en     km
en     km

លោក កឹម សុខា ប្រកាសថាសកម្មភាពរបស់លោកមិនស្ថិតក្រោមគំនាបបង្ខិតបង្ខំ

Share

ភ្នំពេញ៖ លោក កឹម សុខា ប្រកាសថាអ្វីដែលលោកធ្វើមិនស្ថិតក្រោមគំនាបរបស់ជនណាម្នាក់ឡើយ ខណៈមជ្ឈដ្ឋានមួយចំនួនពិសេសលោក សម រង្ស៊ី យល់ថាសាររបស់លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាថ្មីៗនេះ​ ធ្វើឡើងដោយការគំរាមពីនាយករដ្ឋមន្រ្តីដែលចង់បំបែកអ្នកប្រជាធិបតេយ្យ។ជុំវិញរឿងនេះ សម្តេច ហ៊ុន សែន ថ្លែងថាសម្តេចមិនបានលូកដៃបង្កភាពល្អក់កករផ្ទៃក្នុងបក្សប្រឆាំងនោះទេ។

លោក​ កែវ សុខា​ រាយការណ៍ព័ត៌មាននេះ

 

សារខ្លីមួយរបស់លោក កឹម​ សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការបានបញ្ជាក់ថា សកម្មភាពឬទង្វើអ្វីដែលលោកបានធ្វើមិនស្ថិតក្រោមគំនាបឬការគំរាមបង្ខិតបង្ខំពីនរណាម្នាក់ឡើយ។

នេះជាការប្រកាសជាថ្មីរបស់លោក កឹម សុខា លើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ។

សាររបស់អតីតមេដឹកនាំបក្សប្រឆាំងដែលស្ថិតក្រោមបម្រាមនយោបាយរូបនេះបន្ថែមថា អ្វីដែលលោកធ្វើគឺធ្វើទៅតាមលទ្ធភាព តាមកាលៈទេសៈ និងដោយឆន្ទៈពិតរបស់លោក ពោលគឺមិនធ្វើតាមការបង្ខំរបស់នរណាម្នាក់ឡើយ ជាពិសេសគឺខ្លឹមសារដែលលោកផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១។

លោក កឹម សុខា ដឹកនាំក្រុមការងារធ្វើបុណ្យកឋិនទានក្នុងវត្តមួយ។រូបភាពពីហ្វេសប៊ិកលោក កឹម សុខា។

 

ជាការកត់សម្គាលការចេញសារខ្លីរបស់លោក កឹម សុខា នេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ជាអតីតមន្រ្តីជាន់ខ្ពស់នៃគណ បក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសបាននិយាយថា​ សាររបស់លោក កឹម សុខា កាលពីថ្ងៃទី២៨ វិច្ឆិកា គឺធ្វើឡើងតាមការគំរាមកំហែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក សម រង្ស៊ី បន្ថែមថា ការចាប់លោក កឹម សុខា ជាចំណាប់ខ្មាំងនយោបាយហើយបង្ខំឱ្យសរសេរសារលើហ្វេសប៊ុក គឺជាការភ័យខ្លាចរបស់នាយករដ្ឋមន្រ្តីមិនចង់ឱ្យមានការរួបរួមនៃអ្នកប្រជាធិបតេយ្យ។

សាររបស់លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សរសេររៀបរាប់ពីទង្វើរបស់លោក សម រង្ស៊ី និងសហការីបានយកឈ្មោះ និងរូបថតនៃសកម្មភាពនានាទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

លោក កឹម សុខា បន្ថែមថា លោក សម រង្ស៊ី និង សហការីបានដើរចេញពីគោលការណ៍ និង ស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ ពិសេសថ្មីៗនេះគឺការត្រលប់គាំទ្រដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់គឺគណបក្សភ្លើងទៀន។ លោក កឹម សុខា ពន្យល់ថា ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា លោក សម រង្ស៊ី និង លោក កឹម សុខា មិនមែនជាមនុស្សតែមួយនោះទេ។

ជុំវិញរឿងនេះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងក្រុងព្រះសីហនុនៅថ្ងៃនេះ ដោយមិនបង្ហាញឱ្យចំឈ្មោះ ប៉ុន្តែទំនងសំដៅដល់ភាពចម្រូងចម្រាសនៃសម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា នោះ សម្តេច ហ៊ុន សែន ថ្លែងថា លោកមិនបានលូកដៃឬបង្គាប់ឱ្យនរណាម្នាក់បង្កភាពល្អក់កករផ្ទៃក្នុងបក្សប្រឆាំងនោះទេ។

 

ទាក់ទងរឿងនេះ កូនស្រីទាំងពីររបស់លោក កឹម សុខា គឺកញ្ញា​ កឹម មនោវិទ្យា និងកញ្ញា កឹម សម្មាធិតា បានបង្ហោះសារលើ បណ្តាញធ្វីតធឺរបស់ខ្លួនដោយគាំទ្រសារនយោបាយឪពុកទាំងស្រុង ដោយចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ដែលចោទថាឪពុកខ្លួនធ្វើតាមការបង្ខំរបស់នាយករដ្ឋមន្រ្តីនោះ គឺជាស្នៀតនយោបាយគ្មានភាពស្មោះត្រង់ និងជាដៃគូបោកប្រាស់៕

 

  

Share

ព័ត៌មានទាក់ទង

Image