en     km
en     km

ក្រុមការងារអន្តរក្រសួងបន្តចុះពិនិត្យទីតាំងព្រៃលិចទឹកដែលត្រូវបានទន្ទ្រានក្នុងខេត្តចំនួន៤

Share

ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួងដឹកនាំដោយរដ្ឋមន្រ្តីក្រសួងដែនដីបានបន្តចុះពិនិត្យ និងចាត់វិធានការបង្ក្រាបលើការ ទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបស្ថិតក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ បេសសកម្មពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១នេះ ក្រុមការងារអន្តរក្រសួង  បានរកឃើញផ្ទៃដីជាច្រើនហិកតាដែលត្រូវបានទន្ទ្រានដោយខុសច្បាប់ និងណែនាំដល់អាជ្ញាធរថ្នាក់មូលដ្ឋានអនុវត្តវិធានការមួយចំនួនដើម្បីការពារទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកបន្តទៀត។

 លោក​ កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

បន្ទាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ គឺមានខេត្តចំនួនបួនទៀត ដែលក្រុមការងារអន្តរក្រសួងកំពុងបន្តបេសសកម្មចុះពិនិត្យទីតាំងដីដែលត្រូវបានទន្រ្ទានក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។ ខេត្តចំនួនបួននោះរួមមាន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុក្រសួងដែនដី និងទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម។

យោងតាមព័ត៌មាននិងទិន្នន័យនានាបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងកសិកម្មបានឱ្យដឹងថា​

ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋចំនួន ១៩២១ គ្រួសារ កំពុងអាស្រ័យផលក្នុងតំបន់៣ លើផ្ទៃដី ៤ ០០០,២៨ ហត។ក្នុងនោះស្រុកបាកានមានចំនួន ៤ឃុំ (ស្នាមព្រះ, បឹងបត់កណ្ដាល, ឈើទឹក, អូរតាប៉ោង) មានប្រជាពលលរដ្ឋចំនួន ៣៤៩ គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដីជាង ១ ពាន់ហិកតា (១ ០២២,៦៨ហត)។ ស្រុកកណ្តៀង មានទំនួន ៦ឃុំ (កោះធំ ស្រែស្តូក, កណ្ដៀង, ស្យា, កញ្ជួរ និងឃុំរាំងទិល)មានប្រជាពលរដ្ឋចំនួន ៦៦២ គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដីជាង ២ពាន់ហិកតា( ១៨៦៣,៧៩ ហត)។និងស្រុកក្រគរ មានចំនួន ៧ឃុំ (អន្សាចំបក់, ក្បាល់ត្រា, កំពង់លួង, អន្លង់ត្នោត, ស្នាអន្សោង កំពង់ពោធិ៍ និងឃុំអូរសណ្ដាន់) មានប្រជាពលរដ្ឋចំនួន ៩១០គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដីជាង ១ពាន់៥រយហិកតា(១៥៤៧,៦ហត)។

 

រូបភាពដីព្រៃលិចទឹកនៃបឹងទន្លេសាបដែលពលរដ្ឋបានចូលទន្ទ្រានកាន់កាប់បង្កបង្កើនផល។រូបភាពពីហ្វេសប៊ុកក្រសួងដែនដី។

 

ដោយឡែកក្នុងខេត្តបាត់ដំបងវិញ បើយោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួងបានបង្ហាញថា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្នុងតំបន់៣ មានផ្ទៃដីចំនួនជាង២០ម៉ឺនហិកតា(២០៦ ៩៥៣ហត) ស្មើនឹង៣១,៩៦% នៃផ្ទៃដីតំបន់ ៣ ដែលមានសរុបមានចំនួន២៩ទីតាំង ស្មើប្រមាណជាងមួយម៉ឺនហិកតា( ១២ ២២១ហត) និងមានប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ចំនួន ២ ៥១៤គ្រួសារ ស្ថិតនៅក្នុង ឃុំចំនួន ១៧ ក្នុងស្រុកទាំង៤ ។

