អង្គការនីតិប្បញ្ញត្តិថៃ នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា បានទម្លាក់ចោលសេចក្តីព្រាងច្បាប់មួយ ដែលមានបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
អង្គការនីតិប្បញ្ញត្តិថៃ នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា បានទម្លាក់ចោលសេចក្តីព្រាងច្បាប់មួយ ដែលមានបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើ។
នៅក្នុងសេចក្ដីព្រាងច្បាប់នោះ ក្រុមអ្នកគាំទ្របានស្វែងរកការលុបចោលឬកែទម្រង់ស្ថាប័នសំខាន់ៗ ដែលពួកគេបាននិយាយថា ស្ថាប័នទាំងនោះត្រូវបានមេដឹកនាំយោធាប្រើប្រាស់ដោយបំពាន។
សមាជិកទាំងឡាយ ដែលចូលរួមក្នុងសម័យប្រជុំរួមគ្នារបស់រដ្ឋសភានិងព្រឹទ្ធសភា បានបោះឆ្នោតដោយសំឡេង៤៧៣ទល់នឹង២០៦ ដើម្បីច្រានចោលសេចក្តីព្រាងច្បាប់នោះ ខណៈដែលមានការបោះឆ្នោតអនុប្បវាទចំនួន៦សំឡេង។
វាជាសេចក្ដីព្រាងច្បាប់ដែលអំពាវនាវឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីធានាឱ្យមានការបែងចែកអំណាចរដ្ឋឱ្យបានច្បាស់លាស់។
រដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ប្រទេសថៃត្រូវបានអនុម័តក្នុងរបបយោធាកាលពីឆ្នាំ២០១៧។
រដ្ឋាភិបាលថៃនៅតែស្ថិតក្រោមការដឹកនាំរបស់មេដឹកនាំរដ្ឋប្រហារក្នុងឆ្នាំ២០១៤។ ពួកគេបានបន្តកាន់អំណាច បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ដែលក្រុមអ្នកប្រឆាំងនិយាយថាត្រូវបានរៀបចំឡើងតាមការចង់បានរបស់យោធា។
នាយករដ្ឋមន្ត្រីថៃ ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដែលជាមេដឹកនាំរដ្ឋប្រហារ បានបដិសេធការអះអាងបែបនេះ។
សេចក្តីព្រាងច្បាប់ដែលត្រូវបានសភាច្រានចោលខាងលើ គាំទ្រដោយអ្នកផ្ដួចផ្ដើមធ្វើចំនួន១៣ម៉ឺននាក់ មានបំណងលុបចោលអាសនៈទាំង២៥០ក្នុងព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយរបបយោធា។ វាក៏ទាមទារឱ្យរៀបចំរចនាសម្ព័ន្ធតុលាការធម្មនុញ្ញនិងស្ថាប័នរដ្ឋសំខាន់ៗឡើងវិញដែរ។
ក្រុមអ្នករិះគន់រដ្ឋាភិបាល រួមទាំងចលនាតវ៉ាដ៏សម្បើមដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនផង បាននិយាយថា លទ្ធិប្រជាធិបតេយ្យត្រូវបានបំផ្លាញដោយយោធានិងសម្ព័ន្ធមិត្តរាជានិយមរបស់ពួកគេ ដែលមានឥទ្ធិពលលើស្ថាប័នឯករាជ្យ។
ចាប់តាំងពីឆ្នាំ 2019 មក មានសេចក្តីព្រាងច្បាប់ចំនួន២១ត្រូវបានស្នើទៅសភា ដើម្បីទាមទារឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ក្នុងចំណោមនោះមានតែសេចក្ដីព្រាងច្បាប់មួយប៉ុណ្ណោះដែលបានអនុម័ត។ សេចក្ដីព្រាងច្បាប់ដែលបានឆ្លងផុតសភានោះមានគោលបំណងការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត។
សមាជិកសភាដែលគាំទ្ររដ្ឋាភិបាល បានការពាររដ្ឋធម្មនុញ្ញ ដោយពួកគេបានគូសបញ្ជាក់ជាថ្មីថា វាត្រូវបានអនុម័តដោយប្រជាមតិ ហើយថា រដ្ឋប្រហារគឺជាការចាំបាច់ ដើម្បីដោះស្រាយវិបត្តិនយោបាយ។
ប្រទេសថៃបានឃើញរដ្ឋធម្មនុញ្ញចំនួន២០ និងរដ្ឋប្រហារចំនួន១៣ដង ចាប់តាំងពីការបញ្ចប់របបរាជានិយមផ្តាច់ការក្នុងឆ្នាំ១៩៣២មក៕
—
យោង៖ https://www.reuters.com/world/asia-pacific/thai-lawmakers-reject-bill-aimed-weakening-militarys-political-role-2021-11-17/