en     km
en     km

ជាង៩០ករណីនៃកុមារនិងមនុស្សធំនៅកម្ពុជាទទួលរងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ

Share

យ៉ាងហោចណាស់កុមារ និងមនុស្សធំចំនួន ១៦៥ករណី នៅកម្ពុជាសង្ស័យទទួលរងការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទ ក្នុងនោះ៩៩ ករណីត្រូវបានរកឃើញថាតាមប្រព័ន្ធអនឡាញ។ នេះជារបាយការណ៍ចេញដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) នៅក្នុងកិច្ចប្រជុំមួយស្ដីពី ការប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងរបៀបរាយការណ៍ ដែលរៀបចំដោយអង្គការសកម្មភាពដើម្បីកុមារ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយបណ្ដារអ្នកសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ។  

ភ្នំពេញ៖ ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ជាការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាមធ្យោបាយក្នុងការបង្ខំ ឬលួងលោមឱ្យកុមារថតរូបភាពអាសអាភាស រួចផ្ញើរូបទាំងនោះតាមកម្មវិធីផ្ញើសារ។ វាកំពុងក្លាយជាបញ្ហាសកល និងកំពុងបង្កហានិភ័យដល់កុមារគួរឱ្យព្រួយបារម្ភ។  នៅកម្ពុជា តាមរយ:ការរាយការណ៍ពីសាធារណជនមកកាន់សមត្ថកិច្ច និងបណ្ដាញរាយការណ៍តាមអ៊ីនធឺណេត(Internet Hotline) បានឱ្យដឹងថា ជាមធ្យមមានចំនួនរាយការណ៍ជាង ១៥០ករណីក្នុងមួយឆ្នាំៗ ដែលជាករណីសង្ស័យទាក់ទងនឹងការលួងលោមកុមារតាមប្រព័ន្ធអនឡាញនៅពេលពួកគេប្រើប្រាស់អ៊ីនធឺណេតដូចជា ការលួងលោមក្នុងគោលបំណងផ្លូវភេទ និងការបង្ខំឱ្យផ្ញើរូបអាក្រាតរបស់កុមារជាដើម។

ពាក់ព័ន្ធករណីដូចគ្នានេះ អង្គការសកម្មភាពដើម្បីកុមារ ដែលធ្វើការ ការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទបានបង្ហាញរបាយការណ៍ពីខែមករាដល់ខែតុលា នៃឆ្នាំ២០២១របស់ខ្លួនថា យ៉ាងហោចណាស់កុមារ និងមនុស្សធំសរុបចំនួន១៦៥ ករណី ត្រូវបានរាយការណ៍សង្ស័យករណីពាក់ព័ន្ធការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទ ក្នុងនោះ៩៩ករណី សង្ស័យជាការប្រព្រឹត្តតាមប្រព័ន្ធអនឡាញុ។ ទិន្នន័យនេះកើនឡើងគួរឱ្យកត់សម្គាល់ ខណ:ចំនួនអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណេត និងប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ពិសេសក្នុងអំឡុងការរាតត្បាតសកលកូវីដ-១៩។  ផ្អែកតាមរបាយការណ៍យូនីសេហ្វ ៨៤ភាគរយនៃកុមារ និងក្មេងជំទង់ ត្រូវបានរាយការណ៍ឱ្យដឹងថា បានចំណាយពេលវេលានៅលើប្រព័ន្ធអនឡាញច្រើនជាងមុន។ ខណ:១៥ភាគរយ នៃកុមាររាយការណ៍មកថា ពួកគេត្រូវបានមនុស្សមិនធ្លាប់ស្គាល់ទាក់ទងមកកាន់ពួកគេនៅលើបណ្ដាញសង្គម និង២ភាគរយ ធ្លាប់ត្រូវបានគេស្នើសុំឱ្យចែករូបភាព ឬវីដេអូបែបស្និទ្ធស្នាល ឬធ្វើសកម្មភាពមិនសមរម្យ នៅចំពោះមុខកាមេរ៉ាដែលភ្ជាប់ទៅនឹងអ៊ិនធឺណេត។ ទាំងនេះជាសញ្ញាមិនល្អមួយ ដែលនាំមកនូវបញ្ហាប្រឈមធ្ងន់ធ្ងរចំពោះកិច្ចការពារកុមារ។

