នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថានឹងមានជើងហោះហើរចំនួន៨ នឹងបើកដំណើរការឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំងពេញលេញរួចមក រដ្ឋលេខាធិការអាកាសចរស៊ីវិល សង្កេតឃើញមានសន្ទុះអ្នកដំណើរចូលកម្ពុជា មានការកើនឡើងជារបណ្តើរៗ។
បើយោងតាមរដ្ឋលេខាធិការអាកាសចរស៊ីវិល ជើងហោះហើរទាំង៨ មាន៦ជើងហោះហើរ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមាន ក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។ ចំណែក២ជើងហោះហើរទៀត មានក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ និងក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា «ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង១សប្តាហ៍រហូតដល់៤៣ជើង ធៀបទៅនឹងខែខែតុលា ឆ្នាំ២០២១) គឺមានការកើនឡើង១៦%។ ចំនួនជើងហោះហើរនេះអាចនឹងមានការប្រែប្រួល ទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩»។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានកំណត់អាទិភាពនៃការចាប់ផ្តើមបើកជើងហោះដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាពទី១ ជាអាទិភាពចម្បង ស្របតាមគោលការណ៍បន្ធូរបន្ថយការធ្វើចត្តាឡីស័ក។ អាកាសចរស៉ីវិល នឹងជំរុញនិងពិភាក្សាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេសផ្សេងៗទៀត ក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏ផ្តោតទៅលើអាទិភាពបន្ទាប់ គឺការបើកជើងហោះហើរជាប្រក្រតីភាពឡើងវិញ រវាងកម្ពុជា និងចិន នៅពេលណាមានការបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៃរដ្ឋាភិបាលចិន។ ចំពោះករណីនេះ កំណើននៃអ្នកដំណើរតាមផ្លូវអាកាសនិងជើងហោះហើរ នឹងមិនមានការចាប់អារម្មណ៍ដល់ទីផ្សារអាកាសចរណ៍ និងទេសចរណ៍ខ្លាំងក្លាបានទេ ប្រសិនបើការដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរនៅមានកម្រិត៕
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គប្រជុំពិចារណាបន្ថែមនូវការសម្រួលការមកដល់នៃភ្ញៀវទេសចរ តាមរយៈការបន្ថែមការធ្វើតេស្តរហ័សឱ្យបានច្រើន បានលឿន ធ្វើយ៉ាងណាកុំឱ្យមានការរង់ចាំយូរ និងស្នើឱ្យមានការពិចារណាដល់ការផ្តល់ទិដ្ឋាការនៃការមកដល់សម្រាប់ប្រទេសដែលមិនមែនជាសមាជិកអាស៊ាន៕