en     km
en     km

អ្នកនាង ប៉េង សួយ បានសន្ទនាជាមួយប្រធាន គ.អ.អ ប៉ុន្តែគេនៅតែបារម្ភពីគាត់

Share

កីឡាការិនីចិន ប៉េង សួយ ដែលធ្វើឱ្យសហគមន៍អន្តរជាតិព្រួយពីសុខទុក្ខរបស់អ្នកនាង បានប្រាប់គណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅថ្ងៃអាទិត្យថា រូបអ្នកនាងសុខសប្បាយ។ ប៉ុន្តែនៅថ្ងៃចន្ទ អង្គការអន្តរជាតិមួយចំនួនទៀត នៅតែខ្វល់ខ្វាយពីស្ថានភាពរបស់អតីតជើងឯកពិភពលោកផ្នែកកីឡាវាយកូនបាល់នេះ។

សមាគមកីឡាវាយកូនបាល់ផ្នែកនារី នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា បាននិយាយថា ការសន្ទនាតាមប្រព័ន្ធទូរសោតទស្សន៍រវាងកីឡាការិនីចិន គឺអ្នកនាង ប៉េង សួយ និងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (គ.អ.អ) លោក ថូម៉ាស បាច មិនបានដោះស្រាយឬកាត់បន្ថយកង្វល់អំពីសុខុមាលភាពរបស់អ្នកនាងទេ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើ

កន្លែងស្នាក់នៅរបស់អ្នកនាង ប៉េង ដែលជាអតីតជើងឯកពិភពលោកក្នុងកីឡាវាយកូនបាល់ជាគូផ្នែកនារី បានក្លាយជាសេចក្ដីព្រួយជាអន្តរជាតិអស់រយៈពេលជិត៣សប្តាហ៍មកហើយ។ ក្ដីបារម្ភនេះបានកើតឡើងបន្ទាប់ពីអ្នកនាងបានបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយចោទប្រកាន់ថា អតីតឧបនាយករដ្ឋមន្ត្រីចិន ចាង ហ្គោលី បានរំលោភរូបនាង។

យោងតាមរូបថតនិងខ្សែវីដេអូ ដែលផ្សព្វផ្សាយដោយអ្នកសារព័ត៌មានរដ្ឋចិននិងដោយអ្នករៀបចំការប្រកួតកីឡាវាយកូនបាល់ក្នុងប្រទេសចិន អ្នកនាង ប៉េង បានបង្ហាញខ្លួនក្នុងកម្មវិធីទទួលទានអាហារពេលល្ងាចជាមួយមិត្តភ័ក្តិកាលពីថ្ងៃសៅរ៍ និងក្នុងការប្រកួតកីឡាវាយកូនបាល់កុមារនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។

ប៉ុន្តែរូបភាពទាំងនេះ​ពុំបានបំបាត់​កង្វល់អំពីរូបអ្នកនាងទាំងស្រុងទេ។ ស្ត្រីអ្នកនាំពាក្យរបស់សមាគមកីឡាវាយកូនបាល់ផ្នែកនារីបានថ្លែងតាមអ៊ីម៉េលថា «វាជាការល្អដែលឃើញ អ្នកនាង ប៉េង សួយ នៅក្នុងខ្សែវីដេអូថ្មីៗ ប៉ុន្តែឯកសារទាំងនេះមិនបានសម្រាលឬដោះស្រាយការព្រួយបារម្ភរបស់សមាគម អំពីសុខុមាលភាពនិងសមត្ថភាពរបស់អ្នកនាងក្នុងការប្រាស្រ័យទាក់ទងដោយគ្មានការត្រួតពិនិត្យឬការបង្ខិតបង្ខំទេ»។

នៅពេលសួរអំពីការសន្ទនាកាលពីថ្ងៃអាទិត្យតាមប្រព័ន្ធទូរសោតទស្សន៍រវាងអ្នកនាង ប៉េង និងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ស្ត្រីអ្នកនាំពាក្យសមាគមកីឡាវាយកូនបាល់ផ្នែកនារីបានឆ្លើយថា «ខ្សែវីដេអូនេះមិនបញ្ឈប់ការអំពាវនាវរបស់យើង ដើម្បីឱ្យមានការស៊ើបអង្កេតពេញលេញ ដោយយុត្តិធម៌ ដោយតម្លាភាព ដោយគ្មានការត្រួតពិនិត្យ ទៅក្នុងការចោទប្រកាន់របស់អ្នកនាង អំពីការរំលោភផ្លូវភេទ ដែលធ្វើឱ្យយើងព្រួយបារម្ភពីដំបូងឡើយ»។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនាង ប៉េង សួយ បានសន្ទនារយៈពេល៣០នាទីជាមួយ លោក ថូម៉ាស បាច កាលពីថ្ងៃអាទិត្យ។ ក្នុងអំឡុងពេលនោះ អ្នកនាងបាននិយាយថា រូបនាងមានសុវត្ថិភាពនិងសុខសប្បាយនៅឯផ្ទះក្នុងទីក្រុងប៉េកាំង ហើយចង់អោយគេគោរពឯកជនភាពនៃជីវិតរបស់អ្នកនាងសម្រាប់ពេលនេះ។

អ្នកស្រាវជ្រាវអំពីប្រទេសចិននៅអង្គការលើកលែងទោសអន្តរជាតិ លោក អាល់កាន អាកាដ បានប្រាប់ទីភ្នាក់ងារសារព័ត៌មារើយធើថា ការសន្ទនាតាមប្រព័ន្ធទូរសោទស្សន៍សឹងតែមិនបានសម្រាលកង្វល់ចំពោះសុខទុក្ខរបស់អ្នកនាង ប៉េង ទាល់តែសោះ។

«គណៈកម្មាធិការអូឡាំពិកអន្តរជាតិកំពុងចុះក្នុងទឹកដ៏គ្រោះថ្នាក់»។ នេះជាការអះអាងរបស់លោក អាកាដ ដែលបាននិយាយបន្តថា «កាលពីមុន យើងបានឃើញករណីស្រដៀងគ្នាជាច្រើន ដែលនៅក្នុងនោះ គេគ្មានជម្រើសណាផ្សេង ក្រៅពីនិយាយតាមអ្វីដែលគេបានប្រាប់ឱ្យនិយាយប៉ុណ្ណោះ»។

ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើតាមអ៊ីម៉េលកាលពីថ្ងៃច័ន្ទ ដែលសុំអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិខាងលើនោះទេ។

ក្នុងរយៈពេលពីរខែកន្លះមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងមកដល់ ប្រទេសចិនប្រហែលជាបានព្យាយាមលុបបំបាត់មន្ទិលសង្ស័យ ដែលថាអ្នកនាង ប៉េង ត្រូវបានអាជ្ញាធរឃុំខ្លួន ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បាននិយាយថា ប្រទេសរបស់លោកកំពុងពិចារណាលើការធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនោះ។ នេះបើយោងតាមអ្នកវិភាគនានា ដែលបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូ

Share

Image
Image
Image