en     km
en     km

អាជ្ញាធរខេត្តកំពង់ឆ្នាំងដកហូតព្រៃលិចទឹកបានចំនួនជាង ២ពាន់ហិកតាក្នុងតំបន់៣

Share

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ដល់បច្ចុប្បន្នអាជ្ញាធរខេត្តកំពង់ឆ្នាំងនិងក្រុមការងារអន្តរក្រសួងបានដកហូតដីព្រៃលិចទឹកក្នុងតំបន់៣ ដែលរងការទន្ទ្រានខុសច្បាប់ពីជនខិលខូចពិសេសមេឈ្មួញដីព្រៃលិចទឹកក្រាក់ៗបានចំនួនជាង ២ ពាន់ហិកតា។ យ៉ាងណាប្រជាពលរដ្ឋដែលបានជួលដីពីពួកឈ្មួញទាំងនោះដើម្បីធ្វើស្រែចំការបង្កបង្កើនផលត្អូញត្អែរពីការខាតបង់ប្រាក់ និងចង់ឱ្យមានដំណោះស្រាយទូទាត់សំណង។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

យ៉ាងហោចណាស់ផ្ទៃដីព្រៃលិចទឹកក្នុងតំបន់បីនៃខេត្តកំពង់ឆ្នាំជាង​ ២ ពាន់ហិកតាត្រូវបានដកហូតជាសម្បត្តិរដ្ឋវិញហើយ ក្រោយមានបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីនាយករដ្ឋមន្រ្តីឱ្យ បង្ក្រាបនិងដកហូតដីព្រៃលិចទឹកពីជនខិលខូចដែលបានទន្ទ្រានយកជាផលប្រយោជន៍ឯកជនផ្ទាល់ខ្លួន។

តាមទំព័រហ្វេសប៊ុករបស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងដែលទើបចូលកាន់តំណែងថ្មីបានឱ្យដឹងថា ក្រុមការងារចម្រុះមកពីក្រសួងដែនដី កម្លាំងចម្រុះរបស់ខេត្ត និងអាជ្ញាធរមូលដ្ឋានបានចុះដកបង្គោលព្រំដី និងរុះរើរោងខុសច្បាប់នៅតំបន់ព្រៃលិចទឹកក្នុងតំបន់៣ ក្នុងភូមិសាស្ត្រ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២១។ ក្នុងបេសសកម្មនេះ អាជ្ញាធរបានដកហូតដីប្រមាណជាង ២ពាន់ហិកតាពីឈ្មួញដីព្រៃលិចទឹកចំនួន ១៣ នាក់ដែលកន្លងមកបានប្រើអំណាចទន្ទ្រានដីព្រៃលិចទឹកមកកាន់កាប់ និងជួលដីឱ្យពលរដ្ឋធ្វើស្រែចំការកេងយកជាផលប្រយោជន៍ផ្ទាល់ខ្លួន។

អាជ្ញាថរខេត្តកំពង់ឆ្នាំងចុះរុះរើសំណងសង់រំលោភដីលិចទឹករបស់រដ្ឋ។រូបភាពពីហ្វេសប៊ុកអភិបាលខេត្តកំពង់ឆ្នាំង។

 

ជុំវិញការដកហូតដីក្នុងតំបន់បីនេះ ប្រជាពលរដ្ឋដែលបានជួលដីពីឈ្មួញដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិតបានត្អូញត្អែរពីការខាតបង់ប្រាក់បន្ទាប់ពីដីស្រែត្រូវបានអាជ្ញាធរដកហូត ខណៈកសិករខ្លះទើបចំណាយប្រាក់បាញ់ថ្នាំនិងខ្លះទើបដាក់ជី។ កសិករមួយរូបមានគណនីហ្វេសប៊ុក ឈ្មោះ ស៊ូ ចន្ទា្រ សរសេរលើទំព័រហ្វេសប៊ុកថា ស្រែរបស់ខ្លួនទើបបាញ់ថ្នាំ និងដាក់ជីឥឡូវត្រូវដកហូតទៅបាត់។ លោក ចន្ទ្រា ដែលបង្ហាញមុខលើហ្វេសប៊ុកយ៉ាងច្បាស់ជាមួយស្រែនៅពីក្រោយខ្នងបានរអ៊ូពីបំណុលធនាគារផងដែរ។

