2 ធ្នូ 2015-2 ធ្នូ 2021 ជាខួបលើកទី៦ឆ្នាំ នៃការដាក់បញ្ជូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ក្រសួងវប្បធម៌បានបញ្ចេញវីដេអូមួយមានរយៈពេលជាង១នាទី បង្ហាញពីសកម្មភាពនាពេលកន្លងមកពីការទាញព្រ័ត្ររបស់ប្រជាជនកម្ពុជា រីករាយជាមួយល្បែងកម្សាន្ដមួយនេះ នៅក្នុងបរិវេណប្រាសាទអង្គរ និងតាមភូមិឋាននានា ក្នុងប្រទេសកម្ពុជា។
ល្បែងទាញព្រ័ត្រជាល្បែងប្រជាប្រិយមួយប្រភេទដែលនិយមលេងនៅរដូវចូលឆ្នាំខ្មែរ មានប្រុសស្រីចូលរួមលេងកម្សាន្ដ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួត តែជាលក្ខណៈកំសាន្តតែប៉ុណ្ណោះ។ ផ្អេកតាមរូបចម្លាក់នៅប្រាសាទអង្គរវត្ត រឿងកូរសមុទ្រទឹកដោះ មានលក្ខណៈស្រដៀងទៅនិងល្បែងទាញព្រ័ត្រដែរ ដែលបង្ហាញពីការសាមគ្គីគ្នា រវាងបក្ខពួកទេវៈ និងអសុរ ទាញនាគវសុកិ ជាព្រ័ត្រយកភ្នំមន្ទរៈជាស្នូល យកអណ្តើកអវតានៃព្រះនរាយណ៍ជាអ្នកទ្រភ្នំមន្ទរៈ ហើយបបួលគ្នាកូរសមុទ្រទឹកដោះយកទឹកអម្រិត តាមយើងដឹងសព្វថ្ងៃថា អសុរ និង ទេវតាទាញព្រ័ត្រ។
សូមរម្លឹកដែរថា ការដាក់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺមិនមែនតែកម្ពុជានោះឡើយ គឺដាក់ចូលរួមគ្នាចំនួន៤ប្រទេស មាន កូរ៉េ វៀតណាម ភីលីពីន និងកម្ពុជា ដោយសារប្រទេសទាំងនេះមានល្បែងនេះដូចគ្នា ដែលហៅថាសិទ្ធរួម៕