en     km
en     km

តារាវាយកូនបាល់នារី ប៉េង សួយ បង្ហាញមុខក្នុងរូបថត ចំពេលគេព្រួយពីសុវត្ថិភាព

Share

តារាវាយកូនបាល់នារីចិន គឺអ្នកនាង ប៉េង សួយ ដែលធ្វើឱ្យគេបារម្ភពីសុវត្ថិភាពរបស់អ្នកនាង បន្ទាប់ពីអះអាងថាមានទំនាក់ទំនងស្នេហាជាមួយអតីតឧបនាយករដ្ឋមន្ត្រីចិន បានបង្ហាញមុខក្នុងព្រឹត្តិការណ៍ប្រកួតមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។

តារា​វាយ​កូនបាល់​នារី​ចិន គឺអ្នកនាង ប៉េង សួយ ដែល​បាន​អះអាង​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​ឧបនាយក​រដ្ឋមន្ត្រីចិន បាន​ចូលរួម​ក្នុងការ​ប្រកួតនៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អាទិត្យ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ ដោយផ្អែកតាមរូបថតដែលផ្សាយដោយ​​អ្នក​រៀបចំ​កម្មវិធី​ប្រកួត។

អ្នកនាង ប៉េង ពាក់អាវពណ៌ខៀវចាស់ និងស្លៀកខោពណ៌សឆ្នូតខៀវ បានញញឹម និងគ្រវីដៃរបស់អ្នកនាងនៅឯការប្រកួតវាយកូនបាល់វគ្គផ្ដាច់ព្រ័ត្រក្នុងក្របខណ្ឌ ហ្វ៊ីឡា ឃីដស៍ ជូនៀរ។ នេះបើយោងតាមរូបភាព ផ្សាយក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម វ៉ៃប៉ូ របស់អ្នករៀបចំព្រឹត្តិការណ៍កីឡា ឆាយណា អូភិន។

រូបថតដែលបង្ហាញវត្តមានរបស់អ្នកនាង ប៉េង បានលេចឡើង ស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងជាអន្តរជាតិ អំពីសុវត្ថិភាពរបស់អ្នកនាង ចាប់តាំងពីពេលដែលរូបនាងបានលាតត្រដាងកាលពីដើមខែនេះ នូវទំនាក់ទំនងស្នេហាមិនល្អជាមួយអ្នកនយោបាយជើងចាស់ចិន ឈ្មោះ ចាង ហ្គោលី។

អ្នកនាង ប៉េង បានឈ្នះការប្រកួតវាយកូនបាល់ជាគូផ្នែកនារី ទាំងក្នុងកម្មវិធី វីមប្លឺដុង ទាំងក្នុងកម្មវិធី ហ្វ្រិន អូភិន ដែលជាការប្រកួតដ៏សំខាន់ៗពីរ ក្នុងចំណោមការប្រកួតធំៗទាំងបួនលើពិភពលោក។

ចំណែកឯលោក ចាង វិញ គាត់ធ្លាប់បានបម្រើការងារជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពិង។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បណ្តាញទូរទស្សន៍ ឆាយណា គ្លូបល បានផ្សាយរូបភាពមួយ ដែលខ្លួនបាននិយាយថាជាអ៊ីម៉េលរបស់អ្នកនាង ប៉េង ផ្ញើទៅកាន់លោក ស្ទីវ ស៊ីម៉ុន ដែលជាប្រធានសមាគមកីឡាវាយកូនបាល់ផ្នែកនារី។ ក្នុងសារនោះ អ្នកនាងសរសេរជាភាសាអង់គ្លេសថា «ខ្ញុំមិនបាត់ខ្លួនទេ ហើយក៏មិនមានអសុវត្ថិភាពដែរ។ ខ្ញុំគ្រាន់តែសម្រាកនៅផ្ទះ ហើយអ្វីៗគឺល្អធម្មតា»។

ប៉ុន្តែ​ការ​សង្ស័យ​បាន​កើន​ឡើង​ ត្បិតគេមិនដឹងច្បាស់ថា សារនោះ​ពិត​ជា​សរសេរ​ដោយអ្នក​នាង ប៉េង មែន​ឬយ៉ាងណា។ លោក ស្ទីវ ស៊ីម៉ុន បាននិយាយនៅថ្ងៃអាទិត្យថា «សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ទាក់ទងនឹងអ្នកនាង ប៉េង សួយ កាន់តែបង្កើនសេចក្ដីព្រួយបារម្ភរបស់ខ្ញុំ ចំពោះសុវត្ថិភាពនិងកន្លែងស្នាក់នៅរបស់នាង»៕

Share

Image
Image
Image