ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលចំនួន៦៦ស្ថាប័ន ទាមទារឱ្យរដ្ឋាភិបាលកែទម្រង់ច្បាប់និងប្រព័ន្ធដែលបណ្តាលឱ្យមានការបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ស្របពេលដែលសកម្មជននានាដែលទើបដោះលែងពីពន្ធនាគារនៅតែជាប់ក្នុងបទល្មើសព្រហ្មទណ្ឌ និងស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការដដែល។
លោក កែវ សុខា រាយលាការណ៍ពីព័ត៌មាននេះ
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចំនួន ៦៦ ស្ថាប័នចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ បានស្វាគមន៍ចំពោះការដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសង្គម និងសកម្មជននយោបាយជាង ៣០នាក់ ប៉ុន្តែការដាក់កម្រិតដោយការព្យួរទោសនិងដាក់ពួកគេឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនោះ ជាអ្វីដែលក្រុមសង្គមស៊ីវិលទាមទារឱ្យមានការកែទម្រង់។
ទាមទារឱ្យកែទម្រង់ ព្រោះស្ថាប័នអង្គការលើខាងយល់ថា ច្បាប់និងប្រព័ន្ធអនុវត្តទោសលើសកម្មជននានាជាការធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិសេរីភាព និងរឹតត្បឹតការចូលរួមផ្នែកនយោបាយរបស់ពួកគេ។
មួយវិញទៀត ក្រុមអង្គការយល់ថា សកម្មជនដែលកំពុងអនុវត្តទោសព្យួរក្រៅពន្ធនាគារ នឹងលំបាកក្នុងការអនុវត្តសិទ្ធិរបស់ពួកគេ ដូចជាការលើកឡើងពីភាពអយុត្តិធម៌ក្នុងសង្គម ការសម្តែងមតិនានា ឬការជួបជុំដោយអហិង្សាដើម្បីតវ៉ារកដំណោះស្រាយជូនជនទន់ខ្សោយនោះ។
ជាងនេះទៀត ការប្រើប្រាស់បទចោទប្រកាន់ពីបទញុះញង់ និងបទរួមគំនិតក្បត់លើសកម្មជននយោបាយ និងដីធ្លី ដែលកំពុងជាប់ឃុំឃាំងជាង ៧០នាក់ទៀតនោះ ក៏ជាផ្នែកមួយនៃការគំរាមកំហែងលើពួកគេដែលហ៊ាននិយាយតវ៉ា និងរិះគន់លើអាជ្ញាធររដ្ឋផងដែរ។
សេចក្តីថ្លែងការណ៍រួមកម្រាស់ ៤ទំព័រ យល់ឃើញថា បញ្ហាសិទ្ធិស្សមនុស្សនៅតែស្ថិតក្រោមការគំរាមកំហែងពីប្រព័ន្ធតុលាការដែលលម្អៀងផ្នែកនយោបាយ ហើយច្បាប់ក៏មានលក្ខណៈគាបសង្គត់។
សេចក្តីថ្លែងការណ៍រួមបានលើកឡើងនូវច្បាប់មួយចំនួនមានដូចជា វិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោត ច្បាប់សហជីព ច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីការការពារជំងឺកូវីដ១៩ ច្បាប់ស្តីពីទូរគមនាគមន៍ និងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធើណិតជាតិជាដើម។
ច្បាប់ទាំងប៉ុន្មានខាងលើ ក្រុមអង្គការសង្គមស៊ីវិលយល់ថាគួរត្រូវលុបចោល ព្រោះដើម្បីស្តារលំហសេរីភាពរបស់ពលរដ្ឋ និងសេរីភាពនយោបាយក្នុងប្រទេសឡើងវិញ។
វិទ្យុស្រ្តីនៅព្រឹកនេះពុំទាន់អាចសុំការឆ្លើយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ ដោយទូរស័ព្ទចូលតែមិនទទួល។
ក៏ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់ប្រាប់វិទ្យុស្រ្តីករណីស្រដៀងគ្នានេះថា ការដាក់ឱ្យសកម្មជននានាអនុវត្តទោសព្យួរនៅក្រៅពន្ធនាគារ និងដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការ គឺដើម្បីឱ្យពួកគេអាចសម្របខ្លួន និងកែប្រែខ្លួនអាចរស់នៅក្នុងសង្គមបានឆាប់រហ័ស។ ចំណែកលក្ខខ័ណ្ឌមួយចំនួនដែលតុលាការតម្រូវឱ្យពួកគេអនុវត្តនោះ គឺដើម្បីបញ្ជៀសរាល់កំហុសដែលពួកគេអាចប្រព្រឹត្តិជាថ្មីទៀតតែប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ករណីពួកគេនៅតែមិនរាងចាលឬនៅតែប្រព្រឹត្តិកំហុសបង្កភាពចលាចលក្នុងសង្គមដដែរទៀតនោះ នោះតុលាការអាចនឹងនាំខ្លួនពួកគេអនុវត្តទោសក្នុងពន្ធនាគារវិញ។
កាលពីពេលថ្មីៗនេះ សកម្មជនជាយុវជនមួយចំនួនដែលទើបចេញពន្ធនាគារបានប្រកាសជំហររបស់ពួកគេក្នុងសន្និសីទកាសែតថា ពួកគេនៅតែរក្សាជំហរនិងឆន្ទៈបន្តលើកឡើងពីបញ្ហាសិទ្ធិសេរីភាព បញ្ហាបរិស្ថាន និងបញ្ហានានាក្នុងសង្គមដដែល ទោះបីជាខ្លួនកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការក្តី៕