en     km
en     km

កម្ពុជាក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩

Share

ប្រទេសកម្ពុជាបានក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីលើកទី៥​ ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៩ខាងមុខ ក្រោយពីប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីថ្ងៃអាទិត្យ ។ ក្នុងនោះ យុវជនដែលជាអត្តពលិកប្រមាណជិត ៣០០០ នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡានេះ។

(ភ្នំពេញ)៖ កាលពីថ្ងៃអាទិត្យ ទី២១ ខែ វិច្ឆិកា ឆ្នាំ២០២១ តំណាងកម្ពុជា ក្រោមការដឹកនាំពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះហត្ថលេខារួមគ្នាទទួលសិទ្ធិជាផ្លូវការនៃការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩។

ក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដែលចូលរួមពីបណ្ដារប្រទេសក្នុងតំបន់អាស៊ីជាង៤០ប្រទេស ទាំងអស់គ្នាបានអបអរសាទរកម្ពុជាក្នុងការទទួលបានសិទ្ធជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ជាមួយនិងការមើលឃើញពីការរីកចម្រើនលើវិស័យកីឡា។ ប្រទេសផ្សេងៗក្នុងតំបន់អាស៊ីដែលចូលរួមក្នុងមហាសន្និបាត នឹងប្រើប្រាស់ធនធានយុវជនដែលជាអត្តពលិកអាយុក្រោម១៨ឆ្នាំ មកពីបណ្ដារប្រទេសក្នុងតំបន់អាស៊ីចំនួន៤៥ ក្នុងនោះអត្តពលិកប្រមាណជិត ៣០០០ នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមការប្រកួតប្រជែងក្នុងកីឡាចំនួន១៨ នៅក្នុងព្រឹត្តិការណ៍ “ ប្រកួតកីឡាយុវជនអាស៊ី ” នៅកម្ពុជា។

នៅក្នុងបេសកកម្មអន្តរជាតិនេះ លោកវ៉ាត់ ចំរើន ដែលរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងឱ្យដឹងថា នេះជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ចំពោះការទទួលបានសិទ្ធិជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ នៅក្នុងសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ លោកបន្តថា នេះជាសំណាងរបស់យុវជន និងប្រទេសកម្ពុជាយើង ដែលទទួលបាននូវកិត្តិយស កិត្យានុភាពជាតិពេញមុខពេញមាត់ ពេញសមត្ថភាពនៅលើឆាកអន្តរជាតិ។

សូមរំលឹកថា ការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ត្រូវបានរៀបចំរៀងរាល់ ៤ឆ្នាំម្ដង ដោយមានសមាជិក ៤៥ប្រទេសក្នុងទ្វីបអាស៊ីចូលរួម។ ខណៈការប្រកួតលើកទីមួយឆ្នាំ២០០៩ធ្វើឡើងនៅប្រទេសសិង្ហបុរី លើកទី២ ឆ្នាំ២០១៣ នៅណានជីង ប្រទេសចិន លើកទី៣ឆ្នាំ២០១៧ត្រូវបានខកខានតែគ្រោងនឹងរៀបចំឡើងវិញនៅប្រទេសអ៊ូបេគីស្ថាននាឆ្នាំ២០២៥ លើកទី៤ឆ្នាំ២០២១គ្រោងធ្វើនៅទីក្រុង សានថូវ(Shantou)ប្រទេសចិន តែត្រូវពន្យារពេលមកធ្វើនៅឆ្នាំ២០២២ វិញដោយសារវិបត្តិកូវីដ-១៩ និងលើកទី៥ ឆ្នាំ២០២៩ នឹងធ្វើឡើងក្នុងប្រទេសកម្ពុជាដែលទើបតែជ្រើសតាំងនាពេលថ្មីៗនេះ៕

រូបភាពពី NOCC៖

Share

Image Not Found
Image

ព័ត៌មានទាក់ទង