en     km
en     km

សិក្សាស្រាវជ្រាវ៖អង្គការលីកាដូស្នើក្រុមហ៊ុនFacebookពិនិត្យករណីបៀតបៀនតាមប្រព័ន្ធអនឡាញនៅកម្ពុជា

Share

ភ្នំពេញ៖ អង្គការលីកាដូបានស្នើទៅក្រុមហ៊ុនហ្វេសប៊ុក ដើម្បីបំភ្លឺលើរបាយការណ៍ដែលខ្លួនរកឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមតាមរយៈប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជាមួយចំនួនរងការបៀតបៀនក្នុងទម្រង់ផ្សេងៗជាញឹកញាប់។ នេះបើតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពស្ថានភាពនៃការបៀតបៀនតាមប្រព័ន្ធផ្សព្វ ផ្សាយសង្គមនៅកម្ពុជា របស់អង្គការលីកាដូចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់នាទីសិក្សាស្រាវជ្រាវជុំវិញរឿងនេះដែលចងក្រងដោយលោក កែវ សុខា ដូចតទៅ!

 

អង្គការលីកាដូ បានស្ទង់មតិលើប្រជាពលរដ្ឋចំនួន ៧០០ នាក់ដែលបានប្រើប្រាស់បណ្តាញសង្គមតាមរយៈប្រព័ន្ធអ៊ីនធើណែត។ ៣៨% នៃអ្នកចូលរួមស្ទង់មតិបានឆ្លើយថា ធ្លាប់ទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញ។ អ្នកចូលរួមស្ទង់មតិនេះ ជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា យុវជន និងសកម្មជនសិទិ្ធមនុស្ស ដែលជាក្រុមមនុស្សងាយរងការរំលោភបំពាន។ ដោយឡែក ២០% នៃស្ត្រីដែលបានចូលរួមស្ទង់មតិ បាននិយាយថាធ្លាប់ទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញផងដែរ។

អង្គការលីកាដូ មើលឃើញថា ក្រុមហ៊ុន​ហ្វេសប៊ុក​ ​អាជ្ញាធរ​កម្ពុជា​ ​និង​ក្រុមហ៊ុន​បណ្តាញទំនាក់ទំនងសង្គម​ផ្សេងទៀត​ ​មិន​អាច​ការពារ​អ្នកប្រើប្រាស់​បាន​គ្រប់គ្រាន់នោះទេ​ ​ជាងនេះ​ថែមទាំង​រួមចំណែក​​រំលោភបំពាន​សិទិ្ធ​មនុស្ស​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​តថែម​ទៀត​ផង​​។ មិនអាចការពារឯកជនភាពរបស់អ្នកប្រើប្រាស់ ព្រោះក្រុមហ៊ុនហ្វេសប៊ុកហាក់មិនអើពើ និង​អសកម្មក្នុងការការពារអ្នកប្រើប្រាស់ ដែលប្រការនេះបានអនុញ្ញាតឱ្យអាជ្ញាធររដ្ឋមានលទ្ធភាពត្រួតពិនិត្យចាប់ពិរុទ្ធ​ និងរំលោភបំពានលើអ្នកប្រើប្រាស់បាន។ ជាងនេះទៀត អ្នកប្រើប្រាស់ដែលបានសម្ភាសន៍បានឱ្យដឹងទៀតថា​ ពួកគេក៏ត្រូវបានបុគ្គលឯកជនរំលោភបំពានផ្លូវភេទ គំរាមកំហែង និងការបំពានក្នុងរូបភាពផ្សេងៗទៀតផងដែរតាមរយៈបណ្តេញសង្គម។

របាយការណ៍របស់អង្គការលីការដូ ក៏រកឃើញទៀតថា អាជ្ញាធររដ្ឋមួយចំនួនគឺជាអ្នកប្រព្រឹត្តសកម្មភាពរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិតលើអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាតែម្តង។​ សកម្មភាពដែលអាជ្ញាធររដ្ឋបានប្រព្រឹត្តិភាគច្រើនតែងតែគំរាមកំហែង ចាប់ខ្លួន និងឃុំខ្លួនសកម្មជនសិទិ្ធមនុស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គម ដោយគ្រាន់តែអ្នកទាំងនោះបញ្ចេញមតិលើបណ្តាញសង្គម។

 

 

របាយការណ៍ស្តីពីបច្ចុប្បន្នភាពស្ថានភាពនៃការបៀតបៀនតាមប្រព័ន្ធផ្សព្វ ផ្សាយសង្គមនៅកម្ពុជា។

 

រីឯច្បាប់មួយចំនួនដែលទើបតែត្រូវបានអនុម័ត ហាក់ដូចជាផ្តល់អំណាចដល់អាជ្ញាធររដ្ឋកាន់តែខ្លាំង ក្នុងការត្រួតពិនិត្យចាប់ពិរុទ្ធ និងរឹតត្បិតសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។

ពលរដ្ឋដែលធ្លាប់ទទួលរងការំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត បានលើកឡើងពីផលវិបាកអវិជ្ជមានជាច្រើន ដូចជាការបាត់បង់ទំនុកចិត្តលើខ្លួនឯង មានបញ្ហាជាច្រើនជាមួយមិត្តភក្តិឬសហគមន៍ អំពើហិង្សារូបរាងកាយ ការមានគំនិតចង់សម្លាប់ខ្លួន និងផលវិបាកផ្សេងៗទៀត ។ ជាងមួយភាគប្រាំនៃពលរដ្ឋដែលធ្លាប់ទទួលរងការរំលោភបំពានតាមប្រព័ន្ធអ៊ីន ធឺណិត មានអារម្មណ៍ភ័យខ្លាចអំពីសុវត្ថិភាពរូបរាងកាយរបស់ខ្លួន ឬសុវត្ថិភាពអ្នកដែលស្និទ្ធនឹងខ្លួន។​

របាយការណ៍នេះ បានលើកឡើងនូវរឿងរ៉ាវជាច្រើនករណីនៃការបៀតបៀនតាមប្រព័ន្ធអនឡាញ។

វីដេអូរបស់ សុផល* ជាក្មេងស្រីម្នាក់ត្រូវបានគេលួចថតពេលនាងកំពុងរួមភេទ។ រូបភាពត្រូវបានគេចែកចាយជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនមានការយល់ព្រមពីរូបនាង។

ករណីមួយទៀតគឺរឿងរ៉ាវរបស់ ភាព* ជានារីម្នាក់អាយុជាង ៣០ឆ្នាំ។ រូបនាងតែងតែត្រូវបានគេគំរាមកំហែងឥតឈប់ឈរពីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីឯកជនមួយដែលបង្គាប់ឱ្យនាងផ្តល់នូវរូបភាពអាក្រាតកាយរបស់នាង ជាថ្នូរនឹងការទទួលបានប្រាក់កម្ចីនេះ។

ចំណែករឿងរ៉ាវរបស់ ចន្នី* ជានារីម្នាក់ទៀតអាយុជាង ២០ឆ្នាំ នាងទទួលរងការរើសអើងតាមប្រព័ន្ធអ៊ីនធឺណិត ក្រោយពេលនាងបានចែករំលែកវប្បធម៌ជនជាតិដើមភាគតិចរបស់នាង។ ដោយឡែករឿងរ៉ាវរបស់ ពេជ្រ* ជាបុរសភេទទីបីម្នាក់មានអាយុជាង ២០ឆ្នាំ។ រូបគេទទួលរងការរំលោភបំពានផ្លូវភេទឥតឈប់ឈរលើប្រព័ន្ធអ៊ីនធឺណិត។ រឿងរ៉ាវនីមួយៗខាងលើនេះ សុទ្ធតែបានបង្ហាញយ៉ាងច្បាស់នូវតម្រូវការជាបន្ទាន់មួយ ដើម្បីទប់ស្កាត់ការកើនឡើងនៃការបៀតបៀនតាមរយៈប្រព័ន្ធអនឡាញនៅកម្ពុជា។

