en     km
en     km

UNESCOជំរុញការណែនាំដល់ព្រះរាជអាជ្ញាក្នុងការចាត់ការសំណុំរឿងប្រឆាំងអ្នកសារព័ត៌មាន

Share

ភ្នំពេញ៖​ ដើម្បីបង្កើនការយល់ដឹង និងសមត្ថភាពដល់ព្រះរាជអាជ្ញាបន្ថែម អង្គការយូណេស្កូនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដាក់សម្ពោធសៀវភៅស្តីពីគោលការណ៍ណែនាំសម្រាប់ព្រះរាជអាជ្ញាក្នុងសំណុំរឿងបទល្មើសប្រឆាំងអ្នកសារព័ត៌មាន។ គោលការណ៍ណែនាំនេះ បានផ្តល់ការយល់ដឹង ឬការដឹកនាំការស៊ើបអង្កេត និងការកំណត់នីតិវិធីនៃសំណុំរឿងបទល្មើសប្រឆាំងអ្នកសារព័ត៌មានដល់ព្រះរាជអាជ្ញាក្នុងការអនុវត្តនីតិវិធីឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅបញ្ចប់និទណ្ឌភាពប្រឆាំងអ្នកសារព័ត៌មាន។

មន្ត្រីមកពីក្រសួងមួយចំនួននិងព្រះរាជអាជ្ញាដែលបានចូលរួមកម្មវិធីនេះ គាំទ្រចំពោះគោលការណ៍ណែនាំបន្ថែមនេះ ប៉ុន្តែពួកគេស្នើដល់អ្នកសារព័ត៌មាន ត្រូវមានចំណេះដឹងផ្នែកច្បាប់ដែលពាក់ព័ន្ធច្បាស់លាស់ មានក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការល្អជាមួយអាជ្ញាធរ ដែលនេះជាអាវក្រោះការពារអ្នកកាសែតពីការចោទប្រកាន់បាន។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ដើម្បីធានាឱ្យបាននូវសេរីភាពនៃការបញ្ចេញមតិបានពេញលេញរបស់អ្នកព័ត៌មាន ព្រះរាជអាជ្ញាត្រូវតែឯករាជ្យ​ និងមានតួនាទីការពារ ទប់ស្កាត់ ពេលមានការវាយប្រហារលើដោយបទល្មើសនានាលើអ្នកសារព័ត៌មាន។ នេះជាគោលបំណងក្នុងពិធីសម្ពោធសៀវភៅស្តីពីគោលការណ៍ណែនាំសម្រាប់ព្រះរាជអាជ្ញាក្នុងសំណុំរឿងបទល្មើសប្រឆាំងអ្នកសារព័ត៌មាននៅថ្ងៃនេះនៅសណ្ឋាគារហាយ៉ាត់ រីជិនស៊ី ភ្នំពេញ។

លោក​ Sardar Umar Alam អ្នកតំណាងយូណេស្កូប្រចាំកម្ពុជាថ្លែងថា អ្នកប្រកបអាជីពសារព័ត៌មានមិនថាពិភពលោកឬនៅកម្ពុជានោះទេ តែប្រឈមបញ្ហាគ្រោះដល់អាយុជីវិត សុវត្ថិភាពរាងកាយ ការបៀត បៀនផ្លូវភេទ មិនត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានតែងរងបណ្តឹងពេលធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធរឿងអាស្រូវរបស់អ្នកមានអំណាច អ្នកជំនួញធំៗ និងមន្រ្តីរដ្ឋាភិបាលជាដើម។ លោកបន្ថែមថា អ្នកសារព័ត៌មានតែងជាគោលដៅនៃការវាយប្រហារនៅពេលពួកគេរាយការណ៍លើរឿងរ៉ាវរសើបរបស់ក្រុមណាមួយនោះ។ ដូច្នេះការការពារអ្នកសារព័ត៌មានពីការប្តឹងផ្តល់នានាជាតួនាទីសំខាន់របស់ព្រះរាជអាជ្ញា ដើម្បីធានាឱ្យអ្នកសារព័ត៌មានមានសិទ្ធិពេញលេញ មិនភ័យខ្លាចក្នុងការការធ្វើសេចក្តីរាយការណ៍របស់ខ្លួន។

ពិធីសម្ពោធសៀវភៅស្តីពីគោលការណ៍ណែនាំសម្រាប់ព្រះរាជអាជ្ញាក្នុងសំណុំរឿងបទល្មើសប្រឆាំងអ្នកសារព័ត៌។

 

ទាក់ទងអ្នកសារព័ត៌មានជាស្រ្តីវិញ លោកស្រី Camilla M Ottosson ប្រធានផ្នែកកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍមកពីស្ថានទូតស៊ុយអែត លើកឡើងថា​ ស្ត្រី៧៣%នៅទូទាំងពិភពលោកដែលត្រូវបានស្ទង់មតិចំនួនជាង ១៥០០ នាក់ក្នុងនោះមានកម្ពុជាផង រកឃើញថា ស្រ្តីជាអ្នកសារព័ត៌មានត្រូវរងហិង្សាតាមប្រព័ន្ធអនឡាញ។ ហើយស្រ្តី៤៤%ត្រូវបានវាយប្រហារដោយសារបញ្ហានយោបាយ និង ៣៣% ត្រូវវាយប្រហារពេលធ្វើសេចក្តីរាយការណ៍ពីសិទ្ធិមនុស្ស និង បញ្ហាសង្គម។ អ្នកស្រីបន្តថា អង្គការសហប្រជាជាតិនិងអ្នកពាក់ព័ន្ធបានប្រឹងប្រែងពង្រឹងសិទ្ធិជាមូលដ្ឋានរបស់អ្នកសារព័ត៌មាន តាមរយៈការបង្កើតជំនួបកិច្ចសន្ទនារវាងមន្រ្តីអនុវត្តច្បាប់និងអ្នកសារព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនិទនិណ្ឌភាពចំពោះបទល្មើសប្រឆាំងអ្នកសារព័ត៌មាន។

