en     km
en     km

​លោក​កឹ​ម​ សុខា​ អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ឱ្យ​ឈប់​ប្រើ​អំពើ​ហិង្សា​

Share

លោកកឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាត
លោកកឹម សុខា និងថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិ

​ភ្នំពេញ​៖​ ស្រប​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​ ៦២​ នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​ទី​ ០៩​ វិច្ឆិកា​ ១៩៥៣​ -​ ០៩​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​ លោក​ កឹ​ម​ សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ចំពោះ​អ្នកនយោបាយ​ខ្មែរ​ ជា​ពិសេស​អ្នក​ដែល​កំពុង​មាន​អំណាច​ក្នុង​ដៃ​ សូម​ឱ្យ​ឈប់​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ដើម្បី​សេចក្តីសុខ​សម្រាប់​ខ្លួន​ សន្តិភាព​ក្នុង​សង្គម​ និង​ប្រទេស​ជាតិ​ ។​ ស្រប​នឹង​ការ​អំពាវនាវ​នេះ​ អ្នកវិភាគ​ព្រឹ​ត្ត​ការណ៍​សង្គម​នៅ​កម្ពុជា​ក៏​បាន​លើក​ឡើង​ដែរ​ថា​ អ្នកនយោបាយ​ខ្មែរ​ ត្រូវ​តែ​ឈប់​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​នៅ​ថ្ងៃ​អនាគត​។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ លោក​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​ថា​ លោក​សូម​អំពាវនាវ​ចំពោះ​អ្នកនយោបាយ​ខ្មែរ​ ជា​ពិសេស​អ្នក​ដែល​កំពុង​មាន​អំណាច​ក្នុង​ដៃ​ សូម​មេត្តា​ខិតខំ​រើបម្រះ​ផ្លាស់​ប្តូរ​កាយ​ វាចា​ និង​ចិត្ត​របស់​ខ្លួន​ ដែល​កំពុង​ប្រព្រឹត្ត​នូវ​អំពើ​ហិង្សា​ នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ និង​អនាគត​សង្គម​និង​ប្រទេស​ជាតិ​។​

​ទន្ទឹម​គ្នា​នេះ​ លោក​ កឹ​ម​ សុខា​ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ អ្នកមាន​អំណាច​អាច​រំលោភ​បំពាន​លើ​អ្វីៗ​ ឬ​បំពាន​លើ​អ្នក​ដទៃ​បាន​ ក៏​ប៉ុន្តែ​អ្នក​មិន​អាច​គេច​ផុត​ពី​ច្បាប់ធម្មជាតិ​បាន​ឡើយ​ ហើយ​បាន​ប្រៀបប្រដូច​ទៅ​នឹង​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ អ្វីៗ​គ្រប់យ៉ាង​មិន​មាន​សភាព​ទៀងទាត់​ឡើយ​ ។​

​លោកស្រី​ ជា​ វ​ណ្ណា​ អ្នកវិភាគ​ព្រឹ​ត្ត​ការណ៍​សង្គម​បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ នៃ​WMC​ នៅ​ថ្ងៃនេះ​ថា​ លោកស្រី​សាទរ​ និង​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​ លោក​ កឹ​ម​ សុខា​។​ «​សន្ទនា​គ្នា​ជា​សន្តិវិធី​ ការ​ធ្វើ​ទំនាក់ទំនង​គ្នា​ ឬ​មួយ​ក៏​មាន​បញ្ហា​អ្វី​ក៏​ដោយ​ ត្រូវធ្វើ​ដោយ​មិន​ប្រើ​កម្លាំង​ មិន​ប្រើ​អំពើ​ហិង្សា​ នេះ​ខ្ញុំ​សូម​អបអរសាទរ​នូវ​ចំណុច​ដែល​លោក​កឹ​ម​ សុខា​ បាន​លើក​ឡើង​»​។​

