en     km
en     km

តំណាងតាលីបង់និងតំណាងរបបយោធាភូមាមិនទាន់មានសិទ្ធិក្នុង អ.ស.ប ទេ

Share

គណៈកម្មាធិការមួយរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធ បានពន្យារពេលសម្រេចចិត្តថានរណានឹងតំណាងឱ្យប្រទេសអាហ្វហ្គានីស្ថាន និងតំណាងឱ្យប្រទេសភូមាឬមីយ៉ាន់ម៉ា ក្នុងអង្គការពិភពលោកនេះ។

គណៈកម្មាធិការមួយរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី០១ ខែធ្នូ បានពន្យារពេលធ្វើការសម្រេចចិត្តថាតើនរណានឹងតំណាងឱ្យប្រទេសអាហ្វហ្គានីស្ថាន និងតំណាងឱ្យប្រទេសមីយ៉ាន់ម៉ា ឬភូមា នៅក្នុងអង្គការពិភពលោកនេះ។ ទីភ្នាក់ងារសារព័ត៌មានរើយធើរាយការណ៍ដូច្នេះតាមប្រធានគណៈកម្មាធិការដែលមកពីប្រទេសស៊ុយអែត។

រឿងនេះមានន័យថា សម្រាប់ពេលបច្ចុប្បន្ន តំណាងរដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន និងតំណាងរដ្ឋាភិបាលយោធានៃប្រទេសភូមា មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងអង្គការសហប្រជាជាតិ ដើម្បីការពារផលប្រយោជន៍ប្រទេសពួកគេរៀងៗខ្លួន នៅលើវេទិកាពិភពលោកមួយនេះទេ។

ការទាមទារដ៏ចម្រូងចម្រាស់ដើម្បីបានសិទ្ធិកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ ដោយប្រទេសទាំងពីរ បានកើតឡើង នៅពេលដែលរដ្ឋាភិបាលតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធានៅប្រទេសភូមា ប្រជែងគ្នានឹងឯកអគ្គរដ្ឋទូតតែងតាំងដោយរដ្ឋាភិបាលមុន គឺរដ្ឋាភិបាលដែលក្រុមតាលីបង់ និងក្រុមយោធា បានបណ្តេញចេញពីអំណាចនៅក្នុងឆ្នាំនេះ។

ប្រសិនបើអង្គការ​សហ​ប្រជាជាតិទទួលយកតំណាងរដ្ឋាភិបាល​តាលីបង់ ឬតំណាងរដ្ឋាភិបាល​យោធាភូមា នោះអ្វីដែល​រដ្ឋាភិបាលថ្មីនៃប្រទេស​ទាំង​ពីរកំពុងចង់បាននឹងកើតឡើង ពោលគឺ​ការ​ទទួល​ស្គាល់ជា​អន្តរជាតិ ចំពោះ​រដ្ឋាភិបាលដែលកើតពីការប្រើកម្លាំងនិងពីរដ្ឋប្រហារ​។

គណៈកម្មាធិការទទួលបន្ទុកវាយតម្លៃសិទ្ធិតំណាងស្របច្បាប់ ដែលមានសមាជិក៩ប្រទេស ក្នុងនោះមានរុស្ស៊ី ចិន និងសហរដ្ឋអាមេរិកផង បានជួបប្រជុំគ្នានៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ដើម្បីពិចារណាអំពីសិទ្ធិស្របច្បាប់នៃសមាជិកទាំង១៩៣ប្រទេស សម្រាប់សម័យប្រជុំបច្ចុប្បន្ននៃមហាសន្និបាតអង្គការសហប្រជាជាតិ។

អ្នកការទូតជាច្រើននាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរើយធើថា គណៈកម្មាធិការទំនងជាពន្យារពេលធ្វើការសម្រេចចិត្តលើសិទ្ធិតំណាងប្រទេសអាហ្វហ្គានីស្ថាន និងសិទ្ធិតំណាងប្រទេសភូមា ដោយយល់ឃើញថា ឯកអគ្គរដ្ឋទូតបច្ចុប្បន្ន តែងតាំងដោយរដ្ឋាភិបាលមុន នៅតែតំណាងឱ្យប្រទេសរបស់ពួកគេរៀងៗខ្លួន។

ប្រធានគណៈកម្មាធិការ គឺឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំងអង្គការសហប្រជាជាតិ លោកស្រី អាណា ការីន អ៊ីណេស្ត្រំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តត្រូវបានពន្យារពេល។ ប៉ុន្តែ លោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ លើរឿងដែលថាតើឯកអគ្គរដ្ឋទូតបច្ចុប្បន្នសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន និងសម្រាប់ប្រទេសភូមា នៅតែជាតំណាងស្របច្បាប់ឱ្យប្រទេសរបស់ពួកគេឬយ៉ាងណា៕

Share

Image
Image
Image