កិច្ចសន្ទនាថ្នាក់ជាតិស្ដីពីលទ្ធផលពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ដោយមានអនុសាសន៍ជាច្រើនពីសង្គមស៊ីវិល ដើម្បីធ្វើឱ្យផែនការជាតិនេះសម្រេចបានជោគជ័យតាមការគ្រោងទុក។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា នៅព្រឹកថ្ងៃសុក្រ បានបើកកិច្ចសន្ទនាថ្នាក់ជាតិស្ដីពីការអនុត្តពាក់កណ្ដាលអាណត្តិនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ផ្អែកលើផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កិច្ចសន្ទនាដែលរៀបចំឡើងរួមគ្នាជាមួយសង្គមស៊ីវិលធ្វើការតាមវិស័យ បានប្រព្រឹត្តដោយផ្ទាល់នៅភ្នំពេញ និងពីចម្ងាយតាមរយៈប្រព័ន្ធទូរសោតទស្សន៍។
កិច្ចសន្ទនានេះមានគោលបំណងម្យ៉ាង បង្កើនការយល់ដឹងអំពីការចូលរួមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ដល់អ្នកចូលរួមក្នុងកិច្ចសន្ទនា ដែលរួមមានក្រុមការងារអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ អង្គការសង្គមស៊ីវិល និងយុវជន ហើយគោលបំណងម្យ៉ាងទៀត ផ្ដល់ឱកាសឱ្យអ្នកចូលរួមបានពិភាក្សាអំពីយន្តការនៃការធ្វើការក្នុងភាពជាដៃគូជាមួយក្រុមការងារបច្ចេកទេស ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
ក្នុងឱកាសនោះ បណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានថ្លែងថា កិច្ចសន្ទនាថ្នាក់ជាតិនេះរៀបចំឡើងដើម្បីពិនិត្យមើលលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ២០១៩-២០២៣ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ហើយស្វែងរកចំណុចដែលត្រូវធ្វើបន្ថែមទៀតសម្រាប់២ឆ្នាំខាងមុខ ដើម្បីសម្រេចផែនការនេះឱ្យបានតាមការគ្រោងទុក។
ទន្ទឹមនឹងនេះ លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានថ្លែងថា កន្លងទៅ អង្គការសង្គមស៊ីវិលបានប្រជុំពិភាក្សាគ្នា ប្រមូលនូវធាតុចូលទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ទោះបីក្នុងបរិបទកូវីដ-១៩ក្ដី ដើម្បីយកទៅបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ លោកស្រីបញ្ជាក់ថា កិច្ចពិភាក្សាកន្លងទៅពិតជាមានសារសំខាន់ ដើម្បីឱ្យធាតុចូលទាំងអស់នោះដាក់ចូលទៅក្នុងផែនការអភិវឌ្ឍន៍ជាតិនាពេលខាងមុខ។
មុនពេលកិច្ចពិភាក្សាចាប់ផ្តើម លោក សុខ សាមិត្ត ទីប្រឹក្សាឯករាជ្យមកពីក្រុមហ៊ុន ខេអែហ្វភី ត្រេឌីង បានបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនទៅកាន់អ្នកចូលរួមក្នុងកិច្ចសន្ទនាទាំងអស់។ បទឧទ្ទេសនាមរបស់លោក សុខ សាមិត្ត ផ្តោតជាពិសេសលើការពន្លឿនកំណែទម្រង់អភិបាលកិច្ច, បរិយាកាសទូលំទូលាយសម្រាប់ការអនុវត្តយុទ្ធសាស្ត្រ, ការអភិវឌ្ឍន៍ធនធានមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, និងបរិយាប័ន្ននៃការអភិវឌ្ឍប្រកបដោយចេរភាព។
ក្នុងចំណោមអនុសាសន៍នានា ចំណុចទាក់ទងនឹងការពន្លឿនកំណែទម្រង់អភិបាលកិច្ច សង្គមស៊ីវិលផ្តល់អនុសាសន៍ឱ្យយកចិត្តទុកដាក់ខ្ពស់ដល់ការដាក់បញ្ចូលគំនិតផ្ដួចផ្ដើមនៃការចូលរួមជាសាធារណៈនៅក្នុងច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងនៅក្នុងសេចក្ដីព្រាងច្បាប់ចុងក្រោយស្ដីពីសិទ្ធិទទួលបានព័ត៌មាន។
ចំពោះយោបល់ទាក់ទងនឹងបរិយាកាសទូលំទូលាយសម្រាប់ការអនុវត្តយុទ្ធសាស្ត្រវិញ សង្គមស៊ីវិលស្នើឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋាន តាមរយៈការបង្ហាញអំពីការអភិវឌ្ឍន៍គោលនយោបាយ យុទ្ធសាស្ត្រ និងឧបករណ៍ច្បាប់ផ្សេងៗទៀត។ ត្រង់ចំណុចនេះ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរធានាឱ្យមានលំហសម្រាប់ពលរដ្ឋសម្ដែងសិទ្ធិបញ្ចេញមតិជាមូលដ្ឋាន ការគោរពសិទ្ធិសេរីភាពនៃការបង្កើតសមាគម និងការពារ[កុំឱ្យមាន]ការត្រួតពិនិត្យដោយអាជ្ញាធរទៅលើការប្រមូលផ្ដុំ។
ក្នុងឱកាសនោះ អ្នកចូលរួមម្នាក់ឈ្មោះ ស៊ុន ចាន់ធូ បានលើកឡើងតាមរយៈសារពីចម្ងាយថា «សេវាថ្នាក់ក្រោមជាតិខ្វះតម្លាភាពនិងការចូលរួមជាសាធារៈនៅមូលដ្ឋាន» ខណៈដែល«សមត្ថភាពមន្រ្តីនៅមូលដ្ឋាននៅមានកម្រិត»។ ចាន់ធូបន្តថា «វិស័យអប់រំ[ដែល]ត្រូវបានផ្អាករយៈពេលវែងនៅជនបទ ប៉ះពាល់ដល់កុមារ ពិសេសក្មេងស្រី។ យើងឃើញពួកគាត់ឈប់រៀនច្រើន ក្រោមហេតុផលសេដ្ឋកិច្ចគ្រួសារ។ យើងនឹងបាត់ធនធានមនុស្សពេលអនាគត»។
នៅទីបញ្ចប់នៃកិច្ចសន្ទនាដែលបានប្រព្រឹត្តទៅលើសពេលកំណត់១ម៉ោង អ្នកចូលរួមទាំងអស់ ដែលរួមមានទាំងអ្នកតំណាងក្រសួងស្ថាប័នជាតិ អ្នកតំណាងអង្គការដាយកូនៀ និងអ្នកតំណាងអង្គការយូអ៊ិនឌីភី បានយល់ស្របគ្នាលើវឌ្ឍនភាពនានាដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។ លទ្ធផលនៃកិច្ចសន្ទនានេះត្រូវបានអ្នករៀបចំអះអាងថានឹងយកទៅពិនិត្យ ព្រមទាំងរៀបរៀងដើម្បីផ្សព្វផ្សាយជាផ្លូវការនៅដើមឆ្នាំក្រោយ៕