នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃពុធ ទី០១ ខែធ្នូ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ទាក់ទងនឹងបញ្ហានៅក្នុងប្រទេសភូមាឬមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង។
នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃពុធ ទី០១ ខែធ្នូ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ទាក់ទងនឹងបញ្ហានៅក្នុងប្រទេសភូមាឬមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង ដោយបង្ហាញជំហរមិនលំអៀងទៅរកប្រទេសណាមួយទេ។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា សម្ដេច ហ៊ុន សែន បានលើកឡើងអំពីតួនាទីសំខាន់របស់ឥណ្ឌូនេស៊ីនៅក្នុងក្របខណ្ឌអាស៊ាន រួមទាំងទស្សនទាន ជាពិសេសការអនុវត្តទស្សនទានឥណ្ឌូប៉ាស៊ីហ្វិក នៅចំពោះមុខលោកស្រី រីណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។
យោងតាមប្រភពដដែល នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះទស្សនទាននៅក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក គឺត្រូវធ្វើយ៉ាងណាឱ្យមានគោលដៅគាំទ្រ គោលដៅសន្តិភាព និងការអភិវឌ្ឍគោលដៅ ដោយធ្វើយ៉ាងណាកុំឱ្យមានការប្រឆាំងនឹងប្រទេសណាក្នុងតំបន់នេះ ហើយសំខាន់ជាងនេះទៅទៀត គឺគាំទ្រតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់។
សម្ដេច ហ៊ុន សែន ក៏បានថ្លែងពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូងដែរ ដោយសម្ដេចជំរុញការចរចាអំពីក្រមប្រតិបត្តិ (ស៊ីអូស៊ី) ឱ្យបានសម្រេចនៅពេលវេលាសមស្របដែលអាចធ្វើទៅបាន ដោយសារឆ្នាំក្រោយជាឆ្នាំខួបលើកទី ២០ នៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិនៃភាគីនៅសមុទ្រចិនខាងត្បូង (ឌីអូស៊ី) ដែលអាស៊ាននិងចិនគ្រោងនឹងប្រារព្ធធ្វើនៅឆ្នាំក្រោយនេះដែរ។ ប្រភពបន្តឱ្យដឹងដូច្នេះ ដោយបន្ថែមថា ជាមួយគ្នានេះ សម្តេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងសភាពការណ៍នៅមីយ៉ាន់ម៉ា និងចំណុចផ្សេងៗទៀត ជាពិសេសពាក់ព័ន្ធនឹងសភាពការណ៍ក្នុងតំបន់ដែលអាស៊ានត្រូវយកចិត្តទុកដាក់។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរាយការណ៍ទៀតថា ចំពោះទស្សនទានអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ឥណ្ឌូនេស៊ីបានគាំទ្រនិងឯកភាពជាមួយសម្ដេច ហ៊ុន សែន ហើយលោកស្រី រីណូ ម៉ាស៊ូឌី បានគូសបញ្ជាក់ថា នេះគឺជាស្នូល ជារឿងសំខាន់នៃអាស៊ាន ជាពិសេសធ្វើយ៉ាងណាឲ្យអាស៊ានបន្តដើរតួនាទីស្នូល ហើយឥណ្ឌូនេស៊ីនឹងសហការជាមួយកម្ពុជា ក្នុងការរៀបចំនូវផែនការសកម្មភាព ធ្វើយ៉ាងណាអាចអនុវត្តទស្សនទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិកនេះ។
ប្រភពបន្តថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានថ្លែងគាំទ្រផងដែរ ចំពោះទស្សនៈរបស់នាយករដ្ឋមន្ត្រីកម្ពុជា អំពីសភាពការណ៍នៅមីយ៉ាន់ម៉ា ហើយលោកស្រីបានបញ្ជាក់និងកោតសរសើរការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការចរចាស្វែងរកសន្តិភាព ជាពិសេសទៀត គឺការបង្រួបបង្រួមជាតិដែលជាបទពិសោធន៍ដ៏ល្អ ក្នុងការចែករំលែកជាមួយនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាននេះ៕