en     km
en     km

តើគណៈរដ្ឋមន្ត្រីភ្លេច«ការប្រជុំពិនិត្យស្រាវជ្រាវ» ឬយ៉ាងណា?

Share

គណៈរដ្ឋមន្ត្រីក្នុងនីតិកាលទី៦នៃរដ្ឋសភាបានតាក់តែងច្បាប់ថ្មីមួយនៅដើមអាណត្តិ ក្នុងឆ្នាំ២០១៨ ទាក់ទងនឹងការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។ នៅក្នុងច្បាប់នោះ ក៏ដូចជានៅក្នុងរដ្ឋធម្មនុញ្ញ ឃើញមានប្រើបច្ចេកសព្ទ«ប្រជុំពិនិត្យស្រាវជ្រាវ» ប៉ុន្តែពុំឃើញមានការពន្យល់ន័យរបស់ពាក្យបច្ចេកទេសនេះទេ។ ម្យ៉ាងទៀត ក្នុងចំណោមកិច្ចប្រជុំនានាក្នុងក្របខ័ណ្ឌការងារគណៈរដ្ឋមន្ត្រី ក៏ពុំមាន«ប្រជុំពិនិត្យស្រាវជ្រាវ»ដែរ។ សភាពនេះនាំឱ្យមានសំណួរថា តើគណៈរដ្ឋមន្ត្រីភ្លេចការប្រជុំពិនិត្យស្រាវជ្រាវឬយ៉ាងណា?

‹‹ប្រជុំពិនិត្យស្រាវជ្រាវ››ជាសមាសនាមដែលកើតពីពាក្យ‹‹ប្រជុំ›› «ពិនិត្យ» និង‹‹ស្រាវជ្រាវ››។ ‹‹ប្រជុំ›› មកពីពាក្យ«ជុំ»[1] ដែលជាខេមរភាសាបុរេអង្គរ[2] និងមានន័យថា‹‹ធ្វើឲ្យជុំគ្នា, ប្រមូលឲ្យចួបជុំគ្នា, មកចួបជុំគ្នា››[3]។ «ពិនិត្យ» ជាពាក្យសំស្ក្រឹតក្លាយ មានន័យថា«ការ​ពិចារណា, ការ​កាត់​សេចក្ដី» ឬ«ពិចារណា​, សង្កេត​មើល​ដោយ​ល្អិតល្អន់»។[4] «ស្រាវជ្រាវ»កើតពីពាក្យ«ស្រាវ» (សៀមថា«សាវ») ដែលមានន័យថា«ក្រសាវទាញមករឿយៗ»[5] និងពាក្យ«ជ្រាវ» ដែលមានន័យថា«កកូរច្របល់, រាវរក»[6]។ កិរិយា​សព្ទបន្សំនេះមានន័យថា «រាវរកឲ្យឃើញពិត, រើសើពិនិត្យតាំងពីដើមដល់ចុង ឲ្យឃើញសព្វគ្រប់, សាកសួរសង្កេតដោយពិនិត្យយ៉ាងល្អិត»។[7]

កន្សោមពាក្យ«ប្រជុំពិនិត្យស្រាវជ្រាវ» ឃើញមានសរសេរចំៗតែនៅក្នុងមាត្រា ១២៣ ថ្មី នៃរដ្ឋធម្មនុញ្ញ និងក្នុងមាត្រា ១៤ និងមាត្រា ១៥ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីតែប៉ុណ្ណោះ ប៉ុន្តែពុំឃើញមានការពន្យល់បច្ចេកន័យរបស់វាទេ។

ច្បាប់ទាំងឡាយ ដែលនៅជាធរមាន ច្រើនតែប្រើពាក្យ«អង្គប្រជុំអន្តរក្រសួង»[8], «អង្គប្រជុំគណៈរដ្ឋមន្ត្រី» «អង្គប្រជុំផ្សេងៗទៀត» «សម័យប្រជុំអន្តរក្រសួង» «សម័យប្រជុំជំនាញបច្ចេកទេស» «ប្រជុំ» «កិច្ចប្រជុំអន្តរក្រសួង» «កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ» «កិច្ចប្រជុំផ្សេងៗទៀត» «កិច្ចប្រជុំនិងជំនួបការងារ» «កិច្ចប្រជុំនានា» «កិច្ចប្រជុំជំនាញបច្ចេកទេស» «កិច្ចប្រជុំគណៈរដ្ឋមន្ត្រី» «កិច្ចប្រជុំការងារ» «កិច្ចប្រជុំ»[9], «សម័យប្រជុំការងាររបស់រាជរដ្ឋាភិបាល អន្តរក្រសួង ឬក្រសួង ស្ថាប័ន»[10], និង«កិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី»[11]។

