en     km
en     km

អង្គការសុខភាពពិភពលោកព្រមានថា មេរោគបំប្លែងខ្លួនថ្មីបង្កហានិភ័យ«ខ្ពស់ណាស់»

Share

អង្គការសុខភាពពិភពលោក នៅថ្ងៃចន្ទ បានព្រមានថា ហានិភ័យបង្កឡើងដោយមេរោគប្រភេទអូមីក្រុង គឺ«ខ្ពស់ណាស់» ប៉ុន្តែថា អ្នកវិទ្យាសាស្ត្រនៅតែពុំទាន់ដឹងច្បាស់អំពីមេរោគបំប្លែងខ្លួនថ្មីនេះ។

អង្គការសុខភាពពិភពលោក នៅថ្ងៃចន្ទ បានព្រមានថា ហានិភ័យទូទាំងសកលលោក បង្កឡើងដោយមេរោគប្រភេទអូមីក្រុង គឺ«ខ្ពស់ណាស់» បើផ្អែកលើភស្តុតាងពីមុន។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី ដែលនិយាយទៀតថា មេរោគកូរ៉ូណាបំប្លែងខ្លួនប្រភេទនេះ អាចនាំឱ្យ«ផលវិបាកធ្ងន់កើនឡើងខ្លាំង»។

ការវាយតម្លៃដោយទីភ្នាក់ងារសុខភិបាលរបស់អង្គការសហប្រជាជាតិ ដែលមាននៅក្នុងរបាយការណ៍បច្ចេកទេស ផ្ញើឱ្យបណ្ដារដ្ឋជាសមាជិក គឺជាការព្រមានខ្លាំងបំផុតនិងច្បាស់លាស់បំផុតរបស់អង្គការសុខភាពពិភពលោក ទាក់ទងនឹងប្រភេទថ្មីនៃមេរោគកូរ៉ូណា។

អ្នកស្រាវជ្រាវនៅប្រទេសអាហ្វ្រិកខាងត្បូងបានកំណត់អត្តសញ្ញាណមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ជាលើកដំបូងកាលពីសប្ដាហ៍មុន។

របាយការណ៍របស់អង្គការសុខភាពពិភពលោកបានផ្សាយចេញ នៅពេលដែលប្រទេសកាន់តែច្រើននៅជុំវិញពិភពលោក រួមទាំងអូស្ត្រាលីផង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធើ បានរាយការណ៍អំពីការរកឃើញមេរោគបំប្លែងខ្លួនប្រភេទនេះ ហើយបានខ្ទប់ទ្វារប្រទេសតាមយុទ្ធសាស្ត្រធ្វើសិន-ចាំសួរក្រោយ ខណៈដែលអ្នកវិទ្យាសាស្ត្រកំពុងប្រញាប់ប្រញាល់រកឱ្យឃើញថា តើប្រភេទបំប្លែងខ្លួនថ្មីនេះអាចមានគ្រោះថ្នាក់កម្រិតណា។

ដូច​អ៊ីស្រាអែលដែរ ប្រទេសជប៉ុន​បាន​ប្រកាស​ថា ខ្លួន​កំពុង​រារាំង​មិន​ឲ្យ​ភ្ញៀវ​បរទេសទាំងអស់​ចូលឡើយ។ រីឯម៉ារ៉ុកវិញ ប្រទេសនេះបានហាមឃាត់រាល់ជើងហោះហើរពីបរទេស។ ចំពោះប្រទេសផ្សេងៗទៀត រួមទាំងសហរដ្ឋអាមេរិក និងបណ្ដាសមាជិកនៃសហភាពអឺរ៉ុប បានសម្រេចបិទផ្លូវចូលចំពោះអ្នកធ្វើដំណើរមកពីភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។

អង្គការសុខភាពពិភពលោកបាននិយាយថា មាន«ភាពមិនប្រាកដប្រជាជាច្រើន» ទាក់ទងនឹងប្រភេទបំប្លែងខ្លួនអូមីក្រុង ។ ប៉ុន្តែអង្គការនេះបានលើកឡើងថា ភ័ស្តុតាងបឋមបង្ហាញពីលទ្ធភាពដែលថាមេរោគប្រភេទថ្មីមានការផ្លាស់ប្តូរ ដែលអាចជួយឱ្យវាអាចទាំងគេចផុតពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្ស អាចទាំងបង្កើនសមត្ថភាពរបស់វាក្នុងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

អង្គការសុខភាពពិភពលោកបានថ្លែងសង្កត់ធ្ងន់ថា ខណៈពេលដែលអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកភស្តុតាងដើម្បីយល់កាន់តែច្បាស់អំពីប្រភេទបំប្លែងខ្លួនថ្មីនេះ ប្រទេសនានាគួរតែពន្លឿនការចាក់ថ្នាំបង្ការឱ្យបានលឿនដូចដែលអាចធ្វើទៅបាន។

ទោះបីជារហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ស្ដីពីមរណភាពដោយសារអូមីក្រុង  ក៏ដោយ ក៏គេដឹងតិចតួចប៉ុណ្ណោះអំពីប្រភេទបំប្លែងខ្លួនថ្មីនេះ។ ការមិនដឹងច្បាស់ទាក់ទងទៅនឹងរឿងដែលថា តើវាឆ្លងខ្លាំងជាងមុន វាទំនងជាបណ្តាលឱ្យមានជំងឺដុនដាប ឬអាចគេចផុតពីវ៉ាក់សាំងច្រើនជាងមុនឬយ៉ាងណា។ កាលពីសប្តាហ៍កន្លងទៅ គណៈកម្មការប្រឹក្សាយោបល់របស់អង្គការសុខភាពពិភពលោក បាននិយាយថា វាទំនងជាអាចធ្វើឱ្យអ្នកដែលធ្លាប់កើតកូវីដ-១៩ហើយ ឆ្លងមេរោគនេះឡើងវិញ។

អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា មេរោគនឹងបន្តស្វែងរកវិធីឆ្លងថ្មី នៅទីណាដែលការចាក់ថ្នាំបង្ការមានអត្រាទាប ហើយការរកឃើញអូមីក្រុង នៅក្នុងទ្វីបអាហ្រ្វិក បានកើតឡើងនៅក្នុងភូមិសាស្ត្រដែលមានប្រជាជនក្រោម៧ភាគរយបានចាក់ថ្នាំបង្ការ៕

Share

Image
Image
Image