en     km
en     km

កម្ពុជាចិនបញ្ជាក់ពីការផលិតថ្នាំបង្ការកូវីដ-១៩នៅកម្ពុជា

Share

ថ្នាំបង្ការកូវីដ-១៩របស់ក្រុមហ៊ុនចិនស៊ីណូហ្វាម អាចនឹងផលិតបាននៅក្នុងប្រទេសកម្ពុជានាឆ្នាំក្រោយ បន្ទាប់ពីមានសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជាកាលពីពាក់កណ្ដាលខែវិច្ឆិកា។

ថ្នាំបង្ការកូវីដ១៩របស់ក្រុមហ៊ុនចិនស៊ីណូហ្វាម អាចនឹងផលិតបាននៅក្នុងប្រទេសកម្ពុជានាឆ្នាំក្រោយ តាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា។ នេះបើយោងតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន និងសម្ដេច ហ៊ុន សែន អំឡុងពិធីសម្ពោធផ្លូវជាតិ១១ និងផ្លូវមួយចំនួនទៀត នៅក្នុងខេត្តព្រៃវែងនាព្រឹកថ្ងៃចន្ទ ទី៦ ខែធ្នូ។

លោក វ៉ាង វិនធៀន បានថ្លែងថា «ប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលផលិតនៅក្នុងស្រុកខ្មែរបាន» បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនរូបនេះបានឱ្យដឹងថា ក្រុមហ៊ុនស៊ីណូហ្វាម​កំពុងតែទាក់ទងជាមួយក្រសួងសុខាភិបាលកម្ពុជា។

ក្នុងរឿងនេះ សម្ដេច ហ៊ុន សែន ដែលជាអ្នកស្នើតាមរយៈឯកអគ្គរដ្ឋទូតចិន ឱ្យមេដឹកនាំចិនជួយបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា បានឱ្យដឹងបន្ថែមថា សំណើរបស់សម្ដេចទទួលបានការគាំទ្រពីរដ្ឋាភិបាលនិងក្រុមហ៊ុនចិន ហើយថា​ ក្រុមហ៊ុនដែលចូលរួមក្នុងគម្រោងនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ។ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ដូច្នេះថា៖

 

ទន្ទឹមនឹងនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបញ្ជាក់ជាថ្មីពីការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជាផង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យ ស្ដីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដម ប្រាក់ សុខុន នៅទីក្រុងហាងចូវ ខេត្តជឺជាំង ប្រទេសចិន ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ។

នៅទីនោះ ប្រភពដដែលនិយាយថា រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកសរសើរចំពោះជំនួយអភិវឌ្ឍន៍របស់ចិននៅកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសសម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការកូវីដ-១៩។

នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីនាព្រឹកថ្ងៃចន្ទ បានសម្ដែងសេចក្ដីសប្បាយរីករាយដែលក្រុមហ៊ុនចិនយល់ព្រមមកផលិតវ៉ាក់សាំងកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ដែលជាហេតុជួយឱ្យកម្ពុជាអាចបង្កើតការងារបន្ថែម និងមិនចាំបាច់ចំណាយលើថ្លៃដឹកជញ្ជូនវ៉ាក់សាំង៕

Share

ព័ត៌មានទាក់ទង

Image