ស្ត្រីអ្នកដឹកនាំរឿងជនជាតិជប៉ុន ឈ្មោះ ណាអូមី កាវ៉េស៍ ដែលទទួលបានពានរង្វាន់ពីមហោស្រពភាពយន្តនៅទីក្រុងកាន ប្រទេសបារាំង ជាច្រើន ត្រូវបានតែងតាំងនៅថ្ងៃព្រហស្បតិ៍ ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការយូណេស្កូ។
ទីភ្នាក់ងារសារព័ត៌មានក្យូដូរាយការណ៍ថា ស្ត្រីអ្នកដឹកនាំរឿងជនជាតិជប៉ុន ឈ្មោះ ណាអូមី កាវ៉េស៍(Naomi Kawase) ដែលទទួលបានពានរង្វាន់ពីមហោស្រពភាពយន្តនៅទីក្រុងកាន (Cannes) ប្រទេសបារាំងជាច្រើន ត្រូវបានតែងតាំងនៅថ្ងៃព្រហស្បតិ៍ ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការយូណេស្កូ។
យោងតាមស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសជប៉ុនប្រចាំអង្គការសហប្រជាជាតិ លោកស្រី ណាអូមី កាវ៉េស៍ បានក្លាយជាស្ត្រីជនជាតិជប៉ុនដំបូងគេ ដែលបានកាន់តំណែងនេះ។
លោកស្រី កាវ៉េស៍ (Kawase) ដែលមានអាយុ៥២ឆ្នាំ ត្រូវបានគេទទួលស្គាល់លើការងារភាពយន្តរបស់លោកស្រី ដែលផ្តោតលើរឿងរបស់ស្ត្រីគ្រប់ជំនាន់។ លោកស្រីត្រូវបានគេរំពឹងថានឹងប្រើប្រាស់តួនាទីនេះដើម្បីលើកកម្ពស់សមភាពយែនឌើរនៅក្នុងឧស្សាហកម្មវប្បធម៌។
ក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងប៉ារីស លោកស្រី កាវ៉េស៍ បាននិយាយថា «ខ្ញុំជឿថា តួនាទីរបស់ខ្ញុំគឺឆ្លុះបញ្ចាំងពីមនុស្សដែលគេមិនសូវនឹកនាដល់ទូទាំងពិភពលោក ហើយធ្វើពិពណ៌នាអំពីពួកគេនៅលើឆាកអន្តរជាតិ»។
អគ្គនាយិកាអង្គការយូណេស្កូ គឺលោកស្រី អូដ្រេយ៍ អាហ្ស៊ូឡេ ដែលជាអតីតរដ្ឋមន្ត្រីវប្បធម៌បារាំង បានពោលសរសើរលោកស្រីអ្នកដឹកនាំរឿងជនជាតិជប៉ុនរូបនោះ ចំពោះការលើកស្ទួយភាពចម្រុះក្នុងចំណោមប្រជាជននិងវប្បធម៌។
លោកស្រី កាវ៉េស៍ បានចូលរួមជាមួយគម្រោងរបស់អង្គការយូណេស្កូ ក្នុងការគាំទ្រស្ត្រីវ័យក្មេងជនជាតិអាហ្វ្រិក ដែលជាអ្នកផលិតខ្សែភាពយន្ត។
កាលពីឆ្នាំ២០២០ អង្គការយូណេស្កូបានអនុញ្ញាតឱ្យអ្នកផលិតខ្សែភាពយន្តភេទស្រីជនជាតិអាហ្វ្រិកចំនួន១០នាក់ ដែលមានអាយុពី២១ឆ្នាំដល់៣៥ឆ្នាំ បានធ្វើការជាមួយលោកស្រី ណាអូមី កាវ៉េស៍ នៅក្នុងប្រទេសជប៉ុន។ ពួកគេមកពីប្រទេស ប៊ួរគីណា ហ្វាសូ, កេនយ៉ា, នីហ្សេរីយ៉ា, សេណាហ្គាល់ និងអាហ្វ្រិកខាងត្បូង។
ទ្វីបអាហ្រ្វិកនិងស្ត្រីគឺជាអាទិភាពសកលចំនួនពីរសម្រាប់អង្គការយូណេស្កូ។ អង្គការនេះយល់ឃើញថា ការស្នាក់នៅក្នុងប្រទេសជប៉ុន ដើម្បីហ្វឹកហ្វឺនផលិតខ្សែភាពយន្ត ផ្ដល់វិភាគទានជាក់ស្តែងដល់ការអភិវឌ្ឍវិជ្ជាជីវៈរបស់ស្ត្រីក្នុងវិស័យភាពយន្ត និងពង្រីកវិសាលភាពរបស់ភាពយន្ដអាហ្រ្វិក។
ចន្លោះឆ្នាំ១៩៩៧ និងឆ្នាំ២០១៥ លោកស្រី ណាអូមី កាវ៉ាស៍ ដែលបានកើតនៅខេត្តណារ៉ា ភាគខាងលិចនៃប្រទេសជប៉ុន បានទទួលពានរង្វាន់និងគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ ពីមហោស្រពភាពយន្តកាន និងពីរដ្ឋាភិបាលបារាំង៕