en     km
en     km

នាយករដ្ឋមន្រ្តីរំលេចសមិទ្ធផលសំខាន់ៗ ៦ ចំណុចក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូល ASEM-13

Share

ភ្នំពេញ៖ មានសមិទ្ធផលសំខាន់ៗចំនួន ៦ ចំណុចត្រូវបានរំលេចឡើងដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​ក្រោយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឬASEM-13 កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានមេដឹកនាំអាស៊ីនិងអឺរ៉ុបប្រមាណជា ៥១ ប្រទេសចូលរួម។

លោក​ កែវ សុខា រាយការណ៍ពីព័ត៌មាន

 

ចំណុចសំខាន់ៗទាំង ៦ ដែលសម្តេច ហ៊ុន សែន​ បានរំលេចឡើងលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១នេះរួមមាន៖

ទី១៖ ការប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដែលប្រទេសនីមួយៗកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

ទី២៖ អង្គប្រជុំបានបង្ហាញការគាំទ្រចំពោះពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។

ទី៣៖ លើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងផ្តល់អាទិភាពដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ចសង្គមដែលបង្កដោយជំងឺកូវីដ-១៩ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយមដែលជាកូនសោរគន្លឹះ។

ទី៤៖ ការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើវិធានច្បាប់ និងការប្ដេជ្ញាការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដោយរលូនគ្មានការរាំងស្ទះ ដូចជាការជំរុញនូវឌីជីថលូបយនីកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។

ទី៥៖ ការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍បៃតង និងកម្រិតកាបូនទាបដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅភពផែនដីមិនឲ្យលើសពី១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។និងការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវជាអាទិភាព។

និងទី៦៖ជាចុងក្រោយ សមាជិកបានឯកភាពគ្នាថា អាស៊ី-អឺរ៉ុប ត្រូវសហការគ្នាបោះជំហានទៅមុខស្វែងរកអនាគតភ្លឺថ្លាជាងមុន មានបរិយាបន្នជាមុន និងធន់ជាងមុន។

នាយករដ្ឋមន្រ្តីនិងមន្រ្តីជាន់ខ្ពស់កម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ។រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី ។

 

កាលពីថ្ងៃម្សិលមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗ​ចំនួននៃ​កិច្ចប្រជុំនេះ ដែលក្នុងនោះ​រួមមាន ការធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពបរិយាប័ន្ន និងកំណើនរួមគ្នា។ ការលើកស្ទួយភាពជាដៃគូរអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល។ ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់។ ការទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ ការពង្រឹងភាពលេចធ្លោនិងភាពពាក់ព័ន្ធរបស់ ASEM និងការដោះស្រាយបញ្ហាពហុវិស័យនានា ដែលរួមមាន ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ ធ្វើនៅរាជធានី​ភ្នំពេញ រយៈ​ពេលពីរ​ថ្ងៃ គឺនៅថ្ងៃទី២៥ និងថ្ងៃទី​២៦​ ខែវិច្ឆិកា​នេះ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំ ASEM-13 បានផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំ ASEM ចែករំលែកអំពីទស្សនៈដោយត្រ​ង់​ទៅ​ត្រង់មក និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកលនិងតំបន់។

នាយករដ្ឋមន្រ្តីកម្ពុជាមានសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនេះ គឺជាធាតុចូលដ៏មានតម្លៃសម្រាប់រួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការរបស់ ASEM ៕

 

Share

Image
Image
Image