ក្រោយពីត្រូវបានដោះលែង ក្រុមយុវជនសកម្មជនមាតាធម្មជាតិចំនួន០៦រូប ត្រូវបានអង្គការអន្តរជាតិមួយដែលមានមូលដ្ឋាននៅប្រទេសអៀកឡង់ឈ្មោះ ហ្រ្វាន់ឡាញ ឌីហ្វិនឌឺ (Frontline Defenders) ផ្តល់ពានរង្វាន់ដល់ពួកគេជា “អ្នកការពារឈានមុខ” ដើម្បីជាការលើកទឹកចិត្តនៃភាពអង់អាចក្លាហាន ហ៊ានប្រថុយគ្រោះថ្នាក់ ក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិប្រទេសកម្ពុជា ខណ:កន្លងមកសកម្មភាពរបស់ពួកគេមិនត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាល។
ភ្នំពេញ៖ យុវជន ថុន រដ្ឋា, ភួន កែវរស្មី, ឡុង គន្ធា , យីម លាងហ៊ី, លី ចន្រ្ទដារ៉ាវុធ និងស៊ុន រដ្ឋា ពួកគេ០៦នាក់ជាក្រុមយុវជនសកម្មជនមាតាធម្មជាតិ ដែលកន្លងបានធ្វើសកម្មភាពកន្លងមកពាក់ព័ន្ធការការពារសិទ្ធមនុស្ស ធនធានធម្មជាតិ និងបរិស្ថានតាមរយ:ការបញ្ចេញមតិពីបញ្ហាសំរាម លូទឹកស្អុយ និងបញ្ហាផ្សេងទៀតដែលកើតឡើងក្នុងប្រទេសកម្ពុជា។
សកម្មជនទាំងនេះត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីអំឡងខែ មិថុនា ឆ្នាំ២០២១ ក្រោយពីរដ្ឋាភិបាលកម្ពុជាឃើញភស្តុតាងថា ពួកគេមានអង្គការចាត់តាំងខុសច្បាប់ពីក្រៅប្រទេស ប្រើប្រាស់ហិរញ្ញប្បទានភេវកម្ម និងធ្វើសកម្មភាពបំបែកបំបាក់ជាតិ ហើយអាជ្ញាធរបានចោទប្រកាន់ពួកគេក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បទ «រួមគំនិតក្បត់» និងបទ «ប្រមាថអង្គព្រះមហាក្សត្រ»។ យ៉ាងណាមិញ សកម្មជនទាំងនេះត្រូវបានអាជ្ញាធរដោះលែង ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញហើយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ខណ:ការដោះលែងនេះ អ្នកខ្លះបានអនុវត្តទោសចប់តាមការកំណត់របស់តុលាការ ហើយអ្នកខ្លះទៀតត្រូវបានដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ដោយទោសនៅសល់ត្រូវព្យួរសាកល្បងប៉ុណ្ណោះ។
ដើម្បីជាការលើកទឹកចិត្ត នៃភាពអង់អាចក្លាហាន ហ៊ានប្រថុយគ្រោះថ្នាក់របស់ពួកគេ ក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិក្រោយពីពួកគេត្រូវបានដោះលែង អង្គការអន្តរជាតិមួយឈ្មោះហ្រ្វាន់ឡាញ ឌីហ្វិនឌឺ (Frontline Defenders) ដែលជាអង្គការបង្កើតឡើងដើម្បីទទួលស្គាល់កិច្ចការរបស់សកម្មជនបរិស្ថាន សង្គម និងសិទ្ធិមនុស្ស ដែលក្លាហានហ៊ានចូលរួមសកម្មភាពលើកកម្ពស់ និងការពារបរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្សនៅប្រទេសរបស់ខ្លួន បានផ្ដល់ពានរង្វាន់ “Frontline Award” ឬជាភាសាខ្មែរហៅថាពានរង្វាន់ “ អ្នកការពារឈានមុខ ” ដល់ពួកគេ។
ពានរង្វាន់ “អ្នកការពារឈានមុខ” ត្រូវបានប្រគល់ជូនសកម្មជនកម្ពុជាទាំង០៦ នាក់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុង Dublin ប្រទេសអៀកឡង់។ ពានរង្វាន់ដែលសកម្មជនចលនាមាតាធម្មជាតិទទួលបាន បានបង្ហាញពីការលើកទឹកចិត្តដល់ពួកគេ និងយុវជនដទៃឱ្យបន្តសកម្មភាពការពារបរិស្ថាននិងធនធានធម្មជាតិកាន់តែខ្លាំងជាងមុនបន្ថែមទៀតទោះបីជាការងារនេះប្រឈមហានិភ័យចំពោះអាយុជីវិតពួកគេយ៉ាងណាក៏ដោយ។
កញ្ញា ភួន កែវរស្មី យុវតីម្នាក់ ក្នុងចំណោមយុវជន០៦នាក់ នៃសកម្មជនមាតាធម្មជាតិ បានថ្លែងប្រាប់សារព័ត៌មាន VOD ថា ចំពោះពានរង្វាន់ដែលទទួលបាន គឺមានពានមួយ និងថវិកាចំនួន៥០០០អឺរ៉ូ ឬស្មើនឹងជាង៥០០០ដុល្លារ។ ផ្អែកតាមសម្ដីសកម្មជនរូបនេះ ថវិកាដែលពួកគេទទួលបាន នឹងយកទៅធ្វើការងារទាក់ទងនឹងបរិស្ថានបន្តទៀត ។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សាទរចំពោះការទទួលបានពានរង្វាន់របស់សកម្មជនបរិស្ថាន។ តែលោកស្រីយល់ថា ការអនុវត្តច្បាប់របស់កម្ពុជាបានដើរផ្ទុយពីរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិ ដែលរដ្ឋាភិបាលមានកាតព្វកិច្ចការពារនិងធានាតុល្យភាពទាំងអស់នេះ រួមទាំងច្បាប់ស្ដីពីការការពារបរិស្ថានដែលបានលើកកម្ពស់ឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា រដ្ឋលេខាធិកាក្រសួងបរិស្ថានឯកឧត្ដមនេត ភក្ត្រា ចាត់ទុកការផ្ដល់ និង ទទួលពានរង្វាន់របស់សកម្មជនមាតាធម្មជាតិ នាពេលថ្មីៗនេះថា ជាលើកតម្កើងជនល្មើសឱ្យប្រព្រឹត្តិបទល្មើសបំបែកបំបាក់ជាតិ និងបង្ហាញចេតនានយោបាយយ៉ាងពិតប្រាកដរបស់ពួកគេតាមរយ:សកម្មភាពជ្រកក្រោមស្លាកបរិស្ថាន។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានសរសេរនៅលើទំព័រហ្វេសប៊ុកលោកនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថាការការពារបរិស្ថានជាតម្រូវការដ៏ចាំបាច់បំផុតមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលត្រូវបានទទួលស្គាល់កាលពីខែមុន។ លោកបន្តថា ការការពារបរិស្ថានមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងការអំពាវនាវឱ្យមានសន្តិភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាល និងតុលាការទម្លាក់ការចោទប្រកាន់ទាំងស្រុងប្រឆាំងនឹងពួកគេដោយថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សកម្មភាពសន្តិភាពមិនគួរត្រូវបានដាក់ទោសទណ្ឌឡើយ៕