ដោយឡែកលោក Sabin Ouellet អតីតប្រធានសមាគមព្រះរាជអាជ្ញាអន្តរជាតិភាសាបារាំង(AIPPF)និងជាសមាជិកព្រឹទ្ធសភានៃសមាគមព្រះរាជអាជ្ញាអន្តរជាតិ(IAP)និយាយថា ព្រះរាជអាជ្ញាដើរតួនាទីសំខាន់ណាស់ក្នុងការរក្សាភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ ពិសេសនៅពេលមានបទល្មើសប្រឆាំងនឹងអ្នកសារព័ត៌មាន។ ហេតុដូច្នេះគ្រប់ដំណាក់កាលនៃការស៊ើបអង្កេតសំណុំរឿងដែលប្តឹងអ្នកសារព័ត៌មាន ព្រះរាជអាជ្ញាត្រូវតែចាត់វិធាការការពារ និងរក្សាឱ្យបាននូវសុច្ចរិតភាពនៃការគ្រប់គ្រងសំណុំរឿង ដោយធានាមិនរងសម្ពាធនយោបាយ ឬ អ្នកមានអំណាច មានទ្រព្យសម្បត្តិ។

លោក Sabin Ouellet អតីតប្រធានសមាគមព្រះរាជអាជ្ញាអន្តរជាតិភាសាបារាំង(AIPPF)និងជាសមាជិកព្រឹទ្ធសភានៃសមាគមព្រះរាជអាជ្ញាអន្តរជាតិ(IAP)។

 

ជុំវិញរឿងនេះដែរ ព្រះរាជអាជ្ញាមួយរូបដែលបានចូលរួមកម្មវិធីនេះលើកឡើងថា ព្រះរាជអាជ្ញាមានតួនាទីប្រមូលភស្តុតាងដោយផ្អែកលើការស៊ើបអង្កេត បើសិនគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់អ្នកសារព័ត៌មាននោះទេ នោះបណ្តឹងប្រឆាំងនឹងអ្នកសារព័ត៌មាននឹងត្រូវបានទម្លាក់ចោល។

ដោយឡែកមន្រ្តីមកពីក្រសួងមហាផ្ទៃបានលើកឡើងថា សេរីភាពសារព័ត៌មានត្រូវបានការពារដោយច្បាប់កំពូលរបស់ប្រទេស ហើយអាជ្ញាធររដ្ឋបានគោរពសិទ្ធិនេះផ្អែកតាមច្បាប់ដែលបានចែង។ ​តែយ៉ាងណាមន្រ្តីរូបនេះថា ការអនុវត្តសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានត្រូវមានព្រំដែនច្បាស់លាស់ដោយមិនត្រូវបំពានសិទ្ធិអ្នកដទៃ ធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ ប៉ះពាល់ស្ថាប័នរដ្ឋ និងតុលាការ និងប៉ះពាល់សេចក្តីថ្លៃថ្នូរដល់បុគ្គលឯកជន ប៉ះពាល់ទំនៀមទំលាប់ល្អសង្គម និងបង្កការរើសអើងពូជសាសន៍ជាដើម។ ចុងក្រោយមន្រ្តីរូបនេះសំនុំពរដល់អ្នកសារព័ត៌មានត្រូវបង្កើនសមត្ថភាពរបស់ខ្លួនតាមរយៈ ការយល់ដឹងច្បាប់និងនិតីវិធីច្បាប់ដែលពាក់ព័ន្ធក្នុងវិស័យរបស់ខ្លួន មានវិជ្ជាជីវៈ ឯកទេសច្បាស់លាស់ មានក្រមសីលធម៌ សុជីវធម៌ និងមានទំនាក់ទំនងល្អឬសាមគ្គីជាមួយអាជ្ញាធររដ្ឋបានល្អ។ លោកបន្ថែមថា ពេលអ្នកសារព័ត៌មានអាចអនុវត្តតាមវិជ្ជាជីវៈនិងមានចំណេះដឹងល្អ នោះប្រៀបបានដូចជាអាវក្រោះការពារខ្លួនយ៉ាងស័ក្កសិទ្ធិ។

តាមរបាយការណ៍ចងក្រងដោយខេមបូចា អ្នកសារព័ត៌មានចំនួន ១៧ នាក់ត្រូវបានសម្លាប់តាំងពីឆ្នាំ១៩៩៤។ ក្នុងនោះ ១២ នាក់មិនទាន់វែកមុខរកឃាតករបាននៅឡើយទេ។ ដោយឡែកពីខែមករា ដល់ខែតុលាឆ្នាំ ២០២១ នេះ មានអ្នកសារព័ត៌មានយ៉ាងហោចណាស់ ៨១ នាក់ត្រូវបានយាយី ការប្រើប្រាស់ហិង្សារាងកាយ និងការគំរាមកំហែងជាដើម និងមានអ្នកសារព័ត៌មានស្រ្តីម្នាក់ត្រូវបានបៀតបៀនផ្លូវភេទ៕

 

 

 

 

Share

Image
Image
Image