ភ្នំពេញ៖ ស្របពេលដែលកម្ពុជាប្រារព្ធខួបលើកទី ៦២ នៃពិធីបុណ្យឯករាជ្យជាតិថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ឆ្នាំ ២០១៥ លោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកចំពោះអ្នកនយោបាយខ្មែរ ជាពិសេសអ្នកដែលកំពុងមានអំណាចក្នុងដៃ សូមឱ្យឈប់ប្រើអំពើហិង្សាក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសេចក្តីសុខសម្រាប់ខ្លួន សន្តិភាពក្នុងសង្គម និងប្រទេសជាតិ ។ ស្របនឹងការអំពាវនាវនេះ អ្នកវិភាគព្រឹត្តការណ៍សង្គមនៅកម្ពុជាក៏បានលើកឡើងដែរថា អ្នកនយោបាយខ្មែរ ត្រូវតែឈប់ប្រើអំពើហិង្សាក្នុងការដោះស្រាយបញ្ហា ដើម្បីឱ្យប្រទេសកម្ពុជាមានការរីកចម្រើននៅថ្ងៃអនាគត។
ក្នុងទំព័រហ្វេសប៊ុក លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានសរសេរថា លោកសូមអំពាវនាវចំពោះអ្នកនយោបាយខ្មែរ ជាពិសេសអ្នកដែលកំពុងមានអំណាចក្នុងដៃ សូមមេត្តាខិតខំរើបម្រះផ្លាស់ប្តូរកាយ វាចា និងចិត្តរបស់ខ្លួន ដែលកំពុងប្រព្រឹត្តនូវអំពើហិង្សា នាំមកនូវសេចក្ដីទុក្ខទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតសង្គមនិងប្រទេសជាតិ។
ទន្ទឹមគ្នានេះ លោក កឹម សុខា បានបន្តឱ្យដឹងទៀតថា អ្នកមានអំណាចអាចរំលោភបំពានលើអ្វីៗ ឬបំពានលើអ្នកដទៃបាន ក៏ប៉ុន្តែអ្នកមិនអាចគេចផុតពីច្បាប់ធម្មជាតិបានឡើយ ហើយបានប្រៀបប្រដូចទៅនឹងធម៌របស់ព្រះសម្មាសម្ពុទ្ធ អ្វីៗគ្រប់យ៉ាងមិនមានសភាពទៀងទាត់ឡើយ ។
លោកស្រី ជា វណ្ណា អ្នកវិភាគព្រឹត្តការណ៍សង្គមបានមានប្រសាសន៍ជាមួយវិទ្យុស្ត្រី នៃWMC នៅថ្ងៃនេះថា លោកស្រីសាទរ និងគាំទ្រចំពោះការលើកឡើងរបស់ លោក កឹម សុខា។ «សន្ទនាគ្នាជាសន្តិវិធី ការធ្វើទំនាក់ទំនងគ្នា ឬមួយក៏មានបញ្ហាអ្វីក៏ដោយ ត្រូវធ្វើដោយមិនប្រើកម្លាំង មិនប្រើអំពើហិង្សា នេះខ្ញុំសូមអបអរសាទរនូវចំណុចដែលលោកកឹម សុខា បានលើកឡើង»។
លោកស្រី ជា វណ្ណាត បានបន្តទៀតថា អ្នកនយោបាយកម្ពុជាគ្រប់រូប ក្នុងនោះអ្នកនយោបាយកំពុងកាន់អំណាចក្តី ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ល្អ គុណធម៌ក្នុងវិជ្ជាជីវៈនយោបាយ ធ្វើខ្លួនឱ្យបានសក្ដិសមជាអ្នកនយោបានរស់នៅក្នុងប្រទេសដែលមានវប្បធម៌ខ្ពង់ខ្ពស់ ។ ជាងនេះទៅទៀត លោកស្រី ជា វណ្ណាត បានបញ្ជាក់ថា ការប្រើប្រាស់អំពើហិង្សារបស់អ្នកនយោបាយ ឬសកម្មភាពអសីលធម៌របស់អ្នកនយោបាយ ចំពោះអ្នកនយោបាយដូចគ្នា ជាគំរូមិនល្អដល់មនុស្សជំនាន់ក្រោយ និងមិនធ្វើឱ្យសង្គមជាតិរីកចម្រើនឡើយ។ អ្នកនយោបាយ ជំទាស់ក្តី មិនព្រមយល់តាមក្តី ប៉ុន្តែសូមកុំប្រើអំពើហិង្សា។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានមានប្រសាសន៍ដែរថា កន្លងទៅ នៅក្នុងប្រទេសកម្ពុជា អ្នកនយោបានតែងមានទម្លាប់ប្រើប្រាស់សកម្មភាពហិង្សា តាមរយៈកាយវិការ ពាក្យសម្តី និងសកម្មភាពផ្សេងៗ ទៅលើគូប្រជែងនយោបាយរបស់ខ្លួន ដែលនេះជាទម្លាប់មិនល្អមួយរបស់អ្នកនយោបាយនៅក្នុងប្រទេសកាន់របបប្រជាធិបតេយ្យ ។
លោក សូ ចន្ថា បានបន្តទៀត៖ «មេដឹកនាំទាំងអស់ត្រូវប្រកួតប្រជែងគ្នា ដោយឈរទៅលើការប្រើប្រាស់កម្មវិធីនយោបាយ ជាជាងការវាយប្រហារគ្នា ការ សម្លុតគំរាមកំហែងគ្នា ការប្រើប្រាស់អំពើហិង្សានិយម ទាំងអស់នេះ ដែលអាចធ្វើឱ្យអ្នកនយោបាយនៅកម្ពុជាអាចប្រកួតប្រជែងគ្នាដោយសេរី ហើយគ្មានអំពើហិង្សានៅក្នុងសង្គម»។
ជាការកត់សម្គាល់ នៅក្នុងរយៈពេលចុងក្រោយនេះ អំពើហិង្សាបានកើតមានចំពោះតំណាងរាស្ត្រ ដែលជាអ្នកនយោបាយបក្សប្រឆាំង ធ្វើឲ្យមានរបួសធ្ងន់ធ្ងរ។ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេសបក្សប្រឆាំង បានភ្ជាប់ការទទួលខុសត្រូវលើបាតុកម្មហិង្សានោះទៅគណបក្សកាន់អំណាច។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា អំពើហិង្សានោះបានកើតឡើងក្រោយពេលបញ្ចប់បាតុកម្មទាមទារទម្លាក់លោកកឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា គឺអំពើហិង្សានោះមិនជាប់ពាក់ព័ន្ធនឹងបាតុករនោះទេ៕