en     km
en     km

ខេត្តកំពង់ធំមានករណីទន្រ្ទានឈូសឆាយដីព្រៃលិចទឹកខុសច្បាប់៤០ករណីពីឆ្នាំ២០១៩-២០២១

Share

ភ្នំពេញ៖ របាយការណ៍ចេញផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅរសៀលថ្ងៃទី២៩ វិច្ឆិកា ២០២១ បង្ហាញថា ក្នុងខេត្តកំពង់ធំបានរកឃើញករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ចំនួន ៤០ ករណី លើផ្ទៃដីចំនួន៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១។ អង្គការសង្គមស៊ីវិលដែលធ្វើការលើបញ្ហាធនធានជលផលនៅតំបន់បឹងទន្លេសាបសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល នឹងចង់ឱ្យរដ្ឋាភិបាលបន្តពង្រឹងវិធានការនេះឱ្យបានតឹងរឹងក្លាយជាប្រព័ន្ធមួយមានប្រសិទ្ធភាព ដើម្បីការពារឱ្យបានគង់វង្សជម្រុកមច្ចាជាតិនិងធនធានព្រៃលិចទឹក។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

ការរកឃើញនេះបន្ទាប់ពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បែងចែកភារកិច្ច ក្នុងការចុះពិនិត្យ និងស្រាវជ្រាវ លើការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។

ក្នុងខេត្តកំពង់ធំមានស្រុកចំនួនបួន ដែលកើតមានបទល្មើសនេះ នោះគឺក្រុងស្ទឹងសែន មាន ៣ ករណី, ស្រុកបារាយ មានចំនួន ២ ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន ១៩ ករណី។ ក្នុងនោះក្នុងឆ្នាំ២០១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។ ដោយឡែកឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍។ និងក្នុងឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១ ២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន។

សកម្មភាពក្រុមការងារអន្តរក្រសួងចុះពិនិត្យព្រៃលិចទឹក។

 

តាមក្រសួងកសិកម្មករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ។ ហើយសំណុំរឿងកំពុងក្នុងដៃចៅក្រមសើបសួរ ។

សូមបញ្ជាក់ថា ក្នុងចំណោម ៤០ ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើការជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តីនៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអជ្ញារង ខេត្តកំពង់ធំ ។

ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តកំពង់ធំនេះ លោក ជា សុផារ៉ា ប្រធានអង្គប្រជុំ បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននិតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ ។ ចំណែកផ្ទៃដីដែលដកហូតបាន ក្រុមការងារពាក់ព័ន្ធ កំពុងធ្វើការវាស់វែងដី និងដាក់បញ្ចូលជាសម្បត្តិរបស់រដ្ឋវិញ។

លោក ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំចុះពិនិត្យនិងចាត់វិធានបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ។រូបភាពពីហ្វេសប៊ុកលោក ជា សុផារ៉ា។

 

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនទាន់អាចគូសបញ្ជាក់បាននៅឡើយទេពិចំនួនអ្នកពាក់ព័ន្ធនិងចំណាត់ការផ្លូវច្បាប់លើជនដែលបានទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹកនិងកាន់កាប់ដីខុសច្បាប់ក្នុងយុទ្ធនាការបង្រ្កាបក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនេះ។ លោក អេង ហ៊ី បានបង្វែរសំនួរនេះ ទៅសួរក្រសួងដែនដីនគរូបនីយកម្ម និងសំណង់វិញ។ វិទ្យុស្រ្តីបានព្យាយាមទាក់អ្នកនាំពាក្យក្រសួងដែនដីប៉ុន្តែគ្មានអ្នកទទួលនៅព្រឹកនេះ។

ទាក់ទងក្នុងរឿងនេះ លោក ឧិម សាវ៉ាត នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) និយាយថា លោកសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលបានបង្រ្កាបលើជនខិលខូចមួយចំនួនដែលអាងអំណាច អាងទ្រព្យសម្បត្តិ ឆ្លៀតឱកាសកាន់កាប់តំបន់បីជាតំបន់ព្រៃលិចទឹកបឹងទន្លេសាបដែលជាតំបន់អភិរក្សនិងជាកន្លែងជម្រុកត្រីពងកូន។ មន្រ្តីអង្គការសង្គមស៊ីវិលដែលធ្វើការលើបញ្ហាធនធានជលផលតំបន់បឹងទន្លេសាបរូបនេះ ចង់ឃើញរដ្ឋាភិបាលបន្តចំណាត់ការនេះឱ្យបានតឹងរឹង ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកដែលប្រភពនៃជីវចម្រុះ ពិសេសមច្ចាជាតិដែលជាអាហារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ។

លោក ឧិម សាវ៉ាត៖«ប៉ុន្តែកន្លងមកយើងឃើញថាមានជនឆ្លៀតឱកាស ចេះតែលួចធ្វើការកាប់រានព្រៃលិចទឹកដាំដំណាំ ធ្វើស្រែប្រាំងជាប្រយោជន៍ឯកជន ហើយនេះជាទង្វើខុសច្បាប់មួយដែលយើងមិនគាំទ្រទេ ហើយយើងចង់ឃើញចំណាត់ការរបស់រដ្ឋាភិបាលដើម្បីធ្វើយ៉ាងណារក្សាព្រៃលិចទឹកជាសម្បត្តិធម្មជាតិដ៏ល្អសម្រាប់ជម្រុកត្រីពងនៅរដូវទឹកតំឡើង​។ ចឹងវិសាលភាពនៃព្រៃលិចទឹកទាំងអស់ហ្នឹងអាចរួមចំណែកយ៉ាងសំខាន់ជាជម្រុកត្រីពងកូន ចឹងបើសិនមានការកាប់បំផ្លាញព្រៃលិចទឹកវាប៉ះពាល់ច្រើនណាស់ដូចជាការហូរច្រោះដីចូលបឹងទន្លេសាប បាត់បង់ជម្រុកត្រីពង ប៉ះពាល់ដល់បំរែបម្រួលអាកាសធាតុជាដើម​»។

 

ក្នុងសារសំឡេងជាង២០នាទីកាលពីថ្ងៃទី២៨ ខែវិច្ឆិកា សម្តេច ហ៊ុន សែន បានព្រមានចាប់ខ្លួនមន្ត្រី និងអ្នកពាក់ព័ន្ធនឹងការកាប់រាន រំលោភដីបឹងទន្លេសាប និងរឹបអូសទ្រព្យសម្បត្តិ បើសិនជាមន្ត្រី និងអ្នកពាក់ព័ន្ធទាំងនោះ មិនចេញមកសារភាព។

ចំពោះមុខប្រមុខរដ្ឋាភិបាលបានប្រកាសរឹបអូសយកដីជាង ២០០០ហិកតា របស់អតីតអភិបាលខេត្តកំពង់ឆ្នាំង គឺ ឈួរ ច័ន្ទឌឿន ដែលបានរំលោភយក នៅមុនផ្ទេរតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

កែតម្រូវ៖ វិទ្យុស្រ្តីសូមធ្វើការកែតម្រូវតួលេខដែលវិទ្យុស្រ្តីបានផ្សាយពីចំនួនផ្ទៃដីដែលដកហូតពីអ្នកទន្ទ្រានយកដោយខុសច្បាប់ថា ជាង៣លាន ៥សែនហិកតា។ តួលេខនេះគឺមានចំនួនត្រឹមតែជាង ៣ពាន់ហិកតានោះទេ។

 

Share

Image
Image
Image