ដូច្នេះ «ប្រជុំពិនិត្យស្រាវជ្រាវ»ទំនងជាកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីមិនពេញអង្គ ក្នុងរូបភាពផ្សេងៗ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី ឬក្រោមអធិតីភាពរបស់ឧបនាយករដ្ឋមន្ត្រីដែលចាត់តាំងដោយនាយករដ្ឋមន្ត្រី ដើម្បីពិចារណាយ៉ាងល្អិតល្អន់ រាវរកឱ្យឃើញសេចក្ដីពិតថា ល្អឬអាក្រក់ ល្មើសច្បាប់ឬស្របច្បាប់ មានគុណប្រយោជន៍ឬមានគុណវិបត្តិ, ថ្លឹងថ្លែងថាគួរដាក់ពិន័យ គួរអភ័យទោស គួរកែលម្អ ឬគួរលើកសរសើរ ចំពោះទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃរឿងឬបញ្ហាណាមួយ សម្រាប់ទុកឱ្យគណៈរដ្ឋមន្ត្រីពិនិត្យ ដោះស្រាយ និងសម្រេចក្នុងអង្គប្រជុំធំ។

បច្ចេកសព្ទ«ប្រជុំពិនិត្យស្រាវជ្រាវ»មិនធ្លាប់ឃើញមាននៅក្នុងរដ្ឋធម្មនុញ្ញខ្មែរផ្សេងៗទេ ក្រៅពីក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។ យ៉ាងណាក៏ដោយ សមាសនាម«ប្រជុំតូច»ក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ឆ្នាំ ១៩៤៧ ត្រង់មាត្រា ៨៦ ក្នុងជំពូក ៧ អំពីរដ្ឋមន្ត្រី[12] ជាប្រភេទនៃកិច្ចប្រជុំមួយបែបទៀតរបស់គណៈរដ្ឋមន្ត្រី ក្រៅពី«ប្រជុំធំ»។ «ប្រជុំតូច» ប្រហែលជាសំដៅដល់ការប្រជុំរបស់គណៈរដ្ឋមន្ត្រីមិនពេញអង្គ ឬ«អង្គប្រជុំពិនិត្យស្រាវជ្រាវ»របស់គណៈរដ្ឋមន្ត្រីបច្ចុប្បន្ននេះឯង។

បច្ចេកសព្ទ«អង្គប្រជុំពិនិត្យស្រាវជ្រាវ»ឃើញមានប្រើនៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ត្រង់មាត្រា ១២៣ ថ្មី ជំពូកទី ១០ ថ្មី អំពីរាជរដ្ឋាភិបាល។ មាត្រានេះសរសេរនៅកថាខណ្ឌទី ១ ថា៖ «គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្ដាហ៍ ជាប្រជុំធំ ឬជាប្រជុំពិនិត្យស្រាវជ្រាវ។» ហើយក្នុងកថាខណ្ឌទី ២ សរសេរថា៖ «អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន។»

នៅមានច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ឆ្នាំ ២០១៨ មួយទៀត ដែលប្រើបច្ចេកសព្ទនេះ ដោយសរសេរត្រង់កថាខណ្ឌទី ២ នៃមាត្រា ១៤ ថា៖ «អង្គប្រជុំរបស់គណៈរដ្ឋមន្ត្រីមានអង្គប្រជុំធំ និងអង្គប្រជុំពិនិត្យស្រាវជ្រាវ» ហើយត្រង់កថាខណ្ឌទី ៤ នៃមាត្រា ១៥ សរសេរថា៖ «នាយករដ្ឋមន្ត្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន។» ក្រៅពីនេះ ពុំមានការប្រើប្រាស់បច្ចេកសព្ទដ៏សំខាន់នេះនៅក្នុងឯកសារណាផ្សេងទៀតរបស់គណៈរដ្ឋមន្ត្រីទេ។