ក្នុងនោះមានស្រុកសង្កែមានប្រជាពលរដ្ឋចំនួនជិត២ពាន់គ្រួសារ( ១ ៩៤៤គ្រួសារ)ដែលបានចូលទន្ទ្រានលើផ្ទៃដីជាងមួយរយហិកតា(១១៤,៥ហត)។ស្រុកថ្មគោលមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារបានចូលទន្ទ្រានលើផ្ទៃដីចំនួន ៣៨៦ហិកតា។ ស្រុកមោងឫស្សីមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារបានចូលទន្ទ្រានកាន់កាប់លើផ្ទៃដី ២១៤,៧ហត។និងស្រុកឯកភ្នំមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារបានទន្ទ្រានលើផ្ទៃដីជាង ៣ពាន់ហិកតា(៣ ០៥៣,២ហត)។

បន្ទាប់ពីបានរកឃើញផ្ទៃដីនិងចំនួនគ្រួសារដែលបានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករួចមកក្រុមការងារអន្តរក្រសួងក៏បានចេញសេចក្តីណែនាំដល់រដ្ឋបាលខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងត្រូវបញ្ឈប់ការចេញលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។មួយវិញទៀតត្រូវ កំណត់អត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់បញ្ជូនទៅតុលាការ ហើយជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រានដែលផ្ដល់អាទិភាពលើការដាំដើមឫស្សី។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ត្រូវទុកពេលឱ្យប្រមូលផល រួចស្នើធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញបន្ទាប់ពីប្រមូលផលស្រូវរួច។

សកម្មភាពចូះក្រុមការងារអន្តរក្រសួងចុះពិនិត្យដីព្រៃលិចទឹក។រូបភាពក្រសួងដែនដី។

 

ក្នុងបេសសកម្មចុះពិនិត្យនិងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេ សាបនេះ សម្រាប់ខេត្តកំពង់ឆ្នាំងក្រុមការងារបានរកឃើញផ្ទៃដីដែលត្រូវបានទន្ទ្រានខុសច្បាប់ចំនួនជាង២ពាន់ហិកតា។ និងខេត្តកំពង់ធំ មានករណីកាប់ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ចំនួន៤០ករណីលើផ្ទៃដីចំនួនជាង ៣ពាន់ ៥រយហិកតា។

ការចុះពិនិត្យនិងចាត់វិធានការបង្ក្រាបលើការទន្រ្ទានខុសច្បាប់លើដីព្រៃលិចទឹកនេះ កើតមានឡើងបន្ទាប់ពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បែងចែកភារកិច្ច ចុះពិនិត្យ និងស្រាវជ្រាវ លើការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។ នាយករដ្ឋមន្រ្តីប្រកាសថា  ជនណាដែល​ប្រគល់ដីដែលខ្លួនបាន​រំលោភកាន់កាប់លើព្រៃលិចទឹកនៅ​ក្នុងតំបន់បឹងទន្លេសាប​មកឱ្យ​រដ្ឋ គឺ​ត្រូវបាន​រួចខ្លួន។ចំណែក ជនណានៅ​រឹងទទឹងត្រូវវាយខ្នោះឱ្យខានតែបាន។

អង្គការសង្គមស៊ីវិលដែលធ្វើការលើបញ្ហាបឹងទន្លេសាបសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើជនខិលខូចដែលកាន់កាប់ដីព្រៃលិចទឹកខុសច្បាប់នេះ។ អង្គការសង្គមស៊ីវិលយល់ថា ការចូលទន្ទ្រានកាប់ព្រៃលិចទឹកជាការបំផ្លាញជម្រករបស់ត្រី និងជីវចម្រុះផ្សេងៗទៀតដែលរស់នៅក្នុងបឹងទន្លេសាប។ តែយ៉ាងណា ពួកគេចង់ឃើញរដ្ឋាភិបាលបន្តចំណាត់ការនេះឱ្យបានតឹងរឹង ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកដែលជម្រកនៃជីវចម្រុះ ពិសេសមច្ឆាជាតិដែលជាអាហារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង