en     km
en     km

សកម្មជនទើបចេញពីពន្ធនាគារបេ្តជ្ញារក្សាជំហរបញ្ចេញមតិរិះគន់បញ្ហាក្នុងសង្គម

Share

ភ្នំពេញ៖ សកម្មជននានាដែលទើបចេញពីពន្ធនាគារ បានបង្ហាញជំហររបស់ខ្លួនដោយរក្សាឆន្ទៈបន្តលើកឡើងនិងរិះគន់រាល់បញ្ហាក្នុងសង្គម បើទោះបីជាខ្លួនធ្លាប់ជាប់ពន្ធនាគារដោយសារការបញ្ចេញមតិនេះយ៉ាងណាក៏ដោយ។ នេះជាការលើកឡើងរបស់សកម្មជនមួយចំនួននាសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែវិច្ឆិកានេះ នៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

សកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម សកម្មជនបរិស្ថាន និងសកម្មជននយោបាយ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេនៅតែប្តេជ្ញារក្សាឆន្ទៈបន្តលើកឡើងពីបញ្ហាក្នុងសង្គម ដើម្បីបំពេញនូវចន្លោះខ្វះខាត ជំរុញឱ្យមានការកែប្រែនិងអភិវឌ្ឍន៍។

ទាំងនេះជាបេសសកម្មនិងជាទិសដៅរបស់សកម្មជនខាងលើ ដែលបានបង្ហាញក្នុងសន្និសីទសារព័ត៌មាន គ្រាដែលពួកគេទើបចេញពន្ធនាគារជាងពីរសប្តាហ៍។

លោក ហ៊ុន វណ្ណ:​ សមាជិកក្រុមខ្មែរថាវរ:សកម្មជនដែលតែងលើករឿងរ៉ាវបញ្ហាបរិស្ថានដូចជាការលុបបឹងធម្មជាតិ ការបូម ខ្សាច់បែបអាណាធិបតេយ្យ និងការចាកសម្រាមចូលទន្លេនិងសមុទ្រជាដើម បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនគ្មានអ្វីរាថយឡើយក្នុងការបន្តលើកឡើងពីបញ្ហាសង្គម បើទោះបីជាខ្លួនស្ថិតក្រោមការឃ្លាំមើលរបស់តុលាការយ៉ាងណាក្តី។ យុវជនរូបនេះបន្ថែមថា មានតែការតស៊ូមតិ ហ៊ានបង្ហាញពីភាពមិនប្រក្រតីឬភាពចន្លោះប្រហោងតែប៉ុណ្ណោះទើបជាមាគ៌ាមួយនាំឱ្យមានការកែលម្អសង្គមមួយនេះបាន។

 

លោក ហ៊ុន វណ្ណ: រូបខាងឆ្វេង។រូបភាពពីហ្វេសប៊ុក សាន ម៉ាឡា

 

ដោយឡែកស្រ្តីសកម្មជនមួយរូបទៀត គឺអ្នកនាង ឈឿន ដារ៉ាវី បានលើកឡើងពីបញ្ហាប្រព័ន្ធយុត្តិធម៌ ដែលនាងបានឆ្លងកាត់និងមើលឃើញអំឡុងពេលជាប់ឃុំឃាំងនៅពន្ធនាគារ។ អ្វីដែល ដារ៉ាវី មើលឃើញមួយទៀតនោះ គឺការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបាក់ស្មារតីអ្នកស្នេហាជាតិដែលហ៊ានរិះគន់បញ្ហាព្រំដែន និងរឿងអាស្រូវរបស់ជនខិលខូចដែលកំពុងបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ។

 

អ្នកនាង ឈឿន ដារ៉ាវី ។រូបភាពពីហ្វេសប៊ុក សាន ម៉ាឡា

 

ចំណែកលោក កើត សារ៉ាយ អតីតព្រះសង្ឃដែលសកម្មក្នុងបញ្ហាសង្គមបានលើកឡើងពីភាពអយុត្តិធម៌នៃការចាប់ខ្លួនលោកដោយមិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ។ ជាងនេះលោក​ កើត សារ៉ាយ ក៏បានលើកឡើងពីការចាប់ខ្លួនសកម្មជននានាកាលពីពេលកន្លងទៅ ដែលធ្វើឡើងដើម្បីយកឈ្នះចាញ់ផ្នែកនយោបាយតែប៉ុណ្ណោះ។ ហើយចុងក្រោយសកម្មជនជាអតីតសង្ឃរូបនេះ ចង់ឃើញអ្នកនយោបាយចេះជជែកពិភាក្សាគ្នាដោយសន្តិវិធីជាជាងប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីសងសឹកគ្នានោះ។

 

លោក កើត សារ៉ាយ រូបខាងស្តាំ។រូបភាពហ្វេសប៊ុក សាន ម៉ាឡា

 

ដោយឡែកលោក រ៉ុង ឈុន មេសហជីពនិងជាសកម្មជនល្បីឈ្មោះមួយរូបដែលធ្លាប់រិះគន់បញ្ហាបាត់ដីតាមព្រំដែនកម្ពុជា-វៀតណាម បានទទូចឱ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទនិងដោះលែងអ្នកទោសដែលជាសកម្មជននយោបាយបក្សប្រឆាំងដែលនៅជាប់ឃុំឃាំងឱ្យមានសេរីភាពឡើងវិញ។

 

លោក រ៉ុង ឈុន នៅកណ្តាល។រូបភាពពីហ្វេសប៊ុក សាន ម៉ាឡា

 

ជាការកត់សម្គាល់ សកម្មជនខាងលើកន្លងមកបានធ្វើសកម្មភាពលើកឡើងពីបញ្ហាក្នុងសង្គមដូចជាបញ្ហា សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិកម្មករ កម្មាការិនី សិទ្ធិគ្រូបង្រៀន បញ្ហាព្រំដែន បញ្ហាបូមខ្សាច់បាក់ច្រាំងទន្លេនិងផ្ទះប្រជាជន បញ្ហាការកាប់បំផ្លាញព្រៃឈើ បញ្ហាចាកសម្រាមចូលទន្លេនិងសមុទ្រជាដើម។

ពួកគេត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីចេញតវ៉ាការចាប់ខ្លួនលោក រ៉ុង​ ឈុន ដែលត្រូវចាប់ខ្លួនរឿងរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ពួកគេភាគច្រើនត្រូវមានទោសជាប់ពន្ធនាគាររយៈជាង ២ឆ្នាំ ក្នុងបទចោទញុះញង់ឱ្យមានបទល្មើសជាអាទិ៍។ ប៉ុន្តែតុលាការបានកាត់តម្រឹមទោសឱ្យពួកគេជាប់ពន្ធនាគារចំនួនជាង១៥ខែ ទោសដែលនៅសល់ត្រូវព្យួរ និងត្រូវស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការជាង២ឆ្នាំ៕

Share

Image
Image
Image