en     km
en     km

សកម្មជនបក្សប្រឆាំងអ្នកស្រី ឡាញ់ ថាវរី ត្រូវតុលាការកម្ពុជាឃុំខ្លួ​នបន្ទាប់ពីអាជ្ញាធរថៃបណ្តេញចេញ

Share

ភ្នំពេញ៖ ​អតីត​សកម្មជន​បក្សប្រឆាំងអ្នកស្រី ឡាញ់ ថាវរី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនជាបណ្តុះអាសន្ន បន្ទាប់ពីស្រ្តីរូបនេះត្រូវបានអាជ្ញាធរប្រទេសថៃបណ្តេញចេញពីប្រទេសទាក់ទងករណីច្បាប់អន្តោប្រវេសន៍។ នេះជាការគូសបញ្ជាក់ពីលោក​ឧត្តមសេនីយ៍ឯក​ ឆាយ ​គឹមឃឿន ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការនគរបាលជាតិប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១នេះ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

លោក ឆាយ គឹមឃឿន ប្រាប់វិទ្យុស្រ្តីថា ស្រ្តីសកម្មជនអតីតគណបក្សសង្គ្រោះជាតិគឺអ្នកស្រី ឡាញ់ ថាវរី ត្រូវបានអាជ្ញាធរនៃប្រទេសថៃបានបណ្តេញចេញពីប្រទេស ព្រោះស្រ្តីរូបនេះមានពាក់ព័ន្ធករណីផ្លូវច្បាប់អន្តោប្រវេសន៍របស់ប្រទេសថៃ។ ដោយឡែកការចាប់ខ្លួនស្រ្តីរូបនេះដោយអាជ្ញាធរកម្ពុជា ព្រោះស្រ្តីរូបនេះមានដីកាចាប់ខ្លួនជាយូរណាស់មកហើយពីបទរួមគំនិតក្បត់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បញ្ជាក់បន្ថែមថា បច្ចុប្បន្នស្រ្តីរូបនេះត្រូវបានតុលាការរាធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្តុះអាសន្ននៅពន្ធនាគារ។

លោក ឆាយ គឹម ឃឿន ថ្លែងក្នុងសិក្ខាសាលាស្ដីពី«ការអនុវត្តវិជ្ជាជីវ: និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

 

អ្នកស្រី ឡាញ់ ថាវរី ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់​​ខ្លួននិងបណ្តេញចេញកាលពីថ្ងៃទី១៩ខែវិច្ឆិកា និងបញ្ជូន​មក​ឱ្យ​អាជ្ញាធរ​កម្ពុជាកាលពី​ថ្ងៃទី២០ ខែវិច្ឆិកា។

ការចាប់ខ្លួនអ្នកស្រី ឡាញ់ ថាវរី ​ បន្ទាប់ពីស្រ្តីរូបនេះបានធ្វើសកម្មភាពដើរប្រមូលស្នាមមេដៃពលករនៅម្ដុំផ្ទះជួលរបស់គាត់ក្នុងប្រទេសថៃ ដើម្បីប្រឆាំងនឹងការលក់ឡៃឡុងទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះ។​

ស្រ្តីរូបនេះ ជាអតីតមេឃុំ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​នៅ​ឃុំឬស្សី​ក្រោក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មានជ័យ កាលពីឆ្នាំ២០១៧។ អ្នកស្រី ឡាញ់ ថាវរី បាន​​រស់​​នៅ​​ភៀស​ខ្លួន​​ក្នុង​​ប្រទេស​​ថៃ​​ជាង ៤ឆ្នាំ ​​និង​ត្រូវ​​បាន​​ទទួល​​ស្គាល់​​ឋានៈ​​ជា​​ជន​​ភៀស​​ខ្លួន​​ដោយ​​ឧត្ដម​​ស្នង​ការ​​អង្គការ​​សហប្រជា​ជាតិ​​ទទួល​​បន្ទុក​​ជន​​ភៀស​ខ្លួន​(UNHCR)​ប្រចាំ​នៅ​​ប្រទេស​ថៃផងដែរ។

ទាក់ទងរឿងនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch -HRW) ស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវការចាប់បញ្ជូន ជនភៀសខ្លួននៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ ដោយចាត់ទុកករណីនេះថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។​

លោក  Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch)ប្រចាំតំបន់អាស៊ី   ​ បានសរសេរសារនៅលើបណ្តាញសង្គមធ្វីតធ័ររបស់លោកនៅចុងសប្តាហ៍នេះថា ជនភៀសខ្លួនខ្មែរ អ្នកស្រី ឡាញ់ ថាវរី ដែល​ទទួលស្គាល់ដោយអង្គការ UNHCR ត្រូវប្រឈមនឹងជាប់ពន្ធនាគារ ដោយសារតែអាជ្ញាធរអន្តោប្រវេសន៍ថៃចាប់បញ្ជូនខ្លួនអ្នកស្រីត្រឡប់មកកម្ពុជាវិញ។ ​លោកថាសកម្មភាពរបស់អាជ្ញាធរថៃ និងកម្ពុជានេះ បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

សូមរំលឹកថា អ្នក​ស្រី ឡាញ់ ថាវរី ​ធ្លាប់​ចូល​រួម​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស​គាំទ្រ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ឆ្នាំ​២០១៩។ ស្រី្តរូបនេះ ត្រូវ​បានតុលាការ​ចោទ​ប្រកាន់​​ក្នុង​សំណុំ​រឿង រួម​គំនិត​ក្បត់ ជា​មួយ​ថ្នាក់​ដឹង​នាំ និង​សកម្មជន​គណបក្សសង្គ្រោះជាតិ​ជាង​ ១ រយ​នាក់​​ផ្សេង​ទៀត។

​ស្រ្តីសកម្មជនបក្សប្រឆាំងរូបនេះ ត្រូវបានអាជ្ញាធរ​​ថៃ​​​​​​ចាប់​​ខ្លួន​និងបណ្តេញចេញកាល​​ពី​ថ្ងៃទី១៩ ខែវិច្ឆិកា និងបាន​បញ្ជូន​​ទៅ​​កម្ពុជា​​វិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពី​ព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា។  ការចាប់ខ្លួននេះ ធ្វើឡើង​ក្រោយអាជ្ញាធរ​​ថៃ​ទើប​តែ​បាន​​ចាប់​​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរនាក់ផ្សេងទៀត ​ដែល​មាន​ឋានៈ​ជា​​ជន​​ភៀស​ខ្លួន គឺ​លោក វឿង សំណាង និង​លោក វឿន វាសនា ហៅ​​គ្រញូង​​ព្រៃ​​ឡង់ បញ្ជូន​​ទៅ​ឱ្យ​​អាជ្ញាធរកម្ពុជា៕

Share

Image
Image
Image