ស្ពានមិត្តភាពកម្ពុជា-ចិន ប្រវែង ១ ១៣១ ម៉ែត្រ ដែលឆ្លងទន្លេមេគង្គពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធនៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ដោយចាប់ផ្ដើមបើកការដ្ឋាននៅខែកុម្ភៈ ឆ្នាំ២០១៨ ស្ពានថ្មីដែលសម្ដេច ហ៊ុន សែន ប្រសិទ្ធនាមថា «ស្ពានភ្ជាប់និស្ស័យ» ត្រូវបានសាងសង់រយៈពេល៤២ខែ ដោយចំណាយថវិកាអស់ជិត៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសរបស់ប្រទេសចិន។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ភ្ជាប់ពីចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅត្រើយខាងកើតទន្លេមេគង្គ ត្រង់ចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ វាមានទទឹង១៣,៥ ម៉ែត្រ ប្រកបដោយផ្លូវរថយន្ត២គន្លង ផ្លូវម៉ូតូ២គន្លង ផ្លូវថ្មើរជើង២គន្លង។
ទន្ទឹមនឹងការសម្ពោធស្ពាន នៅព្រឹកថ្ងៃចន្ទដដែលក៏មានពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុបជាង១១៤គីឡូម៉ែត្រ ដោយចាប់ផ្តើមពីឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមដែរ។ ការស្ថាបនាផ្លូវនេះគ្រោងចំណាយថវិកាអស់១៣០លានដុល្លារ និងប្រើថេរវេលា៤២ខែ៕