loader

ព្រះរាជសពសម្ដេចក្រុមព្រះបានដឹកពីបារាំងដល់កម្ពុជានៅថ្ងៃអាទិត្យ

«ជាទីបញ្ចប់ ក្សត្រាស្តេចយាងនិវត្តន៍មកដល់មាតុភូមិជាទីស្រលាញ់ដ៏សែនជ្រាលជ្រៅ»។ នេះជាសារខ្លីផ្សាយនៅលើទំព័រហ្វេសប៊ុក រ៉ូយ៉ាល់ ឌុយ កំបូដ (Royal du Cambodge) កាលពីថ្ងៃអាទិត្យ ថ្ងៃដែលព្រះសពរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ត្រូវបានដឹកពីប្រទេសបារាំង មកដល់ប្រទេសកម្ពុជា។

សម្តេចក្រុមព្រះបានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះរោគាពាធ ក្នុងប្រទេសបារាំង។ ព្រះអង្គបានប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ ក្នុងរាជធានីភ្នំពេញ ហើយទ្រង់ជាព្រះរាជបុត្រានៃអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការីនៃរបាំព្រះរាជទ្រព្យ។

កាលទ្រង់នៅមានព្រះជន្ម សម្ដេចក្រុមព្រះធ្លាប់កាន់តំណែងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជានាយករដ្ឋមន្រ្តីទី១ ជាប្រធានរដ្ឋសភាជាតិ និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងចំណោមកិច្ចការជាច្រើនដែលព្រះអង្គបានបំពេញ រួមទាំងជាមេបញ្ជាការក្នុងចលនាតស៊ូប្រឆាំងកងទ័ពវៀតណាមនៅលើទឹកកម្ពុជាផង។

កាលពីសប្ដាហ៍មុន រាជរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីទី២ គឺសម្ដេច ហ៊ុន សែន បានកំណត់យកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងសាលារៀន វត្តអារាម និងមន្ទីរពេទ្យ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងប្រទេស បង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដង។ ទន្ទឹមនឹងនេះ គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ទទួលការណែនាំឱ្យផ្អាកការសម្ដែងនិងចាក់ផ្សាយទស្សនីយភាពកម្សាន្តសប្បាយ។ រាជរដ្ឋាភិបាលចាត់ទុកថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានគុណបំណាច់ដ៏ធំធេងចំពោះជាតិ សាសនា ព្រះមហាក្សត្រ។

បច្ចុប្បន្ន ព្រះសពសម្ដេចក្រុមព្រះតម្កល់នៅព្រះរាជតំណាក់របស់ទ្រង់ នៅវិថីសម្ដេច ប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដើម្បីទុកធ្វើព្រះរាជពិធីបុណ្យតាមបវេណី និងត្រៀមបូជានៅធ្លាខាងមុខវត្តបទុមវត្តី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លំហាត់ប្រាណសុខភាពសម្រាប់អនាគតអ្នកម្តាយ

លំហាត់ប្រាណសុខភាពសម្រាប់អនាគតអ្នកម្តាយ

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣

សម្រាប់ស្រ្តីដែលត្រៀមខ្លួនជាអ្នកម្តាយ ការហាត់[...]

ស្វែងយល់ពីជំងឺបាក់ទឹកចិត្តក្រោយសម្រាលនិងវិធានការបង្ការសម្រាប់ស្រ្តីមានផ្ទៃពោះ

ក្រោយពីទារកចាប់កំណើត មានម្តាយមួយចំនួនមានអារម្[...]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ លោកកឹម សុខា យកលេសលើកកម្ពស់សិទ្ធិមនុស្ស ជាឈ្នាន់ធ្វើបដិវត្តន៍ពណ៌

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈសេចក្ដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x