en     km
en     km

នាយករដ្ឋមន្ត្រីអេត្យូពីថា លោកនឹងដឹកនាំកងទ័ព«នៅសមរភូមិមុខ»

Share

នាយករដ្ឋមន្ត្រីនៃប្រទេសអេត្យូពី ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព បាននិយាយថា លោកនឹងដឹកនាំកងទ័ពរបស់ប្រទេសនេះ«នៅសមរភូមិមុខ» ចាប់ផ្តើមពីថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ក្នុងសង្គ្រាមទល់នឹងកងកម្លាំងនៃតំបន់ទីហ្គ្រេ។

យោងតាមទីភ្នាក់ងារសារព័ត៌មានអេភី នាយករដ្ឋមន្ត្រីនៃប្រទេសអេត្យូពី ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព បាននិយាយថា លោកនឹងដឹកនាំកងទ័ពរបស់ប្រទេសនេះ«នៅសមរភូមិមុខ» ដោយចាប់ផ្តើមពីថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា។  នេះជាជំហានថ្មីនៅក្នុងសង្រ្គាមដ៏មហន្តរាយរយៈពេលមួយឆ្នាំក្នុងប្រទេសអាហ្វ្រិកមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ឈ្មោះ អាប៊ីយ អាម៉េដ បាននិយាយថា «នេះគឺជាពេលវេលាដែលការដឹកនាំប្រទេសមួយដោយការធ្វើទុក្ករកិរិយាមានលក្ខណៈចាំបាច់»។

ស្របពេលដែលកងកម្លាំងប្រឆាំង មកពីតំបន់ ទីហ្គ្រេ រុលទៅជិតដល់រដ្ឋធានី អាឌីសអាបេបា ហើយនោះ រដ្ឋាភិបាលរបស់លោក អាប៊ីយ អាម៉េដ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីដើមខែនេះ។

គេប៉ាន់ស្មានថា មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងសង្រ្គាម ដែលកងកម្លាំងអេត្យូពីនិងសម្ព័ន្ធមិត្ត ប្រយុទ្ធតទល់នឹងក្រុមយុទ្ធជនមកពីតំបន់ ទីហ្គ្រេ នៅភាគខាងជើងរបស់ប្រទេស ដែលមានឥទ្ធិពលលើ
រដ្ឋាភិបាលអេត្យូពីជាយូរមកហើយ តាំងពីមុនពេលដែលលោក អាប៊ីយ ចូលកាន់តំណែងទៅ។

សហរដ្ឋអាមេរិកនិងប្រទេសនានាបានព្រមានថា ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២នៅទ្វីបអាហ្រ្វិកមួយនេះ អាចបែកបាក់ ហើយធ្វើឱ្យភាគខាងកើតនៃទ្វីបអាហ្វ្រិកមានអស្ថិរភាព។

ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រីអេត្យូពី ​ដែល​ជា​អតីត​ទាហាន​ម្នាក់ផង ​មិន​បាន​បញ្ជាក់​ថា ​លោក​នឹង​ទៅសមរភូមិ​ណា​ទេនៅ​ថ្ងៃ​អង្គារ។ អ្នក​នាំ​ពាក្យ​របស់​លោក​ គឺ​លោក ប៊ីឡែន ស៊ីយូម មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​​អត្ថាធិប្បាយ​ទេ។

លោក អាប៊ីយ អាម៉េដ អាយុ៤៥ឆ្នាំ បាននិយាយថា «តោះជួបគ្នានៅសមរភូមិមុខ»។

កងកម្លាំងតំបន់ ទីហ្គ្រេ និយាយថា ពួកគេកំពុងដាក់សម្ពាធដល់រដ្ឋាភិបាលនៃប្រទេស Ethiopia ឱ្យដកការឡោមព័ទ្ធរយៈពេលមួយខែនៅតំបន់ ទីហ្គ្រេ ដែលមានប្រជាជនប្រហែល៦លាននាក់ចេញ ប៉ុន្តែពួកគេក៏ចង់បានឱ្យលោក អាប៊ីយ ចុះចេញពីអំណាចផងដែរ៕

Share

Image
Image
Image