en     km
en     km

អត្រាភាពក្រីក្រនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស

Share

ប្រជាជនកម្ពុជាចំនួន១៧,៨ភាគរយ នៃប្រជាជនសរុបជិត១៦លាននាក់ កំពុងរស់នៅក្នុងភាពក្រីក្រ ដោយជាមធ្យម ប្រជាជនម្នាក់ៗរកចំណូលបានមិនដល់ ១០ ៩៥១ រៀលផងក្នុងមួយថ្ងៃ។

នេះបើយោងតាមទិន្នន័យរបស់ក្រសួងផែនការ ស្ដីពីខ្សែបន្ទាត់ថ្មីនៃភាពក្រីក្រី និងអត្រាថ្មីនៃភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា ដែលផ្សព្វផ្សាយកាលពីសប្ដាហ៍មុន។

ជាមួយនឹងខ្សែបន្ទាត់ថ្មីនេះ ភាពក្រីក្ររបស់ប្រជាជនកម្ពុជាបានហក់ឡើងជិត១០ភាគរយ បើគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩-២០២០។

យោងតាមទិន្នន័យដែលប្រើនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ភាពក្រីក្ររបស់ប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៨ មាន«ត្រឹមក្រោម១០ភាគរយ»ប៉ុណ្ណោះ។

ឯកឧត្ដម ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ តាមរយៈសារគន្លឹះក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធ ទី១៧ ខែវិច្ឆិកា បានពន្យល់ថា៖
«អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះ ពីការរីករាលដាលនៃមេរោគកូវីដ១៩។»

ឯកឧត្ដមបានបន្តថា កូវីដ១៩ ដែលជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២០មក គឺ
«តាមរយៈការបង្កផលប៉ះពាល់ដល់ប្រព័ន្ធផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការផលិតទំនិញនាំចេញ ការថយចុះការបញ្ជាទិញពីក្រៅប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍»។

ប៉ុន្តែ បើតាមឯកឧត្ដម ផលប៉ះពាល់លើកម្រិតជីវភាពរស់នៅរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្ដើមពីខែមេសា ឆ្នាំ២០២០ នៅពេលដែលវិធានការណ៍រឹតបន្តឹងនានាត្រូវបានអនុវត្ត៕

Share

Image
Image
Image