en     km
en     km

សម្តេច ហ៊ុន​ សែន ប្រកាសគាំទ្រកូនប្រុសធ្វើនាយករដ្ឋមន្រ្តីបន្ត

Share

ភ្នំពេញ៖​​ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសជំហរគាំទ្រកូនប្រុសច្បងរបស់ខ្លួនឡើងធ្វើជានាយកមន្រ្តីបន្តក្នុងនាមជាបេក្ខភាពមួយរូបឈរឈ្មោះឱ្យពលរដ្ឋបោះឆ្នោត។

សម្តេច ហ៊ុន សែន បានពន្យល់ពីករណីមួយចំនួននៅបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលមានកូនឡើងធ្វើនាយករដ្ឋមន្ត្រីបន្តពីឪពុកតាមរយៈការឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនផងដែរ។

ប្រមុខរដ្ឋាភិបាលបានប្រកាសចំឈ្មោះលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោកគឺជាបេក្ខភាពនាយករដ្ឋមន្រ្តីមួយរូបដែលមានសមត្ថភាពស័ក្តិសមធ្វើជានាយករដ្ឋមន្រ្តីបន្តពីឪពុក រួមជាមួយមន្រ្តីជំនាន់ក្រោយដែលកំពុងមានសក្តានុពលក្នុងជួររដ្ឋាភិបាល។

សូមស្តាប់ប្រសាសន៍នាយករដ្ឋមន្រ្តី

 

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP)និយាយថា ការស្នើបេក្ខភាពកូនឈ្មោះឈរប្រកួតប្រជែកតំណែងនាយករដ្ឋមន្ត្រីបានឬមិនបានវាអាស្រ័យផ្ទៃក្នុងរបស់បក្ស។ តែសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញមិនអនុញ្ញាតឡើយ ព្រោះទុកឱកាសដល់យុវជនជំនាន់ក្រោយប្រកួតប្រជែងដោយស្មើភាព។ លោកបណ្ឌិតបន្ថែមថា សម្រាប់ប្រកួតប្រជែងក្នុងទិដ្ឋភាពនៃប្រទេសកាន់ប្រជាធិបតេយ្យការស្នើកូនជាបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្រ្តីគឺមិនមានប៉ះពាល់នោះទេ ពោលគឺអាស្រ័យលើគោលនយោបាយបក្សនីមួយៗប៉ុណ្ណោះ ថាតើលើកស្ទួយលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុងបក្សបានកម្រិតណាតែប៉ុណ្ណោះ។

 

ជាការតក់សម្គាល់ ក្រោយការប្រកាសជំហរគាំទ្រកូនប្រុសជាបេក្ខភាពនាយករដ្ឋមន្ត្រី គេឃើញមន្រ្តីតាមក្រសួងមួយចំនួនបានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើរឿងនេះ។មន្រ្តីទាំងនោះលើកឡើងពីគុណសម្បត្តិរបស់លោក ហ៊ុន ម៉ាណែត ថាជាយុវជនជំនាន់ថ្មី ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អផងដែរ៕

Share

Image
Image
Image