មន្ត្រីរាជការនៅទីស្ដីការគណៈរដ្ឋមន្ត្រីហាក់ដូចជាភ្លេចសរសេរបច្ចេកសព្ទរដ្ឋធម្មនុញ្ញនៅក្នុងឯកសារផ្លូវការរបស់ខ្លួន។ តាមអត្ថន័យរបស់វា ដូចមានបង្ហាញខាងលើស្រាប់ បច្ចេកសព្ទនេះមានចរិតវែកញែករកខុស រកត្រូវ ចំពោះការបំពេញមុខងារ ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីរាជការនៅក្នុងអង្គការនីតិប្រតិបត្តិ។

មន្ត្រីរាជការនៅទីស្ដីការគណៈរដ្ឋមន្ត្រីគួរតែប្រើបច្ចេកសព្ទ«ប្រជុំពិនិត្យស្រាវជ្រាវ» ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឱ្យបានញឹកញាប់ឡើង នៅក្នុងសំណេរផ្សព្វផ្សាយជាសាធារណៈ សម្រាប់សម្គាល់ការប្រជុំមិនពេញអង្គជាក់លាក់ណាមួយរបស់សមាជិករាជរដ្ឋាភិបាល ដើម្បីឱ្យពាក្យបច្ចេកទេសនេះមានជីវិត និងត្រូវបានប្រើជាប្រយោជន៍ជាតិ៕

ឯកសារយោង

Headley, Robert K., Jr., Kylin Chhor, Lam Kheng Lim, Lim Hak Kheang, and Chen Chun. “ប្រជុំ.” In វចនានុក្រមខ្មែរ-អង់គ្លេស Cambodian-English Dictionary, edited by Charles W. Rechenbach, 1:570. Washington, D.C.: The Catholic University of America Press, 1977.

Jenner, Philip N. “ជុំ.” In A Dictionary of pre-Angkorian Khmer, edited by Doug Cooper, 159. Canberra: Pacific Linguistics, Research School of Pacific and Asian Studies, Australian National University, 2009. https://archive.org/details/philip-n.-jenner-a-dictionary-of-pre-angkorian-khmer.

Pou, Saveros. “juṃ.” In DICTIONNAIRE VIEUX KHMER-FRANÇAIS-ANGLAIS/AN OLD KHMER-FRENCH-ENGLISH DICTIONARY/វចនានុក្រមខ្មែរចាស់-បារាំង-អង្លេស, 189. Paris: L’Harmattan, 2004. http://archive.org/details/saveros_pou_an_old_khmer_french_english_dictionary_2004.

ជួនណាត, ប៉ុណ្ណពេជ្រ, សុធារស, ភាណុវង្ស, ចន្ទ, ថោង, សួស, et al. “ស្រាវ.” In វចនានុក្រមខ្មែរ, edited by ជួនណាត, ២:១៤៧៩. ភ្នំពេញ: ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៨.

ជួនណាត, ពេជ្រប៉ុណ្ណ, សុធារស, ភាណុវង្ស, ចន្ទ, ថោង, សួស, et al. “ជ្រាវ.” In វចនានុក្រមខ្មែរ, edited by ជួនណាត, ភាគទី ១:២៧៨. ភ្នំពេញ: ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៧.

———. “ប្រជុំ.” In វចនានុក្រមខ្មែរ, edited by ជួនណាត, ១:៦៤៤. ភ្នំពេញ: ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៧.

———. “ពិនិត្យ.” In វចនានុក្រមខ្មែរ, edited by ជួនណាត, ១:៧៥៤. ភ្នំពេញ: ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៧.

———. “ស្រាវជ្រាវ.” In វចនានុក្រមខ្មែរ, edited by ជួនណាត, ២:១៤៧៩. ភ្នំពេញ: ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៨.