ហើយចុងក្រោយករណីលោក ដារ៉ា* ជាសមាជិកសហជីពម្នាក់ ដែលត្រូវបានគេតាមដាននិងគំរាមកំហែងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលលោកបាននិយាយអំពីបញ្ហាសិទិ្ធមនុស្សនៅកម្ពុជា។

របាយការណ៍នេះ ត្រូវបានចេញផ្សាយនៅថ្ងៃទីមួយនៃយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ បង្ហាញថា ស្ត្រីតែងតែជាគោលដៅនៃអំពើរំលោភបំពាន និងរើសអើងដោយផ្អែកលើយេនឌ័រ នៅលើប្រព័ន្ធអ៊ីនធឺណិត ហើយជាលទ្ធផលភាគច្រើនតែងតែបង្ខំចិត្តនៅស្ងាត់ស្ងៀម។

អ្នកប្រើប្រាស់បណ្តេញសង្គមនៅជនបទ។

 

លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទិ្ធមនុស្សនៃអង្គការលីកាដូ និយាយក្នុងរបាយការណ៍នេះថា៖“បណ្តាញទំនាក់ទំនងសង្គម គួរតែជាកន្លែងដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា ក្នុងការបញ្ចេញគំនិត ទទួលបានព័ត៌មាន និងភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា” ។ លោកបន្តទៀតថា៖“ការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត កំពុងបង្ខំឱ្យមនុស្សមួយចំនួនឈប់ប្រើប្រាស់បណ្តាញសង្គមទាំងនោះ។ លើសពីនេះទំហំនៃផលប៉ះពាល់អវិជ្ជមាននៃការរំលោភបំពាននេះ មិនមែនមានត្រឹមតែនៅលើកញ្ចក់ទូរស័ព្ទវៃឆ្លាតនោះទេ។

ភាគច្រើនលើសលុប ពោលគឺ ៩៥% នៃអ្នកដែលធ្លាប់ទទួលរងអំពើរំលោភបំពានលើប្រព័ន្ធអ៊ីនធឺណិត បានលើកឡើងថា ពួកគេទទួលរងការរំលោភបំពានតាមរយៈកម្មវិធីបណ្តាញសង្គមយ៉ាងតិចមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហ្វេសប៊ុក។ ហ្វេសប៊ុក មិនបានដំឡើងភាសាខ្មែរនៅក្នុងប្រព័ន្ធការពារជាមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងស្រុក និងមិនបានបង្កើតនីតិវិធីរាយការណ៍អំពីការរំលោភបំពានលើបណ្តាញសង្គមរបស់ខ្លួនឱ្យមានភាពងាយស្រួលប្រើប្រាស់ ឆាប់រហ័ស និងមានប្រសិទិ្ធភាពនោះទេ។ ជាងនេះ ហ្វេសប៊ុកក៏មិនបានជូនដំណឹងដល់សាធារណជនថាតើ មានអ្នកពិនិត្យអត្ថបទជាជនជាតិខ្មែរប៉ុន្មាននាក់ធ្វើការងារជាមួយហ្វេសប៊ុក ហើយក៏មិនបង្កើតឱ្យមានតម្លាភាពនូវព័ត៌មានរបស់អ្នកប្រើប្រាស់ដែលខ្លួនបានផ្តល់ទៅឱ្យអាជ្ញាធរកម្ពុជានោះដែរ។

