉ា ណៅ នេះ បានរាយការណ៍ទៀតថា មិនយូរប៉ុន្មានបន្ទាប់ពីការចាប់ផ្តើមដង្ហែរក្បួនតាមដងផ្លូវក្នុងសង្កាត់ ជីមីយីនដាំង (Kyimyindaing) នៅម៉ោងប្រហែល ៩ ព្រឹក រថយន្តបានបោលចូលពីខាងក្រោយហ្វូងមនុស្ស ហើយបានបុកអ្នកចូលរួមហែក្បួននោះតែម្តង។

មីយ៉ាន់ម៉ា ណៅ បានផ្សាយខ្សែ​វីដេអូ​នៃ​ឧបទ្ទវហេតុ​នេះ​នៅតាមប្រព័ន្ធផ្សព្វផ្សាយ​សង្គម ​ដោយ​រាយការណ៍បន្ថែម​ថា មាន​មនុស្ស ១៥ នាក់​ត្រូវ​បាន​ឃុំខ្លួន។

ស្ថានទូតសហរដ្ឋអាមេរិក ដែលមានទីតាំងនៅក្នុងទីក្រុងយ៉ាំងហ្គូន បានថ្លែងថា ខ្លួន បើតាមសម្រង់ផ្ទាល់ «រន្ធត់ណាស់ពេលបានឮរបាយការណ៍ដែលថា កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ បើករថយន្តជាន់ពីលើ និងសម្លាប់បាតុករអហិង្សាជាច្រើននាក់នៅព្រឹកនេះ»។

«យើងគាំទ្រសិទ្ធិរបស់ប្រជាជនភូមាក្នុងការតវ៉ាដោយសន្តិវិធី។ ការប្រើប្រាស់អំពើហឹង្សាយ៉ាងទូលំទូលាយដោយយោធា បានគូសបញ្ជាក់ពីភាពបន្ទាន់នៃការស្តារស្ថានភាពរបស់ភូមាឱ្យដើរលើមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្នវិញ»។

ការបង្រ្កាបដោយកងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ បានសម្លាប់មនុស្សជាង១៣០០នាក់ហើយ រហូតមកដល់ពេលនេះ។  នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ គឺក្រុមសិទ្ធិមនុស្សដែលតាមដានការសម្លាប់នៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា។

យោធាមីយ៉ាន់ម៉ាមិនបានបង្ហាញសញ្ញានៃការបោះបង់ការគ្រប់គ្រងរបស់ខ្លួនទេ បន្ទាប់ពីស្ថិតក្នុងអំណាចអស់រយៈពេលជាង១០ខែ៕

យោង៖ https://english.kyodonews.net/news/2021/12/42148e2fd01b-urgent-myanmar-army-vehicle-rams-into-protesters-5-killed-report.html

Share

Image
Image
Image