ជនទេសន្តរប្រវេសន៍ ដែលភាគច្រើនមកពីប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសអ៊ីរ៉ាក់ បានព្យាយាមឆ្លងដែនចូលអឺរ៉ុប តែត្រូវបានបង្ក្រាបដោយអាជ្ញាធរប៉ូឡូញ។ នេះជាវិបត្តិមួយដែលកំពុងឡើងកម្ដៅ។
កងកម្លាំងសន្តិសុខនៃប្រទេសប៉ូឡូញ នៅថ្ងៃអង្គារ បានបាញ់ទឹកបង្ក្រាបជនចំណាកស្រុកទាំងឡាយ ដែលគប់ដុំថ្មមកលើពួកគេនៅតាមបណ្ដោយព្រំដែនជាប់ប្រទេសបេឡារុស។
អង្គការណាតូបានគូសបញ្ជាក់ការគាំទ្ររបស់ខ្លួនជាថ្មី ចំពោះរដ្ឋាភិបាលទីក្រុងវ៉ាសូវីនៃប្រទេសប៉ូឡូញ ទាក់ទងនឹងវិបត្តិដែលទុកឱ្យមនុស្សរាប់ពាន់នាក់ជាប់គាំងនៅតាមព្រំដែនក្នុងអាកាសធាតុត្រជាក់។
ខ្សែវីដេអូដែលផ្សាយដោយអាជ្ញាធរប៉ូឡូញ បង្ហាញថា ជនទេសន្តរប្រវេសន៍ក៏បានគប់ដបនិងអង្កត់អុសរំលងរបងលួសបន្លានៅតាមព្រំដែន ព្រមទាំងបានប្រើដំបងដើម្បីព្យាយាមទម្លុះទម្លាយព្រំដែន។
នៅក្នុងអំពើហឹង្សានោះ នគរបាល៧នាក់បានរបួស។
នេះជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃវិបត្តិដែលសហភាពអឺរ៉ុបនិយាយថា ប្រទេសបេឡារុស ជាសម្ព័ន្ធមិត្តមួយរបស់រុស្ស៊ី បានរៀបចំឡើង ជាការសងសឹកចំពោះទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរឿងបង្រ្កាបការតវ៉ាបែបនយោបាយ។ ប៉ុន្តែ ការចោទប្រកាន់បែបនេះ ត្រូវបានរដ្ឋាភិបាលទីក្រុងមីននៃប្រទេសបេឡារុស ច្រានចោល។
បច្ចុប្បន្ន ជនទេសន្តរប្រវេសន៍ចំនួនរហូតដល់៤ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់និងប្រទេសអាហ្វហ្គានីស្ថាន កំពុងរង់ចាំក្នុងព្រៃដ៏រងាររឹងថ្គាម នៅតាមព្រំដែនដែលមិនត្រឹមតែជារបស់ប្រទេសប៉ូឡូញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជាយដែនរបស់សហភាពអឺរ៉ុប និងរបស់អង្គការណាតូដែលជាសម្ព័ន្ធមិត្តយោធារបស់បស្ចិមលោកដែរ។
ប្រទេសលីទុយអានីនិងប្រទេសឡេតូនី ដែលជាសមាជិករបស់អង្គការណាតូនិងរបស់សហភាពអឺរ៉ុប ដូចប្រទេសប៉ូឡូញដែរ ក៏បានរាយការណ៍ពីការកើនឡើងយ៉ាងគំហុកនៃការប៉ុនប៉ងរបស់ជនចំណាកស្រុក ដើម្បីឆ្លងព្រំដែនពីប្រទេសបេឡារុស ចូលក្នុងប្រទេសទាំងពីរដែរ គិតចាប់តាំងពីរដូវក្តៅមក។
អំឡុងពេលមានវិបត្តិនៅតាមព្រំដែន យ៉ាងហោចណាស់ជនចំណាកស្រុក៨នាក់បានស្លាប់។ មរណជនម្នាក់ ដែលជាបុរសជនជាតិស៊ីរីអាយុ១៩ឆ្នាំ ត្រូវបានគេបញ្ចុះនៅថ្ងៃអង្គារ នៅក្នុងភូមិមួយប៉ែកឦសាននៃប្រទេសប៉ូឡូញ៕
—
យោង៖ https://www.reuters.com/world/europe/poland-turns-water-cannon-migrants-crisis-stokes-east-west-tension-2021-11-16/