en     km
en     km

ស.រ.អ និងអឺរ៉ុបសម្តែង«ក្ដីបារម្ភខ្លាំង»ពីឥរិយាបថចិនចំពោះតៃវ៉ាន់

Share

ទីភ្នាក់ងារសារព័ត៌មានក្យូដូរាយការណ៍ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ បានសម្តែង«ក្ដីបារម្ភខ្លាំង»របស់ពួកគេ អំពីកំណើនឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើត ព្រមទាំងអំពីអាកប្បកិរិយារបស់ប្រទេសដ៏ធំមួយនេះចំពោះកោះតៃវ៉ាន់។

ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរ៉ុប សុទ្ធតែបាននិយាយថា ទង្វើរបស់ទីក្រុងប៉េកាំងប៉ះពាល់ផ្ទាល់ដល់សន្តិសុខរបស់ពួកគេ។ ភាគីទាំងពីរនេះបានបង្ហាញជំហររបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានផ្សាយចេញ បន្ទាប់ពីការប្រជុំកម្រិតខ្ពស់លើកទីពីរក្នុងក្របខ័ណ្ឌកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបស្តីពីប្រទេសចិន។

ជំហររបស់ភាគីទាំងពីរឆ្លុះបញ្ចាំងពីអ្វីដែលមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកហៅថា ទស្សនៈវិស័យដែល«ស៊ីសង្វាក់គ្នាកាន់តែខ្លាំងឡើង» រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទាក់ទងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។

អំឡុងកិច្ចសន្ទនានៅទីក្រុងវ៉ាស៊ីនតោន អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក វ៉ិនឌី ស៊ែមែន និងអគ្គលេខាធិការសេវាកម្មសកម្មភាពក្រៅតំបន់អឺរ៉ុប លោក ស្តេហ្វាណូ សានីណូ បានពិភាក្សាគ្នាអំពី«បញ្ជីកាន់តែវែង»នៃសកម្មភាពរបស់ប្រទេសចិន ដែលស្ថិតក្នុងក្ដីបារម្ភរបស់ភាគីទាំងពីរ មានជាអាទិ៍ការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សក្នុងសហគមន៍ជនជាតិភាគតិច អ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាមក្នុងតំបន់ ស៊ីនជាំង និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅហុងកុង។

ពួកគេក៏បានសម្តែងនូវ«កង្វល់ខ្លាំងចំពោះសកម្មភាពបង្ករឿងនិងជាឯកតោភាគីរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ព្រមទាំងនៅច្រកសមុទ្រតៃវ៉ាន់ ដែលបំផ្លាញសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ ហើយដែលមានផលប៉ះពាល់ផ្ទាល់ដល់សន្តិសុខនិងវិបុលភាព ទាំងរបស់សហរដ្ឋអាមេរិក ទាំងរបស់សហភាពអឺរ៉ុប។» នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍នោះ៕

យោង៖ https://english.kyodonews.net/news/2021/12/13bf2dd4446d-us-eu-voice-strong-concern-over-chinas-behavior-toward-taiwan.html

Share

Image
Image
Image