kem-sokha-facebook

​លោកស្រី​ ជា​ វ​ណ្ណាត​ បាន​បន្ត​ទៀត​ថា​ អ្នកនយោបាយ​កម្ពុជា​គ្រប់​រូប​ ក្នុង​នោះ​អ្នកនយោបាយ​កំពុង​កាន់​អំណាច​ក្តី​ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ល្អ​ គុណធម៌​ក្នុង​វិជ្ជាជីវៈ​នយោបាយ​ ធ្វើខ្លួន​ឱ្យ​បាន​សក្ដិ​សមជា​អ្នក​ន​យោ​បាន​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​វប្បធម៌​ខ្ពង់ខ្ពស់​ ។​ ជាង​នេះ​ទៅ​ទៀត​ លោកស្រី​ ជា​ វ​ណ្ណាត​ បាន​បញ្ជាក់​ថា​ ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​អ្នកនយោបាយ​ ឬ​សកម្មភាព​អ​សីលធម៌​របស់​អ្នកនយោបាយ​ ចំពោះ​អ្នកនយោបាយ​ដូច​គ្នា​ ជា​គំរូ​មិនល្អ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ និង​មិន​ធ្វើ​ឱ្យ​សង្គម​ជាតិ​រីក​ចម្រើន​ឡើយ​។​ អ្នកនយោបាយ​ ជំទាស់​ក្តី​ មិន​ព្រម​យល់​តាម​ក្តី​ ប៉ុន្តែ​សូមកុំ​ប្រើ​អំពើ​ហិង្សា​។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​មាន​ប្រសាសន៍​ដែរ​ថា​ កន្លង​ទៅ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ន​យោ​បាន​តែង​មាន​ទម្លាប់​ប្រើប្រាស់​សកម្មភាព​ហិង្សា​ តាម​រយៈ​កាយវិការ​ ពាក្យ​សម្តី​ និង​សកម្មភាព​ផ្សេងៗ​ ទៅ​លើ​គូប្រជែង​នយោបាយ​របស់​ខ្លួន​ ដែល​នេះ​ជា​ទម្លាប់​មិនល្អ​មួយ​របស់​អ្នកនយោបាយ​នៅ​ក្នុង​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​ ។​

​លោក​ សូ​ ច​ន្ថា​ បាន​បន្ត​ទៀត​៖​ «​មេដឹកនាំ​ទាំងអស់​ត្រូវ​ប្រកួតប្រជែង​គ្នា​ ដោយ​ឈរ​ទៅ​លើ​ការ​ប្រើប្រាស់​កម្មវិធី​នយោបាយ​ ជា​ជាង​ការ​វាយប្រហារ​គ្នា​ ការ​ សម្លុត​គំរាមកំហែង​គ្នា​ ការ​ប្រើប្រាស់​អំពើ​ហិង្សា​និយម​ ទាំង​អស់នេះ​ ដែល​អាច​ធ្វើ​ឱ្យ​អ្នកនយោបាយ​នៅ​កម្ពុជា​អាច​ប្រកួតប្រជែង​គ្នា​ដោយ​សេរី​ ហើយ​គ្មាន​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​»​។​

​ជា​ការ​កត់សម្គាល់​ នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ អំពើ​ហិង្សា​បាន​កើត​មាន​ចំពោះ​តំណាងរាស្ត្រ​ ដែល​ជា​អ្នកនយោបាយ​បក្ស​ប្រឆាំង​ ធ្វើ​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​។​ សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​បក្ស​ប្រឆាំង​ បាន​ភ្ជាប់​ការ​ទទួលខុសត្រូវ​លើ​បាតុកម្មហិង្សា​នោះ​ទៅ​គណបក្សកាន់អំណាច​។​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា​ អំពើ​ហិង្សា​នោះ​បាន​កើតឡើង​ក្រោយ​ពេល​បញ្ចប់​បាតុកម្ម​ទាមទារ​ទម្លាក់​លោក​កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ គឺ​អំពើ​ហិង្សា​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បាតុករ​នោះ​ទេ​៕

Share

Image
Image
Image