ចំណែកគណនីហ្វេសប៊ុកឈ្មោះ មនុស្សរុក្ខជាតិសរសេរជាសារអំពាវនាវដល់អភិបាលខេត្តកំពង់ឆ្នាំង និងក្រសួងពាក់ព័ន្ធអនុគ្រោះទុកពេលឱ្យប្រជាកសិកររហូតបានប្រមូលផលស្រូវសិនចាំដកហូតដី ព្រោះគ្រួសារកសិករក្រីក្រកំពុងខ្ចីលុយធនាគារយកមកធ្វើស្រែ។

 

 

ដោយឡែកប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំមួយចំនួនទៀត ដែលបានជួលដីពីឈ្មួញធំៗមកធ្វើស្រែ មិនជំទាស់នឹងការដកហូតដីនោះទេ តែប្រជាពលរដ្ឋស្នើឱ្យមេឈ្មួញដែលខ្លួនជួលដីសងសំណងមកវិញ។

វិទ្យុស្ត្រីពុំទាន់អាចសូមការបំភ្លឺករណីពីអ្នកនាំពាក្យក្រសួងដែនដីបាននៅឡើយទេនៅថ្ងៃនេះដោយទូរស័ព្ទចូលតែត្រូវចុចផ្តាច់។

ប៉ុន្តែលោក យ៉ូវ សេងគុណ នាយករដ្ឋបាលនិងជាអ្នកនាំពាក្យខេត្តកំពង់ធំប្រាប់វិទ្យុសស្រ្តីថា រដ្ឋបាលខេត្តគ្មានគោលការណ៍ទូទាត់សំណងនោះទេ ដោយណែនាំឱ្យពលរដ្ឋទៅទារសំណងពីឈ្មួញដែលកសិករបានជួលដីនោះ។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តអនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលដោយគ្មានការយោគយល់ចំពោះជនណាដែលបានបំពានច្បាប់ មិនថាជននោះជាឈ្មួញមានទ្រព្យសម្បត្តិមានអំណាច ឬជាកសិករក៏ដោយ។

ដោយឡែក ការចុះដកហូតដីក្នុងខេត្តកំពង់ធំបើតាមរបាយការណ៍ចេញផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ នៅរសៀលថ្ងៃទី២៩ វិច្ឆិកា ២០២១ បង្ហាញថា ក្នុងខេត្តកំពង់ធំបានរកឃើញករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ចំនួន ៤០ ករណី លើផ្ទៃដីជាង ៣លាន ៥សែនហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១។

តាមព័ត៌មានក្រៅផ្លូវការពីអ្នកចុះស្រាវជ្រាវករណីនេះដែលលោក ចាន់ សុផល នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយនិងជាអ្នកវិភាគសេដ្ឋកិច្ចមួយរូបបានបង្ហោះលើទំព័រហ្វេសប៊ុកឱ្យដឹងថា ផ្ទៃដីក្នុងតំបន់បីនៃខេត្តកំពង់ធំដែលត្រូវបានរានធ្វើស្រែកន្លងមកមានប្រហែល ៥ម៉ឺនហិកតា។ ហើយកសិករដែលបានជួលដីពីឈ្មួញធ្វើស្រែប្រាំងមានចំនួនប្រហែលមួយពាន់គ្រួសារលើផ្ទៃដីប្រមាណ១ម៉ឺនហិកតានៅទំនាបក្បែរបឹងទន្លេសាបក្នុងតំបន់ហាមឃាត់ក្នុងខេត្តកំពង់ធំ។

លោក ចាន់ សុផល យល់ថាកសិករកំពុង​ប្រឈម​នឹង​ការ​ខាតបង់​ច្រើន​ ដោយសារ​អាជ្ញាធរ​កំពុង​បណ្តេញ​ចេញ​ និងដកហូតដីស្រែពីកសិករទាំងនោះ​។ លោកថា បើគិតតែខេត្តកំពង់ធំមួយ ប្រហែលជាត្រូវខាតបង់ប្រាក់ ១០លានដុល្លារអាមេរិក បើគិតមួយហិកតាប្រជាកសិករបានផលស្រូវក្នុងតម្លៃ ១០០០ដុល្លារជាមធ្យមនោះ។

ក្នុងសារសំឡេងជាង ២០នាទីកាលពីថ្ងៃទី២៨ ខែវិច្ឆិកា សម្តេច ហ៊ុន សែន បានព្រមានចាប់ខ្លួនមន្ត្រី និងអ្នកពាក់ព័ន្ធនឹងការកាប់រាន រំលោភដីបឹងទន្លេសាប ដោយនឹងរឹបអូសទ្រព្យសម្បត្តិបើសិនជាមន្ត្រី និងអ្នកពាក់ព័ន្ធទាំងនោះមិនចេញមកសារភាព៕

 

Share

Image
Image
Image