en     km
en     km

ប្រធានាធិបតី ស៊ី ជីនពិង ប្រាប់មេដឹកនាំអាស៊ានថា ចិនមិនធ្វើ«អនុត្តរភាព»ទេ

Share

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំអាស៊ាន នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកាថា ទីក្រុងប៉េកាំងនឹងមិន«សម្លុត»ប្រទេសជិតខាងដែលតូចជាងខ្លួនទេ។ ប៉ុន្តែប្រទេសហ្វីលីពីនបាននិយាយរម្លឹកដល់ការសម្រេចរបស់អជ្ញាកណ្ដាលអន្តរជាតិនៅឆ្នាំ២០១៦ ដែលពាក់ព័ន្ធនឹងជម្លោះជាមួយប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានរើយធើរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក១០ប្រទេស នៅក្នុងកិច្ចប្រជុំកំពូលមួយនៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកាថា ទីក្រុងប៉េកាំងនឹងមិន«សម្លុត»ប្រទេសជិតខាងក្នុងតំបន់ ដែលតូចជាងខ្លួនទេ។ ការថ្លែងបែបនេះបានធ្វើឡើងនៅពេលដែលភាពតានតឹងកើនឡើងលើបញ្ហាសមុទ្រចិនខាងត្បូង។

ការវាតទីដែនទឹកដោយរដ្ឋាភិបាលទីក្រុងប៉េកាំង លើសមុទ្រចិនខាងត្បូង បង្កឱ្យមានការប៉ះទង្គិចគ្នា ជាមួយប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ និងបានធ្វើឱ្យមានការភ័យព្រួយពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក រហូតដល់រដ្ឋាភិបាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុន។

ប៉ុន្តែប្រធានាធិបតីចិនបាននិយាយថា ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព ពោលគឺភាពខ្ពង់ខ្ពស់លើសលប់លើគេឯងទេ ឬនឹងមិនអាងថាខ្លួនជាប្រទេសធំ មកបង្ខិតបង្ខំប្រទេសតូចៗនោះដែរ។ លោក ស៊ី ជីនពិង បន្តថា ប្រទេសចិននឹងធ្វើការជាមួយអាស៊ាន ដើម្បីលុបបំបាត់«ការជ្រៀតជ្រែក»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានដកស្រង់សម្តីលោក ស៊ី មកផ្សាយថា «ប្រទេសចិនធ្លាប់ជា ជា ហើយតែងតែជាអ្នកជិតខាងល្អ មិត្តល្អ និងជាដៃគូល្អរបស់អាស៊ាន»។

ថ្វីបើមានអះអាងបែបនេះចេញពីមាត់មេដឹកនាំចិនក៏ដោយ ក៏ការវាតទី​ដែនអធិបតេយ្យ​លើ​សមុទ្រ​ចិន​ខាង​ត្បូងដោយប្រទេសចិន ​បានធ្វើឱ្យប្រទេសនេះ​ទាស់គ្នា​នឹង​ប្រទេសសមាជិក​អាស៊ានផ្សេងៗទៀត ក្នុងនោះមានជាអាទិ៍ ប្រទេសវៀតណាមនិងប្រទេស​ហ្វីលីពីន នៅពេលដែលប្រទេស​ព្រុយណេ កោះតៃវ៉ាន់ និងប្រទេស​ម៉ាឡេស៊ី​ក៏​បានទាមទារ​ផ្នែក​ខ្លះនៃសមុទ្រចិនខាងត្បូងនោះ​ដែរ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប្រទេសហ្វីលីពីនបានថ្កោលទោសសកម្មភាពនាវា៣គ្រឿងរបស់ឆ្មាំឆ្នេរសមុទ្រចិន។ ហ្វីលីពីននិយាយថា នាវាចិនទាំងនោះបានរារាំងនិងបានបាញ់ទឹក ទៅលើទូកព័ស្ដុភារបស់ហ្វីលីពីន ដែលធ្វើដំណើរឆ្ពោះទៅកោះផ្កាថ្មក្រោមការកាន់កាប់របស់ហ្វីលីពីន។ មួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃសុក្រ សហរដ្ឋអាមេរិកបាននិយាយថា សកម្មភាពរបស់ចិន«គឺគ្រោះថ្នាក់ ជាការបង្កហេតុ និងមិនមានហេតុផល»។ សហរដ្ឋអាមេរិកក៏បានព្រមានទុកជាមុនដែរថា ការវាយប្រហារដោយអាវុធលើនាវាហ្វីលីពីន នឹងនាំឱ្យសហរដ្ឋអាមេរិកចូលជួយប្រទេសហ្វីលីពីនស្របតាមការប្ដេជ្ញាចិត្តការពារគ្នាទៅវិញទៅមក។

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទែតេ បានប្រាប់កិច្ចប្រជុំកំពូល ដែលសហការរៀបចំដោយប្រទេសចិនថា រូបលោក«ស្អប់ខ្ពើម»ការទែសទែងគ្នាណាស់។ នៅក្នុងកិច្ចប្រជុំដើម្បីរម្លឹកខួប៣០ឆ្នាំនៃភាពជាដៃគូសន្ទនារវាងប្រទេសចិននិងសមាគមអាស៊ាននេះ លោក ឌុយទែតេ បាននិយាយទៀតថា ធម្មាធិបតេយ្យ ពោលគឺការយកច្បាប់ជាធំ គឺជាផ្លូវតែមួយគត់សម្រាប់ចាកចេញពីជម្លោះ។ ប្រធានាធិបតីហ្វីលីពីនរូបនេះបានថ្លែងសំដៅដល់សេចក្តីសម្រេចរបស់អាជ្ញាកណ្តាលអន្តរជាតិ ឆ្នាំ២០១៦  ដែលបានប្រកាសថា ការវាតទីរបស់ចិនលើដែនសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋានផ្លូវច្បាប់ទេ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន រួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។ ប៉ុន្តែកិច្ចប្រជុំកំពូលនៅថ្ងៃចន្ទដដែល បានប្រព្រឹត្តទៅដោយពុំមានតំណាងមកពីប្រទេសមីយ៉ាន់ម៉ាទេ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី សេហ្វ៊ូឌីន អាប់ឌុល្លា។ មូលហេតុនៃការមិនចូលរួមនេះ មិនទាន់ដឹងច្បាស់ភ្លាមៗទេ ហើយអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏មិនបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទសុំអត្ថាធិប្បាយដែរ។ យោងតាមប្រភពការទូត ប្រទេសចិនបានធ្វើការបញ្ចុះបញ្ចូលសមាគមអាស៊ាន ដើម្បីឱ្យលោក មីន អោង លាំង ដែលជាមេដឹកនាំរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា បានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ៕

Share

Image
Image
Image