en     km
en     km

កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់នឹងបន្តធ្វើនៅទីក្រុងវីយែន

Share

ទីភ្នាក់ងារសារព័ត៌មានអេភីរាយការណ៍ថា ក្រុមអ្នកចរចាបានប្រមូលផ្តុំគ្នានៅទីក្រុងវីយែននៃប្រទេសអូទ្រីស នៅថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីបន្តការពិភាក្សាអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ របស់អ៊ីរ៉ង់ ជាមួយប្រទេសមហាអំណាចនានា។ ក្តីសង្ឃឹមនៃការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងការចរចានោះ មានតិចតួច បន្ទាប់ពីការមកដល់នៃរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង ដែលប្រកាន់តឹង។

ប្រទេសហត្ថលេខីដែលនៅសេសសល់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ផែនការសកម្មភាពទូលំទូលាយ ដែលមានអ៊ីរ៉ង់ រុស្ស៊ី ចិន បារាំង អាល្លឺម៉ង់ និងអង់គ្លេស នឹងកោះប្រជុំនៅ ផាឡេស ខូប៊ើក ទីដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពី៦ឆ្នាំមុន។ កិច្ចពិភាក្សានេះធ្វើឡើងនៅពេលដែលប្រទេសអូទ្រីសនៅតែជាប់គាំង ជុំវិញជំងឺរាតត្បាតកូវីដ-១៩ ដែលចាប់ផ្តើមកាលពីមួយសប្តាហ៍មុន ដោយសារការកើនឡើងនៃករណីឆ្លង។

ជុំចុងក្រោយនៃកិច្ចចរចា ដែលមានគោលបំណងនាំប្រទេសអ៊ីរ៉ង់ត្រឡប់ទៅអនុវត្តតាមកិច្ចព្រមព្រៀង និងដែលមានបំណងត្រួសត្រាយផ្លូវសម្រាប់សហរដ្ឋអាមេរិក ក្នុងការចូលរួមឡើងវិញក្នុងកិច្ចព្រមព្រៀង បានធ្វើឡើងនៅក្នុងខែមិថុនា។ ចាប់តាំងពីពេលនោះមក កិច្ចការនានាកាន់តែពិបាកទៅៗ។

សហរដ្ឋអាមេរិកមិនស្ថិតនៅលើតុចរចានៅថ្ងៃចន្ទទេ ព្រោះប្រទេសនេះបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៨ ជាឯកតោភាគី នៅពេលដែលសហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានធ្វើឱ្យមានឡើងវិញ និងដែលបានបង្កើនការដាក់ទណ្ឌកម្មរបស់អាមេរិក ដើម្បីព្យាយាមបង្ខំអ៊ីរ៉ង់ឱ្យចូលតុចរចាជាថ្មី៕

Share

Image
Image
Image