អង្គការ លីកាដូ បានទាក់ទងទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ដោយបានផ្ញើនូវការរកឃើញសំខាន់ៗនៃរបាយការណ៍នេះ កាលពីខែតុលា និងវិច្ឆិកា ឆ្នាំ ២០២១ ហើយបានស្នើសុំការបំភ្លឺបន្ថែមទៅលើការរកឃើញ និងបញ្ហាទាំងនោះពីក្រុមហ៊ុនហ្វេសប៊ុក។ ក្រោយពីឆ្លើយតបដោយបញ្ជាក់ថា ខ្លួនបានទទួលសាររបស់អង្គការ លីកាដូ ហើយនោះ ក្រុមហ៊ុនហ្វេសប៊ុក មិនបានឆ្លើយតបទៅនឹងសំណួរដែល អង្គការលីកាដូ បានសួរ ឬបញ្ហាដែលបានលើកឡើងនោះទេ។

«ក្រុមហ៊ុនហ្វេសប៊ុក មិនមានទំនួលខុសត្រូវចំពោះពលរដ្ឋកម្ពុជានោះទេ”។ ហ្វេសប៊ុក ត្រូវតែប្រកាន់ជំហរជាសាធារណៈជំទាស់នឹងការត្រួតពិនិត្យចាប់ពិរុទ្ធ និងការរំលោភបំពានពីសំណាក់អាជ្ញាធររដ្ឋ ហើយប្រកាន់ទំនួលខុសត្រូវទៅលើការរំលោភបំពានផ្សេងៗទៀតដែលបានសាយភាយពាសពេញបណ្តាញសង្គមរបស់ខ្លួន»។ នេះជាប្រសាសន៍របស់អ្នកនាង ណាលី ពីឡូក នាយិកាអង្គការលីកាដូដែលថ្លែងក្នុងរបាយការណ៍បច្ចុប្បន្នភាព​ស្ថានភាព​នៃ​ការបៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា​នេះ។
ប្រជាជនកម្ពុជាបច្ចុប្បន្នមានសរុបជិត ១៧ លាននាក់។ ក្នុងនោះប្រជាជនជាង ១៦លាននាក់គឺជាអ្នកប្រើប្រាស់អ៊ីនធឺណែតតាមទូរស័ព្ទចល័តដែលបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតកាលពីឆ្នាំ២០២០។

ដោយឡែកគិតត្រឹមខែឧសភា ឆ្នាំ២០២០ របាយការណ៍បានឲ្យដឹងថាប្រទេសកម្ពុជាមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកប្រមាណ ១០,៩ លាននាក់។

ដូច្នេះនៅ​ពេល​ដែល​ការរស់នៅ​របស់​ពលរដ្ឋ​​កាន់តែ​ពឹង​ផ្នែក​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ខ្លាំង​ឡើង​ ​ការ​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​នា​ពេល​បច្ចុប្បន្ន​ដោយសារ​ទទួលរង​ការ​រំលោភបំពាន​ ​គឺជា​ការ​ខាតបង់​តម្លៃ​យ៉ាង​ខ្លាំង​របស់​មនុស្សម្នាក់​ៗ​​។​ ​បណ្តាញ​សង្គម​ ​គឺជា​ប្រភព​ព័ត៌មាន​ចម្បង​ ​និង​កន្លែង​ពិភាក្សា​ផ្លាស់ប្តូរ​គំនិត​ដោយសេរី​មួយ​​នៅ​កម្ពុជា​ ​នៅពេលដែល​សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​មាន​ភាព​រឹតត្បិត​យ៉ាង​ខ្លាំង​​។​ ​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ធំ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ដាក់​គោលដៅ​។​ ​វា​ដល់ពេលហើយ​ ​ដែល​ត្រូវ​ធានា​ថា​ពលរដ្ឋ​គ្រប់រូប​នៅ​ក្នុង​ប្រទេស​អាច​អនុវត្ត​សិទិ្ធ​មនុស្ស​របស់​ពួកគេ​យ៉ាង​ពេញលេញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​៕​

Share

Image
Image
Image