en     km
en     km

ហិង្សាលើស្ត្រីអ្នកសារព័ត៌មានត្រូវបានយូណេស្កូរំលេចក្នុងយុទ្ធនាការ៨ថ្ងៃ

Share

អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាបានរៀបចំធ្វើយុទ្ធនាការមួយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយផ្តោតលើការប្រឆាំងអំពើហិង្សាលើអ្នកសារព័ត៌មានស្ត្រី។ យុទ្ធនាការរយៈពេល៨ថ្ងៃនេះ បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី២ ហើយនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១។

តាមរយៈសារតាមអ៊ីម៉េល អ្នកនាង វន មករា ដែលជាមន្ត្រីកម្មវិធីផ្នែកសារគមនាគមន៍និងព័ត៌មាននៃអង្គការយូណេស្កូនៅកម្ពុជា បានឱ្យដឹងថា សកម្មភាពនេះជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើហិង្សាពាក់ព័ន្ធនឹងយែនឌើរនៅលើពិភពលោករយៈពេល១៦ថ្ងៃ។ យុទ្ធនាការនេះប្រព្រឹត្តទៅពីថ្ងៃទី២៥ ខែវិច្ឆិកា ដែលជាទិវាអន្តរជាតិប្រឆាំងអំពើហិង្សាលើស្ត្រី ដល់ថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។

យុទ្ធនាការរបស់អង្គការយូណេស្កូប្រចាំកម្ពុជា ដែលជំរុញឱ្យបញ្ឈប់អំពើហិង្សាលើអ្នកសារព័ត៌មាននារី ប្រព្រឹត្តទៅក្នុងទម្រង់ជាការផ្សាយសារនិងរូបភាពនានា ស្ដីពីអ្នកសារព័ត៌មានភេទស្រីចំនួន ១១ នាក់ មកពីប្រទេសផ្សេងៗ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាទំព័រហ្វេសប៊ុកជាដើម ដើម្បីឱ្យមហាជនបានដឹង។

នៅថ្ងៃដំបូងនៃយុទ្ធនាការរបស់ខ្លួន អង្គការយូណេស្កូនៅកម្ពុជាបានលើកយកសាររបស់អ្នកស្រី អ៊ីរ៉ែន ខាន់ ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកការផ្សព្វផ្សាយនិងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ មកបង្ហាញសាធារណជន។ លោកស្រី អ៊ីរ៉ែន ខាន់ បានលើកឡើងថា៖ «យើងមិនអាចទទួលយកបានទេ ចំពោះការវាយប្រហារនិងការរំលោភបំពាន ទៅលើអ្នកសារព័ត៌មាន ដោយសារការបំពេញការងាររបស់ពួកគេ។ ឥឡូវ វាជាពេលដែលយើងត្រូវស្ដាប់សំឡេង ឬរឿងរ៉ាវរបស់ស្ត្រី»។

ចំណែកឯអ្នកស្រី ម៉ាថា មូកៃវ៉ា វិញ ក្នុងនាមជាស្មេរឯករាជ្យមកពីប្រទេសណាមីប៊ី លោកស្រីមិនព្រមឱ្យគេបំបិទមាត់របស់លោកស្រីទេ ទោះបីជាមានការគំរាមកំហែង និងអំពើហិង្សាតាមប្រព័ន្ធអនឡាញនិងដោយផ្ទាល់ មកលើរូបលោកស្រីក៏ដោយ។ នេះបើយោងតាមអង្គការយូណេស្កូ ដែលបានផ្សាយសាររបស់លោកស្រីក្នុងថ្ងៃទី២នៃយុទ្ធនាការ ពោលគឹថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា។

សាររបស់លោកស្រី ម៉ាថា មូកៃវ៉ា លើកឡើងថា៖ «យើងត្រូវការស្ត្រីចូលរួមក្នុងការងារវិជ្ជាជីវៈ។ យើងត្រូវការស្ត្រីឱ្យជួយដោយពុំខ្លាចរអា ធ្វើឱ្យការរស់រានមានជីវិតរបស់យើងមានភាពប្រក្រតី ហើយរឿងនេះមិនកើតឡើងទេ បើយើងភ័យខ្លាច»។

ក្នុងថ្ងៃបន្តបន្ទាប់នៃយុទ្ធនាការនេះ អង្គការយូណេស្កូនឹងបន្តបង្ហាញសាររបស់ស្ត្រីអ្នកសារព័ត៌មានផ្សេងៗទៀត ដែលមកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក ឥណ្ឌា លីបង់ និងកូឡុំប៊ី។

អ្នកនាង វន មករា បានជំរុញឱ្យអង្គការនិងសមាគមនានានៅកម្ពុជា ចូលរូមក្នុងយុទ្ធនាការរបស់អង្គការយូណេស្កូ តាមរយៈការផ្សាយសារនិងរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន៕

Share

Image
Image
Image