ទីស្ដីការគណៈរដ្ឋមន្ត្រី. “សេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ថ្ងៃអង្គារ ៨ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០.” សេចក្ដីជូនដំណឹង. ភ្នំពេញ: ទីស្ដីការគណៈរដ្ឋមន្ត្រី, ថ្ងៃទី ៣១ ខែមីនា គ.ស. ២០២០. https://www.ggi.law/9980.

———. “សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ថ្ងៃអាទិត្យ ២ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២១.” សេចក្ដីប្រកាសព័ត៌មាន. ភ្នំពេញ: ទីស្ដីការគណៈរដ្ឋមន្ត្រី, ថ្ងៃទី ២៨ ខែកុម្ភៈ គ.ស. ២០២១. https://pressocm.gov.kh/archives/69847.

នរោត្ដមសីហមុនី. ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី, នស/រកម/០៦១៨/០១២ ព្រះរាជក្រម § ជំពូកទី ៣ គណៈរដ្ឋមន្ត្រី, សមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល, មាត្រា ១៥ (២៨ មិថុនា ២០១៨). https://www.coj.gov.kh/wp-content/uploads/2018/07/.

ហ៊ុនសែន. អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្ដីការគណៈរដ្ឋមន្ត្រី, លេខ ១១៦ អនក្រ.បក អនុក្រឹត្យ § ជំពូកទី ២ បេសកកម្ម មុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ, មាត្រា ៣ (៦ កញ្ញា ២០១៨). https://pressocm.gov.kh/archives/40254.

———. អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ធកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន, លេខ ១១ អនក្រ.បក អនុក្រឹត្យ § ជំពូក ២ ខុទ្ធកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន, មាត្រា ៧ (៣១ មករា ២០១៧). https://gs.mef.gov.kh/law_and_regulation/.

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ. “រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ ១៩៧៦.” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ១៣៤-១៤៦. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា គ.ស. ២០១១.

———. “រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា ឆ្នាំ ១៩៨៩.” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ១៩០-២៣៣. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា គ.ស. ២០១១.

———. “រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ឆ្នាំ ១៩៨១.” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ១៤៧-១៨៩. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា គ.ស. ២០១១.

———. “រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ឆ្នាំ ១៩៤៧.” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ១-៨៤. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា គ.ស. ២០១១.

———. “រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា (បោះពុម្ពឆ្នាំ ១៩៦៩).” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ៤៣-៨៤. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា ឆ្នាំ ២០១១.

———. “រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ឆ្នាំ ១៩៧២.” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ៨៥-១៣៣. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា គ.ស. ២០១១.

អៀវកើស. “តារាងបុព្វបទនិងបទជ្រែក.” In ភាសាខ្មែរ (ការល្បងពិនិត្យដោយរកហេតុផល), ការបោះពុម្ពឡើងវិញ. Vol. ២. ភ្នំពេញ: បណ្ណាគារមិត្តសេរី, ១៩៦៧. https://docs.google.com/viewerng/viewer?url=http://www.5000-years.org/book/53810/khmer_language_by_ieu_koeus.pdf.

 

[1] Headley et al., “ប្រជុំ”; អៀវ, “តារាងបុព្វបទនិងបទជ្រែក.”

[2] Jenner, “ជុំ”; Pou, “juṃ.”

[3] ជួន et al., “ប្រជុំ.”

[4] ជួន et al., “ពិនិត្យ.”

[5] ជួន et al., “ស្រាវ.”

[6] ជួន et al., “ជ្រាវ.”

[7] ជួន et al., “ស្រាវជ្រាវ.”

[8] នរោត្ដម, ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី; ហ៊ុន, អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្ដីការគណៈរដ្ឋមន្ត្រី.

[9] ហ៊ុន, អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្ដីការគណៈរដ្ឋមន្ត្រី.

[10] ហ៊ុន, អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ធកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន.

[11] ទីស្ដីការគណៈរដ្ឋមន្ត្រី, “គរម-ប្រកព-២៨ កុម្ភៈ ២០២១”; ទីស្ដីការគណៈរដ្ឋមន្ត្រី, “គរម-សជណ-៣១ មីនា ២០២០.”

[12] អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, “រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ឆ្នាំ ១៩៤៧.”

Share

ព័ត៌មានទាក់ទង

Image