ប្រទេសកម្ពុជាបានប្រកាសផ្ដល់ជំនួយមួយចំនួនដល់ប្រទេសឡាវដែលនៅជិតខាង តាមរយៈនាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃចន្ទ ទី២៩ ដល់ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា។
ប្រទេសកម្ពុជាបានប្រកាសផ្ដល់ជំនួយមួយចំនួនដល់ប្រទេសឡាវដែលនៅជិតខាង តាមរយៈនាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃចន្ទ ទី២៩ ដល់ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា តាមការអញ្ជើញរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
កាលពីថ្ងៃចន្ទ សម្ដេច ហ៊ុន សែន អំឡុងពេលពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព បានប្រកាសផ្ដល់ជំនួយចំនួន១៣លានដុល្លារដល់ប្រទេសឡាវ ក្នុងនោះ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាល និង១០លានដុល្លារទៀតជាថវិការបស់ក្រុមហ៊ុនឯកជន។ នេះបើយោងតាមអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលឱ្យដឹងបន្ថែមថា កម្ពុជាក៏បានសម្រេចផ្ដល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស និងរថយន្ត២គ្រឿងថែមទៀត ដល់ប្រទេសឡាវ សម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
នៅថ្ងៃអង្គារ ដែលជាថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នាយករដ្ឋមន្ត្រីឡាវបានចូលជួបសម្ដេច ហេង សំរិន នៅវិមានរដ្ឋសភា ទីដែលភ្ញៀវបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ដែលបានផ្ដល់ជំនួយដល់ប្រទេសឡាវ។ នាយកដ្ឋានព័ត៌មានរដ្ឋសភារាយការណ៍ឱ្យដឹងដូច្នេះ ដោយបញ្ជាក់ថា លោក ផនខាំ វីផាវ៉ាន់ បានអះអាងប្រាប់ប្រធានរដ្ឋសភាកម្ពុជាថា រដ្ឋាភិបាលឡាវ និងរដ្ឋាភិបាលកម្ពុជាបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែន។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថៃ្ងទី២៧ ខែវិច្ឆិកា បានបង្ហាញក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវនឹង«រួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់និងពិភពលោក»៕