ការបង្ខំឱ្យផ្ញើរូបអាក្រាត, ការលួងលោមក្នុងបំណងផ្លូវភេទ, ការផ្ញើសារបែបផ្លូវភេទ, ការគម្រាមបែបផ្លូវភេទ និងការផ្សាយផ្ទាល់អំពីការរំលោភបំពានផ្លូវភេទ ទាំងនេះជាទម្រង់សំខាន់នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា​ ដែលបានរកឃើញដោយ APLE។

យើងមិនអាចបញ្ឈប់កុមារពីការមិនឱ្យប្រើប្រាស់បណ្ដាញអ៉ីនធឺណេត​ ដែលនាំឱ្យពួកងាយរងគ្រោះបានឡើយ តែអ្វីដែលអាចធ្វើបាននៅពេលនេះគឺការរួមគ្នារវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍នានាចូលរួមផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជនទូទៅ ដើម្បីឱ្យមានការចូលរួមបង្ការទប់ស្កាត់  ស្របពេលដែលលោកណេង វណ្ណ: តំណាងនៃអង្គការសកម្មភាពដើម្បីកុមារអះអាងថា អាណាព្យាបាល ឬឪពុកម្ដាយមានកាតព្វកិច្ចចម្បងក្នុងការតាមដានសកម្មភាពកុមារជាប្រចាំលើប្រព័ន្ធអ៊ីនធឺណេត ដើម្បីធានាថាកុមារគ្រប់រូបត្រូវបានការពារពីការកេងប្រវ័ញ្ចតាមអនឡាញ។សូមស្ដាប់លោកណេង វណ្ណ: !

មានភស្តុតាងជាច្រើនបានបង្ហាញថា អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ បណ្ដាលឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពួកគេដូចជា ភាពអាម៉ាសយូរអង្វែង និងគ្មានអំណាចក្នុងខ្លួន ខណ:ដែលពួកគេចម្រើនវ័យឡើង។

កុមារខ្លួនគេផ្ទាល់មិនដឹងឡើយថារូបគេបានប្រព្រឹត្តិអំពើដែលនាំឱ្យមានការកេងប្រវ័ញ្ជផ្លូវភេទតាមប្រព័ន្ធអនឡាញ ត្បិតកម្រិតចំណេះដឹង និងការពិចារណារបស់ពួកគេទាបនៅឡើយបើធៀប នឹងមនុស្សពេញវ័យ។ តែបើករណីនេះត្រូវបានកើតឡើងចំពោះពួកគេ អាណាព្យាបាលគួរមិនគប្បីស្ដីបន្ទោស ផ្ទុយមកវិញគប្បីនិយាយជាមួយកុមារអំពីបទពិសោធន៍ការប្រាស្រ័យទាក់ទងកន្លងមករបស់ពួកគេ ដែលប្រព្រឹត្តិតាមប្រព័ន្ធអនឡាញ។ ប្រសិនបើកុមារប្រាប់ពីរឿងរលោភបំពានសូមស្ដាប់ដោយយកចិត្តទុកដាក់ ដោយបង្ហាញភាពអាណិតអាសូរ ផ្ដល់ការគាំទ្រ និងសូមរាយការណ៍បន្ទាន់ទៅអង្គការ ឬស្ថាប័នពាក់ព័ន្ធដែលធ្វើការទៅលើរឿងនេះជាអាទិ៍អង្គការសកម្មភាពដើម្បីកុមារ (APLE)ជាដើម៕

***សូមចុចទីនេះដើម្បីរាយការណ៍ព័ត៌មានពីការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ!

Share

Image
Image
Image