en     km
en     km

តុលាការមីយ៉ាន់ម៉ាពន្យារពេលប្រកាសសាលក្រមដំបូងក្នុងរឿងលោកស្រី ស៊ូ ជី

Share

តុលាការនៃប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា បានពន្យារពេលការប្រកាសសាលក្រមដំបូង ក្នុងការជំនុំជម្រះរឿងក្ដីរបស់លោកស្រី អោង សាន ស៊ូ ជី ទៅថ្ងៃទី៦ ខែធ្នូវិញ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើ ផ្សាយនៅថ្ងៃអង្គារ ដោយផ្អែកតាមប្រភពស្និទ្ធនឹងនីតិវិធីតុលាការ។

តុលាការបានកំណត់ពេលប្រកាសសាលក្រមនៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ទាក់ទងនឹងបទញុះញង់ និងបទរំលោភវិធានការទប់ស្កាត់កូវីដ-១៩ តាមច្បាប់ស្ដីពីគ្រោះមហន្តរាយធម្មជាតិ។ ប្រភព​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ពន្យារ​ពេល​នេះ​ទេ ហើយតុលាការក្នុងរដ្ឋធានីណៃពីដោក៏មិនអាចឱ្យអ្នកសារព័ត៌មានទាក់ទងបានភ្លាមៗដែរ។

លោកស្រី ស៊ូ ជី អាយុ៧៦ឆ្នាំ រងការចោទប្រកាន់ជិត១២ករណី ប៉ុន្តែបានបដិសេធរាល់បទចោទទាំងអស់។ អ្នក​គាំទ្រ​លោកស្រី​ ស៊ូ ជី ​និយាយ​ថា ​ករណី​ចោទប្រកាន់ចំពោះ​លោកស្រី​ ស៊ូ ជី មាន​ហេតុផល​នយោបាយ។

ម្ចាស់ជ័យលាភីណូបែលសន្តិភាពរូបនេះ បានដឹកនាំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ប៉ុន្តែត្រូវបានបណ្តេញចេញពីអំណាច ក្នុងរដ្ឋប្រហារយោធានាថ្ងៃទី០១ ខែកុម្ភៈ។ លោកស្រីត្រូវបានឃុំខ្លួនដោយមិនឱ្យមានទំនាក់ទំនង ហើយតុលាការបានជំនុំជម្រះទោសលោកស្រីចាប់តាំងពីខែមិថុនាមក ក្នុងសវនាការអសាធារណៈ៕

Share

Image
Image
Image